(ភ្នំពេញ)៖ នៅក្នុងដំណើរទស្សនកិច្ចរយៈពេល១ថ្ងៃមកកាន់កម្ពុជារបស់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនេះជាដំណើរបំពេញទស្សនកិច្ចផ្លូវការលើកដំបូងរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលនៃប្រទេសថៃ។ យ៉ាងណាមិញក្នុងដំណើរទស្សនកិច្ចនេះប្រទេសទាំង២ មានគោលបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការពហុវិស័យ ក្រោមស្មារតី "ពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព”។ ក្នុងនោះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា នាជំនួបរវាង សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានពិភាក្សានិងឯកភាពគ្នាលើរឿងធំៗនិងសំខាន់ៗចំនួន៥នេះ ក្នុងកិច្ចពិភាក្សាគ្រប់ជ្រុងជ្រោយ៖
១. នាយករដ្ឋមន្ត្រីទាំងពីរបាន ឯកភាពប្រគល់ភារកិច្ចឱ្យអាជ្ញាធរពាក់ព័ន្ធប្រើប្រាស់យន្តការមានស្រាប់ប្រកបដោយប្រសិទ្ធភាព និង រិះរកនូវឱកាស ប្រកបដោយសក្តានុពលបន្ថែម ដើម្បីបង្កើនទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែន សំដៅសម្រេចបាននូវគោលដៅពាណិជ្ជកម្មទំហំ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥។
២. ដោយប្រជាជនភាគច្រើននៃប្រទេសទាំងពីរជាកសិករ នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ ធ្ងន់លើការផ្លាស់ប្ដូរនូវជំនាញកសិកម្ម រួមទាំងការគ្រប់គ្រងទឹកជំនន់និងគ្រោះរាំងស្ងួត។ បន្ថែមពីនេះកម្ពុជាក៏បានស្នើភាគីថៃឱ្យផ្ដល់ទីផ្សារកាន់តែទូលំទូលាយជាងនេះ សម្រាប់ផលិតផលកសិកម្មនានាពីកម្ពុជា។
៣. ភាគីទាំងពីរបានស្វាគមន៍ចំពោះការដាក់ឱ្យដំណើរការរួមគ្នានៃប្រព័ន្ធទូទាត់ប្រាក់ឆ្លងកាត់ព្រំដែនតាមរយៈ (KH-QR) ដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក និងសម្រួលដល់វិស័យ ទេសចរណ៍និងពាណិជ្ជកម្ម។
ភាគីទាំងពីរបានភ្ជាប់សារៈសំខាន់ចំពោះវិស័យសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងក្នុងការ គាំទ្រការស្ដារសង្គម-សេដ្ឋកិច្ច ការលុបបំបាត់ភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព។
៤. ចំពោះវិស័យទេសចរណ៍ នាយករដ្ឋមន្ត្រីទាំងពីរ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធអនុវត្តឱ្យ មានប្រសិទ្ធភាពនូវផែនការសកម្មភាពរួមស្ដីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ ឆ្នាំ២០២៣- ២០២៥ និងជំរុញបន្ថែមទៀតនូវលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ និងមកពីប្រទេសទីបី ស្របតាមពាក្យស្លោក “ព្រះរាជាណាចក្រពីរ គោលដៅតែមួយ”។ ឯកឧត្តមនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានគាំទ្រសំណើរបស់កម្ពុជា សម្រាប់ការបង្កើនជើងហោះហើរ ជាពិសេសផ្តោតលើទី ក្រុងធំៗលំដាប់ទីពីរ។
៥. ដោយឡែកចំពោះវិស័យការងារ សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ ដែលបានយកចិត្តទុកដាក់ចំពោះសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។
ឯកឧត្តមនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានសង្កត់ធ្ងន់ ថាពលករកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃ។ ដូច្នេះ រាជរដ្ឋាភិបាលថៃ នឹងយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ពួកគាត់។
តបតាមសំណើរបស់ សម្ដេចធិបតី ឯកឧត្ដម នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន នឹងពិចារណាដោយយកចិត្តទុកបំផុតចំពោះសំណើឱ្យមាននីតិវិធីអន្តោប្រវេសន៍និងការសម្រួលនៅតាមព្រំដែនឲ្យបានប្រសើរជាងមុន ព្រមទាំងពន្លឿននីតិវិធីបង្កើតអគ្គកុងស៊ុលកម្ពុជានៅក្នុង ខេត្តសុងក្លា ដើម្បីពង្រីក សេវាកុងស៊ុលជូនប្រជាពលរដ្ឋកម្ពុជាដែលធ្វើការនិងស្នាក់នៅ ក្នុងភាគខាងត្បូងនៃប្រទេសថៃ។
ក្រៅពីនេះភាគីទាំងពីរក៏បានប្តេជ្ញាចិត្តសហការយ៉ាងជិតស្និទ្ធក្នុង ការទប់ស្កាត់និងបង្ក្រាបសកម្មភាពខុសច្បាប់ ជំងឺឆ្លង និងព័ត៌មានក្លែងក្លាយ ព្រមទាំងជួយគ្នាទៅវិញទៅ មកក្នុងការសង្គ្រោះពេលមានគ្រោះមហន្ដរាយធម្មជាតិ។ នាយករដ្ឋមន្ត្រីទាំងពីរ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តសកម្មភាពដោះមីន នៅ តាមព្រំដែន សំដៅពង្រឹងវិធានការសុវត្ថិភាព ដើម្បីការពារប្រជាពលរដ្ឋ និងសន្តិសុខជាតិ។
បន្ទាប់ពីកិច្ចពិភាក្សាគ្រប់ជ្រុងជ្រោយបញ្ចប់ នាយករដ្ឋមន្ត្រីទាំងពីរ បានអញ្ជើញចូលរួមក្នុងពិធី ប្រគល់-ទទួល «មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត» នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមជម្រាបផងដែរថា មជ្ឈមណ្ឌលនេះ ផ្តល់ជូនជនរងគ្រោះដោយអំពើជួញដូរមនុស្សនូវសេវាគាំពារនិងស្តារនីតិសម្បទា រួមទាំងកន្លែង ស្នាក់នៅបណ្ដោះអាសន្ន ម្ហូបអាហារ ការថែទាំសុខភាព ការព្យាបាល ការអប់រំ ការបណ្តុះបណ្ដាល វិជ្ជាជីវៈ និងជំនាញរស់នៅសម្រាប់សុវត្ថិភាព ដោយគ្មានការរើសអើង៕