(កៀវ)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denis Shmyhal បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកត្រូវការនាំចេញ ៧៥ ភាគរយ នៃដំណាំកសិកម្មរបស់ខ្លួន ពីការប្រមូលផលនៅឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទីអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២៣។
លោក Shmyhal ត្រូវបានដកស្រង់សម្តីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដូច្នេះថា «ប្រហែល ២៥ភាគរយ នៃគ្រាប់ធញ្ញជាតិដែលប្រមូលបាន គឺគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុករបស់យើង ហើយយើងត្រូវការនាំចេញដែលនៅសល់»។
លោកបានបន្ថែមថា អ៊ុយក្រែនកំពុងពឹងផ្អែកលើការនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួន តាមរយៈបណ្តាប្រទេសសហភាពអឺរ៉ុប និងកំពង់ផែទន្លេ Danube ក៏ដូចជាតាមរយៈ «ច្រករបៀងគ្រាប់ធញ្ញជាតិថ្មី»។
គួរបញ្ជាក់ថា យោងតាមអាជ្ញាធរ កសិករអ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងប្រមូលផលគ្រាប់ធញ្ញជាតិ និងគ្រាប់ប្រេងបានជាង ៧៩ លានតោននៅឆ្នាំ ២០២៣ ពោលគឺកើនឡើង ១០ ភាគរយធៀបនឹងឆ្នាំមុន៕