ខណៈដែលប្រទេសចិនប្រារព្ធខួបលើកទី១០នៃការចាប់ផ្តើមគម្រោងហេដ្ឋារចនាសម្ព័ន្ធសាកលរបស់ខ្លួនឈ្មោះគំនិតផ្តួចផ្តើមក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិន (BRI) ទិន្នន័យថ្មីបង្ហាញថា ការផ្តល់ប្រាក់កម្ចីដល់អាហ្វ្រិកបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត ២ ទសវត្សរ៍នេះ។
ការស្រាវជ្រាវមួយដែលបានចេញផ្សាយដោយអ្នកស្រាវជ្រាវនៃគំនិតផ្តួចផ្តើមចិនក្នុងសាកលលោករបស់សាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកបានថ្លែងថា ជំងឺរាតត្បាត វិបត្តិសេដ្ឋកិច្ចក្នុងស្រុក ការផ្លាស់ប្តូរគោលនយោបាយ និងការព្រួយបារម្ភអំពីបំណុលអាហ្រ្វិកស្ថិតក្នុងចំណោមហេតុផលនានាដែលធ្វើឱ្យការផ្តល់ប្រាក់កម្ចីក្នុងឆ្នាំ២០២១ និង២០២២ បានធ្លាក់ចុះក្រោម២ពាន់លានដុល្លារជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមគម្រោង BRI មក។
ការស្រាវជ្រាវបានរកឃើញថា នៅចម្លោះឆ្នាំ២០០០ និង២០២២ អ្នកផ្តល់ប្រាក់កម្ចីចិនបានផ្តល់ប្រាក់កម្ចីចំនួន១៧០ពាន់លានដុល្លារទៅឱ្យទ្វីបអាហ្រ្វិកដែលជាដៃគូ BRI ដ៏សំខាន់មួយរបស់ចិន។ ប៉ុន្តែបន្ទាប់ពីឈានដល់ចំណុចកំពូលក្នុងឆ្នាំ២០១៦ ដែលមានទឹកប្រាក់ជាង២៨ពាន់លានដុល្លារ ការផ្តល់ប្រាក់កម្ចីដល់ទ្វីបអាហ្រ្វិកមានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។
នៅឆ្នាំ២០២១ ប្រទេសចិនបានផ្តល់ប្រាក់កម្ចីចំនួន១,២២ពាន់លានដុល្លារដល់ទ្វីបអាហ្រ្វិក ហើយកាលពីឆ្នាំមុនមានតែប្រាក់កម្ចីចំនួន៩ ប៉ុណ្ណោះដែលមានទឹកប្រាក់ចំនួន៩៩៤,៤៨ លានដុល្លារត្រូវបានចុះហត្ថលេខា។
អ្នកស្រី Oyintarelado Moses អ្នកស្រាវជ្រាវនាំមុខបានប្រាប់ VOA តាមសារអ៊ីមែលថា៖ «និន្នាការបង្ហាញថា ប្រាក់កម្ចីជាមធ្យម និងចំនួនកំពុងថយចុះ ហើយការកំណត់គោលនយោបាយនៅក្នុងប្រទេសចិនក៏កំពុងផ្លាស់ប្តូរផងដែរ ដែលនាំឱ្យយើងរំពឹងថា ការផ្តល់ប្រាក់កម្ចីក្នុងទ្រង់ទ្រាយធំលើស ៥០០ លានដុល្លារនឹងមានតិចជាងមុន។
ក្នុងពេលជាមួយគ្នានេះ គោលនយោបាយថ្មីតូច និងស្រស់ស្អាតដែលកើតចេញពីប្រទេសចិនកំពុងបង្ហាញថា ប្រាក់កម្ចីដែលមានទឹកប្រាក់តិចនឹងមានច្រើនជាងមុន»។
អ្នកស្រី Moses សំដៅទៅលើអ្វីដែលប្រធានាធិបតីចិន លោក Xi Jinping បានហៅវិធី សាស្រ្ត«តូចនិងស្រស់ស្អាត» របស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលមានគោលបំណងផ្លាស់ប្តូរពីការវិនិយោគលើគម្រោងធំៗ ដូចជាផ្លូវដែក និងផ្លូវល្បឿនលឿនដើម្បីផ្តោតលើប្រាក់កម្ចីតូចៗដែលមានឥទ្ធិពលសង្គមនិងបរិស្ថាន។
និន្នាការមួយទៀតដែលការសិក្សាបានរកឃើញថា ខណៈដែលការផ្តល់ប្រាក់កម្ចីពីមុនភាគច្រើនត្រូវបានផ្តល់ទៅប្រទេសអាហ្វ្រិកខាងកើត និងខាងត្បូងនៅឆ្នាំ២០២១/២២ មានការផ្លាស់ប្តូរទៅអាហ្វ្រិកខាងលិចវិញ ដោយប្រទេសដូចជាសេណេហ្គាល់ បេណាំង និងកូតឌីវ័រទទួលបានប្រាក់ភាគច្រើន។
អ្នកស្រី Moses បានថ្លែងថា នេះគឺដោយសារតែ «ជាប្រវត្តិសាស្ត្រ ប្រទេសទាំងនេះបានខ្ចីប្រាក់ពីប្រទេសចិនតិចជាងប្រទេសផ្សេង ដូច្នេះប្រទេសចិនបានផ្តល់ប្រាក់កម្ចីតិចជាងដល់ប្រទេសទាំងនេះ»។ អ្នកស្រីបានកត់សម្គាល់ថា ប្រទេសនៅក្នុងតំបន់ផ្សេងទៀតនៃទ្វីបអាហ្រ្វិកដែលពីមុនបានខ្ចីប្រាក់ច្រើនបច្ចុប្បន្នកំពុងវ័ន្តកនឹងបញ្ហាបំណុល។
ការសិក្សាបានរកឃើញថា អ្នកផ្តល់ប្រាក់កម្ចីរបស់ចិនក៏អាចមានការប្រុងប្រយ័ត្នជាងមុនផងដែរ បន្ទាប់ពីប្រទេសអាហ្រ្វិកមួយចំនួនដូចជា សំប៊ីខកខានអនុវត្តកាតព្វកិច្ចពាក់ព័ន្ធនឹងបំណុលរបស់ខ្លួន ឬមានការលំបាកក្នុងការសងប្រាក់ ដែលនាំឱ្យមានការចោទប្រកាន់ពីប្រទេសលោកខាងលិចអំពីការផ្តល់ប្រាក់កម្ចីគ្មាននិរន្តរភាព។
ការសិក្សាបានរកឃើញថាចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២២ ប្រាក់កម្ចីជាច្រើនសម្រាប់គម្រោងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាមេរូន ហ្គាណា និងសំប៊ី ត្រូវបានលុបចោលបន្ទាប់ពីការចរចាបរាជ័យ។
ក្នុងអំឡុងពេលដូចគ្នានោះ ប្រាក់កម្ចីថ្មីត្រូវបានផ្តល់ឱ្យទៅវិស័យផ្សេងៗដែលធំទូលាយជាងឆ្នាំមុន បើទោះបីជាវិស័យដឹកជញ្ជូននៅតែជាវិស័យមានភាពលេចធ្លោក៏ដោយ។
មិនមានការវិនិយោគថ្មីនៅក្នុងគម្រោងថាមពលទេ ដែលជាវិស័យនៅអាហ្រ្វិកដែលទាក់ទាញបានប្រាក់កម្ចីច្រើនបំផុតកាលពីមុន។
អ្នកនិពន្ធនៃការស្រាវជ្រាវនេះគិតថា ប្រទេសចិននឹងបន្តស្វែងរកគម្រោងបៃតងបន្ថែមទៀត ដើម្បីផ្តល់មូលនិធិ បន្ទាប់ពីបានសន្យាថា នឹងធ្វើឱ្យគម្រោង BRI មាន«លក្ខណៈបៃតង» និងបញ្ចប់ការផ្តល់ហិរញ្ញប្បទានដល់គម្រោងធ្យូងថ្មនៅបរទេស។
ហេតុផលផ្សេងទៀតសម្រាប់ការថយចុះការផ្តល់ប្រាក់កម្ចីមានជាប់ទាក់ទងនឹងការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន៕