សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានប្រកាសពីវិធានការប្រឆាំងនឹងក្រុមហ៊ុន និងប្រជាជនចិនដែលជួញដូរថ្នាំហ្វេតានីល (fentanyl) ចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិកដោយខុសច្បាប់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ ងារសារព័ត៌មានរ៉យទ័រ។
អគ្គមេធាវីអាមេរិក លោក Merrick Garland បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា៖ «នៅទីនេះ ថ្ងៃនេះ ដោយថ្លែងសារក្នុងនាមរដ្ឋាភិបាលសហរដ្ឋអាមេរិក យើងដឹងថាអ្នកណាជាអ្នកទទួលខុសត្រូវចំពោះការបំពុលប្រជាជនអាមេរិកដោយសារធាតុហ្វេតានីល»។
លោកបន្តថា៖ «យើងដឹងថាខ្សែចង្វាក់ផ្គត់ផ្គង់ហ្វេតានីលសកល ដែលចុងក្រោយធ្វើឱ្យពលរដ្ឋអាមេរិកាំងស្លាប់ជារឿយៗ ចាប់ផ្តើមឡើងពីក្រុមហ៊ុនគីមីនៅក្នុងប្រទេសចិន»។
ហ្វេតានីល គឺជាសារធាតុគីមីដែលប្រើសម្រាប់ផលិតអាភៀនសំយោគដ៏មានឥទ្ធិពល ដែលជំរុញឱ្យមានការកើនឡើងនៃការស្លាប់ដោយការប្រើប្រាស់ថ្នាំលើសកម្រិតនៅអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ក្រោយវិធានការប្រឆាំងនឹងការជួញដូរថ្នាំប្រភេទនេះ ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា ខ្លួនបានដាក់ទណ្ឌកម្មលើមនុស្សចំនួន ២៨ នាក់ និងអង្គភាព ដែលពាក់ព័ន្ធជាមួយនឹងការរីករាលដាលជាអន្តរជាតិនៃការជួញដូរឬគ្រឿងញៀនខុសច្បាប់ រួមទាំងបណ្តាញដ៏ធំមួយមានមូលដ្ឋាននៅចិន។
វាគឺជាការកំណត់គោលដៅលើចិនចុងក្រោយបង្អស់ដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ទាក់ទងនឹងបញ្ហាថ្នាំហ្វេតានីល ខណៈអាមេរិកកំពុងស្វែងរកការទប់ស្កាត់ការនាំចូលថ្នាំប្រភេទនេះ។
ជាមួយគ្នានេះផងដែរ ក្រសួងយុត្តិធម៌អាមេរិកក៏បានបើកបង្ហាញពីការកាត់ទោសចំនួន៨សំណុំរឿង ដែលចោទប្រកាន់ក្រុមហ៊ុនមានមូលដ្ឋាននៅចិនចំនួន ៨ និងបុគ្គលិករបស់ក្រុមហ៊ុនទាំងនោះចំនួន ១២ នាក់ ពីបទឧក្រិដ្ឋកម្មទាក់ទងនឹងការផលិតហ្វេតានីល និងមេតំហ្វេតាមីន ការចែកចាយថ្នាំអាភៀនសំយោគ និងការលក់សារធាតុគីមីនេះ។
ជុំវិញបញ្ហាទាក់ទងនឹងក្រុមហ៊ុនចិនជួញដូរ និងផលិតហ្វេតានីលដោយខុសច្បាប់ រដ្ឋាភិបាលចិនតែងចេញមុខច្រានចោល។ ជាថ្មីម្ដងទៀត ក្នុងការប្រតិកម្មទៅនឹងចំណាត់ការចុងក្រោយរបស់អាមេរិក លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ប្រទេសចិន បានថ្កោលទោសយ៉ាងខ្លាំងចំពោះចំណាត់ការកាលពីថ្ងៃអង្គារ ដោយបន្ថែមថា រដ្ឋាភិបាលចិនប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ប្រឆាំងគ្រឿងញៀន៕