Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាទទួលបានគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន១៧៥ ទុនវិនិយោគ១ ៨០០លានដុល្លារ

Media LNN | Oct 07, 2023
កម្ពុជាទទួលបានគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន១៧៥ ទុនវិនិយោគ១ ៨០០លានដុល្លារ
Clinic narith

 

(ភ្នំពេញ)៖ ក្នុងរយៈពេល៩ខែឆ្នាំ២០២៣នេះ កម្ពុជាទទួលបានគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម​ចំនួន ១៧៥ ក្នុងទុនវិនិយោគ ១ ៨០០លានដុល្លារ កើនឡើង ៤៣គម្រោង បើធៀបនឹងកាលពីឆ្នាំ២០២២។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាន​ឱ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២៣នេះ ខ្លួនបានអនុម័តឱ្យក្រុមហ៊ុនវិនិ​យោគលើគម្រោងថ្មីចំនួន ១៩១គម្រោង ក្នុងទុនវិនិយោគ ៣.៧ពាន់លានរៀល ក្នុងនោះគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មមានចំនួន ១៧៥គម្រោង ទុនវិនិយោគ ១.៨ ពាន់លានដុល្លារ កើនឡើង៤៣គម្រោង បើធៀបនឹង​កាលពីឆ្នាំ២០២២ ដែលមាន១៣២គម្រោង។

គម្រោងធំដែលគួរឱ្យកត់សម្គាល់ គឺគម្រោងបង្កើតរោងចក្រផលិតដែក គ្រប់ប្រភេទរបស់ក្រុមហ៊ុន HUALE STELL ដែលមានទីតាំងវិនិយោគស្ថិត ក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ ក្នុងទុនវិនិយោគចំនួន៤០លានដុល្លារ និងអាចបង្កើតការងារបាន ៥២៣កន្លែង។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអោយដឹងថា នេះជាសញ្ញាល្អមួយ ដែលកម្ពុជាទទួលបានគម្រោងវិនិយោគ ក្នុងវិស័យឧស្សាហកម្មកើនឡើង ក្នុងពេលដែលសេដ្ឋកិច្ចសកលមិនទាន់មានភាពល្អប្រសើរ​ ​ដែលបង្ហាញពី​ភាពទាក់ទាញ​របស់កម្ពុជា ចំពោះវិនិយោគិនបរទេស​ និងការទាក់ទាញវិនិយោគិនរបស់ថ្នាក់ដឹកនាំក្នុងអាណត្តិនេះ។

​លោកសង្កេតឃើញថា គម្រោងវិនិយោគ​មួយចំនួន គឺផ្នែកកម្មន្តសាល មិនមែនកាត់ដេរ ដូចជារោងចក្រដំឡើងរថយន្ត រោងចក្រអេឡិចត្រូនិច រោងចក្រផលិតសំបកកង់រថយន្ត ផលិតកង់​ ​និងគ្រឿងបង្គុំផ្សេងៗជាដើម។ គម្រោងវិនិយោគកម្មន្តសាលមិនមែនកាត់ដេរ គឺជាការវិនិយោគដែល​ជួយដល់ការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ឱ្យមានភាពរឹងមាំ មាននិរន្តភាព។

មួយគ្នានេះ ​ការវិនិយោគទៅលើឧស្សាហកម្មរ៉ែ និងកសិ-ឧស្សាហកម្ម ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។

លោកបន្ថែមថា តាមរយៈដំណើរទស្សនកិច្ច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅក្រៅប្រទេសផ្សេងៗ ដែលបានជួបជាមួយបណ្តាវិនិយោគិនផ្សេងៗ នឹងអាចទាក់ទាញទុនវិនិយោគពីក្រៅប្រទេសបន្ថែម។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញម៉ាស៊ីន និងគ្រឿងបង្គុំផ្សេងៗ ក្នុងទំហំទឹកប្រាក់ ២.១ពាន់លានដុល្លារ កើនឡើង៩៨.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២៕