Alynana Media Cambodia
Icon Collap
clinic narit

ហេតុអ្វីជប៉ុនតាមបញ្ចុះបញ្ចូលកាណាដា និងអូស្ត្រាលី សម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី?

Media LNN | Oct 07, 2023
ហេតុអ្វីជប៉ុនតាមបញ្ចុះបញ្ចូលកាណាដា និងអូស្ត្រាលី សម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី?
Clinic narith

ប្រទេសជប៉ុន កំពុងសម្លឹងមើលប្រទេសកាណាដា និងអូស្ត្រាលី សម្រាប់សម្ភារសំខាន់ៗ ដែលប្រើប្រាស់ក្នុងថ្មរថយន្តអគ្គិសនី ខណៈដែលគោលនយោបាយរបស់សហរដ្ឋអាមេរិក ជំរុញឱ្យក្រុមហ៊ុននានា ធ្វើការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេដោយងាកចេញពីប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។

ដើម្បីបង្ហាញថា ជាសញ្ញាអាទិភាពមួយ ដែលទីក្រុងតូក្យូកំពុងផ្ដោតលើបញ្ហានេះ លោក យ៉ាស៊ូតូស៊ី នីស៊ីមូរ៉ា (Yasutoshi Nishimura) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ជប៉ុនបានទៅទស្សនកិច្ចប្រទេសកាណាដា កាលពីចុងខែមុននេះ។

ដើម្បីចុះហត្ថលេខាលើអនុស្សរណៈមួយស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការកសាងខ្សែច្រវាក់ផ្គត់ផ្គង់យានយន្តអគ្គិសនីដោយប្រទេសទាំង២ នឹង ផ្តល់ការឧបត្ថម្ភធនរបស់រដ្ឋាភិបាលដល់ក្រុមហ៊ុនជប៉ុន ដែលចង់ចូលទៅរកស៊ីនៅប្រទេសកាណាដា ដើម្បីបង្កើតប្រភពនៃសម្ភារផលិតថ្មរថយន្តអគ្គិសនីដូចជាសារធាតុនីកែល ឬលីចូមជាដើម។

វាជាលើកដំបូងហើយនៅក្នុងរយៈពេលជិត១០ឆ្នាំមកនេះ ដែលរដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន បានទៅទស្សនកិច្ចនៅកាណាដា ហើយវាកាន់តែមិនធម្មតាទៅទៀត ដែល លោក នីស៊ីមូរ៉ា បានជួបមិនត្រឹមតែជាមួយរដ្ឋមន្ត្រី១រូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួបរដ្ឋមន្ត្រីកាណាដា ចំនួន៣រូបទៀត រួមទាំងរដ្ឋមន្ត្រីក្រសួងច្នៃប្រឌិត វិទ្យាសាស្ត្រ និងឧស្សាហកម្មផងដែរ។

មន្ត្រីដែលអមដំណើរគណៈប្រតិភូជប៉ុនបានប្រាប់ Nikkei Asia ថា ការបញ្ចុះបញ្ចូលឱ្យរដ្ឋមន្ត្រីកាណាដាចំនួន៤រូបមកជួបប្រជុំគ្នានៅកន្លែងតែមួយ វាគឺជាសុបិន្តដ៏អាក្រក់មួយសម្រាប់ផ្នែកភស្តុភារ។

នាយកប្រតិបត្តិមកពីក្រុមហ៊ុន Panasonic Energy ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ឱ្យក្រុមហ៊ុន Tesla និងមកពីក្រុមហ៊ុន Prime Planet Energy & Solutions ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Toyota Motor បានអមដំណើរជាមួយលោក នីស៊ីមូរ៉ា ហើយក្រុមហ៊ុនទាំង២នេះ បានប្រកាសថា នឹងសហការជាមួយក្រុមហ៊ុនកាណាដា សម្រាប់ការផ្គត់ផ្គង់ដ៏មានសក្តានុពលនៃសារធាតុនីកែល និងក្រាហ្វ៊ីត (Graphite) ដែលសារធាតុទាំង២នេះ គឺសុទ្ធតែសំខាន់សម្រាប់ផលិតថ្មរថយន្តអគ្គិសនី។

ទន្ទឹមនឹងនេះ ប្រទេសជប៉ុនក៏កំពុងខិតទៅរកប្រទេសជិតខាងនៅក្នុងសមុទ្រប៉ាស៊ីហ្វិករបស់ខ្លួន គឺប្រទេសអូស្ត្រាលីផងដែរ។ តំណាងមកពីប្រទេសទាំង២បានជួបប្រជុំគ្នាកាលពីខែមិថុនា បន្ទាប់ពីនោះមកពួកគេបានយល់ព្រមរៀបចំកិច្ចប្រជុំនាពេលខាងមុខទៀត ដើម្បីពិភាក្សាស្ដីពីការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់រ៉ែសំខាន់ៗ ដែល«មិនចាំបាច់ពឹងអាស្រ័យលើប្រទេសចិន»។ នេះបើយោងតាមមន្ត្រី ជប៉ុនដែលត្រួតពិនិត្យគោលនយោបាយធនធានរ៉ែរបស់រដ្ឋាភិបាល។

លោក នីស៊ីមូរ៉ា បាននិយាយថា ប្រទេសកាណាដា និងអូស្ត្រាលី គឺជាដៃគូដ៏ល្អមួយ ខណៈដែលពួកគេកំពុងចែករំលែកការប្រុងប្រយ័ត្នដូចគ្នាប្រឆាំងនឹងប្រទេសចិន។ ទាក់ទងនឹងចិននេះដែរ គណៈកម្មការអឺរ៉ុប បានចាប់ផ្ដើមជាផ្លូវការហើយនូវការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនលើការនាំចូលរថយន្តអគ្គិសនីមកពីប្រទេសចិន កាលពីថ្ងៃពុធ ទី៤ ខែតុលា ក្រោយពីបានប្រកាសថា នឹងធ្វើបែបនេះកាលពីថ្ងៃទី១៣ ខែកញ្ញា។

ការស៊ើបអង្កេតនេះនឹងផ្ដោតសំខាន់មុនគេថា តើខ្សែច្រវាក់តម្លៃរថយន្តអគ្គិសនីនៅក្នុងប្រទេសចិនទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធនខុសច្បាប់ ឬស្របច្បាប់ និងថា តើការឧបត្ថម្ភធននេះនឹង បណ្តាលឱ្យ ឬគំរាមកំហែងដល់ការបង្ករបួសស្នាមដល់សេដ្ឋកិច្ចដល់អ្នកផលិតរថយន្តអគ្គិសនីរបស់សហភាពអឺរ៉ុបដែរឬយ៉ាងណា។

ប្រសិនបើចំណុចទាំង២នេះបង្ហាញការពិត ការស៊ើបអង្កេតនឹងបន្តពិនិត្យទៅលើផលវិបាក និងផលប៉ះពាល់នៃវិធានការលើអ្នកនាំចូល និងអ្នកប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងសហភាពអឺរ៉ុប។ ដោយផ្អែកលើការរកឃើញនៃការស៊ើបអង្កេតទាំងនេះ គណៈកម្មការនឹងវាយតម្លៃថា តើសហភាពអឺរ៉ុបត្រូវដោះស្រាយផលប៉ះពាល់នៃការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ ដែលបានរកឃើញដោយការដាក់ពន្ធប្រឆាំងនឹងការឧបត្ថម្ភធនលើការនាំចូលរថយន្តអគ្គិសនីពីប្រទេសចិនដែរឬទេ៕