លុយអ៊ីស្រាអែលធ្លាក់ថ្លៃយ៉ាងគំហុក! ធនាគារកណ្ដាលអ៊ីស្រាអែលបង្ខំចិត្តលក់ទុនបម្រុងអន្តរជាតិ៣០ពាន់លាន$ ដើម្បីរក្សាតម្លៃលុយខ្លួនក្រោយពីក្រុមហាម៉ាសរបស់ប៉ាឡេស្ទីនបានបើកការវាយប្រហារតាមរយៈគ្រាប់Rocket បានធ្វើឲ្យប្រទេសអ៊ីស្រាងអែលរងផលប៉ះពាល់ខ្លាំងដោយក្នុងនោះពលរដ្ឋអ៊ីស្រាអែលប្រមាណ៧០០នាក់បានស្លាប់ ចំណែក ផ្សារភាគហ៊ុន មូលបត្របំណុលធ្លាក់ចុះយ៉ាងខ្លាំង ហើយអាជីវកម្មជាច្រើនត្រូវបិទទ្វាររកស៊ីលែងបានអំឡុងពេលវាយប្រហារ។
អ្វីដែលជាបញ្ហានោះគឺលុយShekel ដែលជារូបិយប័ណ្ណជាតិរបស់អ៊ីស្រាអែលបានធ្លាក់ថ្លៃយ៉ាងគំហុកពោលគឺធ្លាក់ថ្លៃទាបបំផុតក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះក្រោយពីក្រុមហាម៉ាសបើកការវាយប្រហារប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។
បើយោងតាមការចុះផ្សាយរបស់ CNBC បានឲ្យដឹងថានៅព្រឹកថ្ងៃច័ន្ទនេះ ធនាគារកណ្ដាលរបស់អ៊ីស្រាអែលបានសម្រេចលក់ទុនបម្រុងអន្តរជាតិ(Foreign Reserves) របស់ខ្លួនចំនួន៣០ពាន់លានដុល្លារដើម្បីយកទៅទប់តម្លៃលុយជាតិរបស់ខ្លួនដែលកំពុងធ្លាក់ថ្លៃយ៉ាងខ្លាំងបើធៀបនឹងប្រាក់ដុល្លារ។
បើតាមសេចក្ដីប្រកាសធនាគារកណ្ដាលរបស់អ៊ីស្រាអែលបានឲ្យដឹងថា ធនាគារកណ្ដាលនឹងប្រតិបត្តិការនៅក្នុងទីផ្សារដើម្បីរក្សាអត្រាប្ដូរប្រាក់Shekel ដែលកំពុងមានការប្រែប្រួលខ្លាំង ជាពិសេសដើម្បីផ្ដល់នូវសន្ទីយភាពដើម្បីឲ្យអត្រាប្ដូរប្រាក់ដំណើរការរលូននៅលើទីផ្សារ។
លុយShekel របស់អ៊ីស្រាអែលបានធ្លាក់ថ្លៃប្រមាណជា២%ធៀបនឹងប្រាក់ដុល្លារអាមេរិក ដោយត្រូវបានគេជួញដូរា៣.៩០ក្នុងមួយដុល្លារដែលជាចំណុចធ្លាក់ថ្លៃទាបបំផុតក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ។
ធនាគារកណ្ដាលអ៊ីស្រាអែលនឹងធ្វើការត្រួតពិនិត្យ និងតាមដានទីផ្សារយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីធ្វើអន្តរាគមន៍ទៅលើតម្លៃលុយជាតិដែលកំពុងធ្លាក់ថ្លៃ។ លោក Zvi Eckstein អតីតទេសាភិបាលធនាគារកណ្ដាលរបស់អ៊ីស្រាអែលបានឲ្យដឹងថាប្រសិនពីគ្មានការវាយប្រហារពីប្រទេសផ្សេងៗទៀតមកលើអ៊ីស្រាអែលទេនោះ សេដ្ឋកិច្ចរបស់អ៊ីស្រាអែលនឹងត្រលប់មកធម្មតាវិញត្រឹមតែរយៈពេល១សប្ដាហ៍ប៉ុណ្ណោះ៕