រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្គាលែនត៍ បាននិយាយថា លោកបានបញ្ជាឱ្យធ្វើការឡោមព័ទ្ធតំបន់ហ្គាហ្សាស្រ្ទីបទាំងស្រុង។
លោកបានធ្វើសេចក្តីថ្លែងការណ៍ខាងលើនេះបន្ទាប់ពីការវាយតម្លៃមួយនៅទីបញ្ជាការផ្នែកខាងត្បូងរបស់ IDF ក្នុងក្រុង Beersheba។
លោក ហ្គាលែនត៍ បាននិយាយថា «ខ្ញុំបានបញ្ជាឱ្យមានការឡោមព័ទ្ធទាំងស្រុងទៅលើតំបន់ហ្គាហ្សាស្ទ្រីប។ វានឹងមិនមានអគ្គិសនី គ្មានអាហារ គ្មានប្រេងឥន្ធនៈ ហើយអ្វីៗទាំងអស់ត្រូវបានកាត់ផ្តាច់»។
លោកបាននិយាយបន្ថែមថា «យើងកំពុងប្រយុទ្ធប្រឆាំងនឹងសត្វមនុស្ស ហើយយើងកំពុងចាត់វិធានការទៅតាមនោះ»។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ីស្រាអែលដែលដកស្រង់ដោយកាសែត The Times of Israel បានឱ្យដឹងថា ជនជាតិអ៊ីស្រាអែលជាង ៧០០នាក់បានស្លាប់ចាប់តាំងពីមានការវាយប្រហារកាលពីថ្ងៃសៅរ៍មក។
យោងតាមរដ្ឋាភិបាលអ៊ីស្រាអែលបានឱ្យដឹងថា មនុស្សជាង ២.០០០នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ។
ការិយាល័យសារព័ត៌មានរដ្ឋាភិបាល ដែលជាស្ថាប័នដែលប្រតិបត្តិការនៅក្រោមការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា ចំនួនចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សាមានចំនួនជាង ១០០នាក់។
អ្នកនាំពាក្យកំពូលរបស់កងកម្លាំងការពារអ៊ីស្រាអែល ឧត្តមនាវីទោ ដានីញែល ហាហ្គារី បាននិយាយថា កងទ័ពអ៊ីស្រាអែលបានគ្រប់គ្រងទីក្រុងទាំងអស់មកវិញហើយនៅព្រំដែនហ្គាហ្សា។
លោក ហាហ្គារី បាននិយាយថា ភេរវករចំនួន ៣នាក់ត្រូវបានសម្លាប់ដោយទាហាននៅក្នុងក្រុមប្រឹក្សាតំបន់ Shaar Hanegev ។ យោងតាមរូបលោកបានឱ្យដឹងថា មនុស្សម្នាក់ត្រូវបានសម្លាប់នៅ Be'eri ៥នាក់ត្រូវបានសម្លាប់នៅ Holit និង Sufa និង ៤នាក់ត្រូវបានសម្លាប់នៅ Alumim ។ លោក ហាហ្គារី បាននិយាយថា បច្ចុប្បន្ននេះមិនមានការវាយប្រយុទ្ធគ្នានៅក្នុងទីក្រុងណាមួយទេ៕