Alynana Media Cambodia
Icon Collap
clinic narit

ចំនួនអ្នកស្លាប់ក្នុងសង្គ្រាមអ៊ីស្រាអែល កើនលើសពី១.៦០០នាក់ ពុំមានសញ្ញាធូរស្រាលឡើយ

Admin Alynana | Oct 10, 2023
ចំនួនអ្នកស្លាប់ក្នុងសង្គ្រាមអ៊ីស្រាអែល កើនលើសពី១.៦០០នាក់ ពុំមានសញ្ញាធូរស្រាលឡើយ
Clinic narith

អុីស្រាអែល ៖ រដ្ឋាភិបាលអ៊ីស្រាអែល សន្យាថានឹងតាមប្រមាញ់ក្រុមសកម្មប្រយុទ្ធហាម៉ាស បន្ទាប់ពីបានធ្វើការឡោមព័ទ្ធទាំងស្រុងលើតំបន់ហ្គាហ្សា ស្ទ្រីប បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីចុងសប្តាហ៍ពីក្រុមហាម៉ាស ហើយចំនួនអ្នកស្លាប់សរុបបានកើនឡើងលើសពី ១.៦០០នាក់ហើយ ព្រមទាំងសំណង់រាប់រយទីតាំងត្រូវបានបំផ្លាញ។ 

បណ្តាញព័ត៌មានទូរទស្សន៍អ៊ីស្រាអែល បានរាយការណ៍ថា ការវាយប្រហាររបស់ពួកហាម៉ាស បានឆក់យកជីវិតប្រជាជនអ៊ីស្រាអែលជាង ៩០០នាក់ និងមនុស្សយ៉ាងហោចណាស់ ២.៦០០នាក់បានរងរបួស។ យោងតាមរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Eli Cohen បានឲ្យដឹងថា ជនជាតិអ៊ីស្រាអែលជាង ១០០នាក់ ក៏ត្រូវបានចាប់ខ្លួនជាចំណាប់ថ្នូរផងដែរ។

អ៊ីស្រាអែល ដែលបានប្រកាសសង្គ្រាមជាផ្លូវការ បានធ្វើការសងសឹកក្រុមហាម៉ាសជាមួយនឹងការវាយប្រហារតាមអាកាសទៅលើតំបន់ហ្គាហ្សា ដែលមនុស្សយ៉ាងតិច ៦៨៧នាក់បានស្លាប់ និងមនុស្សជាង ៣៧២៦នាក់បានរងរបួស នេះបើតាមការរាយការណ៍របស់សារព័ត៌មាន រ៉យទ័រ ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារសុខាភិបាលតំបន់ហ្គាហ្សា។ ស្ថានការណ៍កាន់តែតានតឹងឡើង ដោយក្រុមប្រដាប់អាវុធហេសបូឡា ដែលមានមូលដ្ឋាននៅលីបង់ បានបាញ់គ្រាប់រ៉ុកែតចូលទៅក្នុងទឹកដីជម្លោះភាគខាងជើងរបស់អ៊ីស្រាអែល ហើយអ៊ីស្រាអែលក៏បានវាយបកវិញផងដែរ។

ដោយមានការប្រកាសសង្គ្រាម កងទ័ពអ៊ីស្រាអែលបានប្រមូលទ័ពបម្រុងប្រហែល ៣០០.០០០នាក់ ហើយបានធ្វើការឡោមព័ទ្ធតំបន់នេះ ដោយកាត់ផ្ដាច់ស្បៀងអាហារ ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ថាមពល ដែលបង្កឱ្យមានការព្រួយបារម្ភអំពីការវាយលុកតាមដីគោក ដែលអាចកើតមាននៅក្នុងតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន AP ដោយដកស្រង់សម្តីរបស់យោធាបានឲ្យដឹងថា អ៊ីស្រាអែលបានបាញ់ទម្លាក់គោលដៅជាង ១.០០០ទីតាំងនៅតំបន់ហ្គាហ្សា ហើយការវាយប្រហារតាមអាកាសរបស់ខ្លួនក៏បានកម្ទេចផ្នែកជាច្រើននៃតំបន់ Beit Hanoun ដែលត្រូវបានប្រើប្រាស់ជាទីតាំងសម្រាប់ការវាយប្រហារផងដែរ៕