Alynana Media Cambodia
Icon Collap
clinic narit

រាជរដ្ឋាភិបាល៖ សហគ្រាសធុនតូច និងមធ្យមដែលស្ម័គ្រចិត្តចុះបញ្ជី នឹងត្រូវបានលើកលែងបំណុលពន្ធ និងការផាកពិន័យនានា

Admin Alynana | Oct 10, 2023
រាជរដ្ឋាភិបាល៖ សហគ្រាសធុនតូច និងមធ្យមដែលស្ម័គ្រចិត្តចុះបញ្ជី នឹងត្រូវបានលើកលែងបំណុលពន្ធ និងការផាកពិន័យនានា
Clinic narith

សម្តេចធិបតី បានថ្លែងថា ចំពោះម្ចាស់សហគ្រាសធុនតូច និងមធ្យមដែលចូលរួមស្ម័គ្រចិត្ត ក្រៅពីការលើកលែងការផាកពិន័យបំណុល និងការលើកចិត្តខាងពន្ធដារ សហគ្រាសតូច និងមធ្យមនឹងទទួលបានលទ្ធភាពក្នុងការបណ្តុះបណ្តាលនានា ពាក់ព័ន្ធនឹងការអភិវឌ្ឍ ការគ្រប់គ្រងសហគ្រាស ការបណ្តុះបណ្តាលដល់បុគ្គលិក និងកម្មករ នៅក្នុងសហគ្រាស ដើម្បីលើកកម្ពស់សមត្ថភាពផលិតផល និងសហគ្រាសកាន់តែរឹងមាំបន្ថែម។ លើសពីនេះ ក៏ទទួលបាននូវហិរញ្ញប្បទាន ជាមួយនឹងអត្រាការប្រាក់សមរម្យពីធនាគាររដ្ឋផងដែរ និងសម្រាប់អ្នកដែលប្រកបរបរខ្លួនឯង ដូចជា អ្នករត់ម៉ូតូកង់៣ អ្នកលក់ដូរតាមផ្លូវ រដ្ឋនឹងផ្តល់ជូននូវការថែទាំសុខភាពដោយឥតគិតថ្លៃ តាមរយៈមូលនិធិសមធម៍សុខាភិបាល(បណ្ណក្រីក្រ)និងថែមទាំងទទួលបានការបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃ និងប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ។

image-144

សូមបញ្ជាក់ថា សម្តេចធិបតី ក៏បានដាក់ចេញគោលការណ៍អនុគ្រោះ ៩ចំណុច ចំពោះសហគ្រាសធុនតូច និងមធ្យម ដែលស្ម័គ្រចិត្តចុះឈ្មោះអាជីវកម្ម រួមមាន៖

១,ផ្តល់ការលើកលែងការផាកពិន័យនឹងបំណុលទាំងអស់នៅក្នុងឆ្នាំ២០២៣-២០២៨(៥ឆ្នាំ) ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក

២, ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសមីក្រូ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តនៅក្នុងឆ្នាំ២០២៣-២០២៨ ដោយលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាព។

៣, ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តនៅក្នុងឆ្នាំ ២០២៣-២០២៨ តាមរយៈ(១) ការលើកលែងពិន័យទោសទណ្ឌ និងបំណុលពន្ធ ចំពោះការមិនបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី (២) លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនឹងកម្រៃសេវាធ្វើបច្ចុប្បន្នភាពនៅពេលចុះបញ្ជី (៣) លើកលែងពន្ធលើប្រាក់បំណុល និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមាសម្រាប់២ឆ្នាំក្រោយការចុះបញ្ជី។

៤, ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុន និងមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤- ២០២៥ តាមរយៈ (១) លើកលែងពិន័យទោសទណ្ឌ នឹងបំណុលពន្ធ ចំពោះការមិនពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី (២) លើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូលពន្ធអប្បបរមាសម្រាប់រយៈពេល២ឆ្នាំ ក្រោយការចុះបញ្ជី។

៥, ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្ត ក្នុងឆ្នាំ២០២៤- ២០២៥ តាមរយៈការលើកលែងការបង់ពន្ធប៉ាតង់ សម្រាប់រយៈពេល២ឆ្នាំ បន្ទាប់ពីទទួលបានការសម្រេចចុះបញ្ជី

៦, កាត់បន្ថយថ្លៃសេវាសម្រាប់ការផ្ដល់សេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាស និងការចុះបញ្ជិកាសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន និងសៀវភៅបើកប្រាក់ខែសម្រាប់សហគ្រាសដែលមានចំនួនកម្មករនិយោជិតតិចជាង៨នាក់

៧, ពង្រឹងយន្តការស្វ័យត្រួតពិនិត្យ និងពង្រឹងការអនុវត្តយន្តការក្រុមអធិការកិច្ចអន្តរក្រសួង នៅថ្នាក់ជាតិដើម្បីធានាការចុះធ្វើអធិការរួមគ្នាក្នុងពេលតែមួយ និងមួយលើកក្នុងមួយឆ្នាំ

៨, រៀបចំការត្រួតពិនិត្យ និងការធ្វើការរួមគ្នាក្នុងពេលតែមួយ នឹងតែមួយលើកក្នុងមួយឆ្នាំនៅថ្នាក់ក្រោមជាតិ សម្រាប់គ្រប់សហគ្រាសដែលបានឬមិនទាន់បានចុះបញ្ជី ឬស្នើប័ណ្ណឬលិខិតអនុញ្ញាតផ្សេងៗ

និង៩, រៀបចំបង្កើតបទដ្ឋានគតិយុត្តក្របខណ្ឌយន្តការ ដែលមានសកម្មភាពស្របច្បាប់ ជាសហគ្រាសធុនមីក្រូ និងតូច ដោយភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗដូចជា ការលើកលែងការបង់ថ្លៃសេវារដ្ឋបាលនានា សម្រាប់រយៈពេល៥ឆ្នាំជាដើម៕