ការនាំចេញកង់របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានប្រមាណ៤២៤លានដុល្លារអាម៉េរិក នារយៈពេល៩ខែមកនេះ។ ប៉ុន្តែ ការនាំចេញនេះបានធ្លាក់ចុះដល់ ៤២,៨៥ភាគរយ បើធៀបនឹង គ្រាដូចគ្នាកាលឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ដែលទទួលបានពីលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ការនាំចេញកង់របស់កម្ពុជាធ្លាក់ចុះបែបនេះ ដោយសារតែកម្លាំងបញ្ជាទិញពីបណ្តាប្រទេសនានា បានរងផលប៉ះពាល់ ពីវិបត្តិសេដ្ឋកិច្ច និងសង្រ្គាមរវាងរុស្សី-អ៊ុនក្រែន។ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះបន្តដូច្នេះ៖ «សព្វថ្ងៃ ប្រទេសដែលជាគោលដៅទីផ្សារកង់របស់យើង គឺពួកគេបានសម្រុកទិញស្បៀងអាហារ ជាជាងទិញសម្ភារប្រើប្រាស់។ យើងដឹងច្បាស់ហើយថា កង់ គឺមិនមែនជាប្រភេទទំនិញ ឬសម្ភារចាំបាច់ទេ។ ដូច្នេះហើយបានការនាំចេញរបស់យើងធ្លាក់បែបនេះ»។
ដ្បិត ក្នុងរយៈពេល៩ខែមកនេះ ការនាំចេញរបស់កម្ពុជាបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្តី ប៉ុន្តែលោក ប៉ែន សុវិជាតិ រំពឹងថាការនាំចេញនេះ នឹងល្អប្រសើរឡើងវិញនៅដំណាច់ឆ្នាំ២០២៣។ លោកឡើងបែបនេះ ក៏ព្រោះរៀងរាល់ឆ្នាំចាប់ពីខែតុលា ដល់ខែធ្នូ ជារដូវកាលប្រទេសនៅតំបន់អឺរ៉ុបប្រារព្ធបុណ្យណូអែល និងពិធីបុណ្យប្រពៃណីផ្សេងៗដែលមានការបញ្ជាទិញកង់ច្រើនពីកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានា សម្រាប់ធ្វើអំណោយជូនគ្នាទៅវិញទៅមក។ លោក សុវិជាតិ បន្ថែមយ៉ាងខ្លីថា៖ «ក្នុងខែតុលានេះ យើងបានការបញ្ជាទិញកង់ច្រើនជាងរាល់ខែពីទីផ្សារគោលដៅរបស់យើង»។
បច្ចុប្បន្ន កម្ពុជាបាននាំចេញកង់ទៅជាង ៥០ ប្រទេសជុំវិញពិភពលោក។ ប្រទេសដែលនាំចូលកង់ពីកម្ពុជាច្រើនជាងគេ មានសហរដ្ឋអាម៉េរិក អាល្លឺម៉ង់ អង់គ្លេស ជប៉ុន ចិន ប្រទេសក្នុងតំបន់អាស៊ាន ប៊ែលហ្ស៊ិក ហូឡង់ អូទ្រីស ស៊ុយអែត ដាណឺម៉ាក អូស្ត្រាលី និងកាណាដា...ជាដើម។ កង់ក្លាយជាផលិតផលនាំចេញសំខាន់មួយរបស់កម្ពុជា ក្រៅពីសម្លៀកបំពាក់ ស្បែកជើង និងកាបូប។
កាលឆ្នាំ ២០២២ ការនាំចេញកង់ពីកម្ពុជាទៅទីផ្សារអន្តរជាតិ មានទឹកប្រាក់ ៩៦៦,៧៥ លានដុល្លារ កើនជាង ៤៨ ភាគរយបើធៀបឆ្នាំ ២០២១។ គិតត្រឹមឆ្នាំ ២០២២ កម្ពុជាមានរោងចក្រកង់ចំនួន ៥ កំពុងដំណើរការ ដោយមានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ខេត្តស្វាយរៀង៕