Alynana Media Cambodia
Icon Collap
clinic narit

តើបញ្ហាសង្គ្រាមនៅអ៊ីស្រាអែលពេលនេះ អាចជាឱកាសសម្រាប់កម្ពុជាបង្កើនការនាំចេញផលិតផលស្បៀងដែរ ឬទេ?

Media LNN | Oct 11, 2023
តើបញ្ហាសង្គ្រាមនៅអ៊ីស្រាអែលពេលនេះ អាចជាឱកាសសម្រាប់កម្ពុជាបង្កើនការនាំចេញផលិតផលស្បៀងដែរ ឬទេ?
Clinic narith

ជុំវិញបញ្ហាសង្រ្គាមដែលកំពុងកើតមានឡើងនៅអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស និងប៉ាឡេស្ទីននៅពេលនេះ ក្រុមអ្នកជំនាញ អះអាងថា ចង់ឬមិនចង់វានឹងប៉ះពាល់ទៅដល់ការធ្វើសេដ្ឋកិច្ចពាណិជ្ជកម្មនៅលើពិភពលោកទាំងមូល។ ស្របពេលដែលកម្ពុជា ជាប្រទេសផលិតស្បៀងសម្រាប់នាំចេញ បញ្ហាសង្រ្គាមនៅអ៊ីស្រាអែលពេលនេះ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម អះអាងថា វាក៏អាចក្លាយទៅជាឱកាសសម្រាប់កម្ពុជាក្នុងការពង្រីកទីផ្សារផលិតផលស្បៀងរបស់ខ្លួនផងដែរ ប្រសិនបើតម្រូវការស្បៀងនៅតំបន់នោះមានការកើនឡើង។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ការផ្ទុះសង្រ្គាមនៅអ៊ីស្រាអែល នាពេលនេះ ចង់ឬមិនចង់វានឹងប៉ះពាល់ទៅដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ដ្បិតកម្ពុជា ជាប្រទេសនាំចេញ ដូច្នេះតែងតែរំពឹងចង់បាននូវបរិយាកាសសេដ្ឋកិច្ចល្អ ដើម្បីទទួលបានការបញ្ជាទិញ។ ទោះយ៉ាងណា ក្នុងកាលៈទេសៈនេះ ឯកឧត្តម ប៉ែន សុវិជាតិ អះអាងថា វាក៏ជាឱកាសមួយរបស់កម្ពុជា ក្នុងការពង្រីកទីផ្សារផលិតផលស្បៀងរបស់ខ្លួន ប្រសិនបើសម្រូវការស្បៀងនៅតំបន់នោះកើនឡើង ក៏ប៉ុន្តែនៅក្នុងការធ្វើពាណិជ្ជកម្មសកល ប្រទេសនាំចេញតែងតែត្រូវការឱ្យបរិយាកាស​​ធុរកិច្ចពិភពលោកមានភាពស្ងប់សុខផងដែរ។

បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ បញ្ហាសង្រ្គាមនៅអ៊ីស្រាអែលនាពេលនេះ មិនបានប៉ះពាល់ខ្លាំងដល់កិច្ចពាណិជ្ជកម្មរវាងកម្ពុជា និងអ៊ីស្រាអែលនោះទេ ដ្បិតកន្លងមកទំហំពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល មានទំហំតិចតួចប៉ុណ្ណោះ។ ប៉ុន្តែ អ្វីដែលជាការព្រួយបារម្ភនោះ ឯកឧត្តម ប៉ែន សុវិជាតិ បញ្ជាក់ថា គឺការអាចរីករាលដាលសង្រ្គាមនៅក្នុងតំបន់នោះជាបន្តបន្ទាប់ ដែលវាអាចនឹងជះឥទ្ធិពលដល់ពិភពលោក និងកម្ពុជាដោយប្រយោលផងដែរ។

ជុំវិញបញ្ហានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជ្យបណ្ឌិតសភាកម្ពុជា យល់ឃើញថា សង្រ្គាមកំពុងកើតឡើងនៅអ៊ីស្រាអែលនេះ ក៏អាចជាឱកាសសម្រាប់កម្ពុជាបង្កើនការនាំចេញផលិតផលកសិកម្មផងដែរ ដ្បិតក្រៅពីអាវុធ និងសម្ភារយោធា ស្បៀងដើរតួនាទីសំខាន់ណាស់នៅពេលមានសង្រ្គាមកើតឡើង ហើយតម្រូវការស្បៀងពីខាងក្រៅក៏ជាការចាំបាច់ផងដែរ។ លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា ស្របពេលដែលកម្ពុជា ជាប្រទេសមានសន្តិភាព និងអំណោយផលលើការផលិតស្បៀងសម្រាប់នាំចេញនោះ ការបង្កើននូវការផលិតស្បៀងរបស់កម្ពុជា ប្រាកដណាស់វានឹងអាចជាឱកាសសម្រាប់បង្កើនការនាំចេញបន្ថែម ទៅកាន់ប្រទេសដែលមានតម្រូវការទាំងនោះ។ តាមអ្នកជំនាញរូបនេះ ទោះបីសង្រ្គាមនៅអ៊ីស្រាអែល ជាសង្រ្គាមរវាងប្រទេសតូចៗនៅមជ្ឈិមបូព៌ាក្តី ប៉ុន្តែវាក៏អាចជះឥទ្ធិពលជាប្រព័ន្ធផងដែរ។​

ជាមួយគ្នានេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីចហ្វាម អេស៊ា បានគូសបញ្ជាក់ថា បញ្ហាសង្គ្រាម ដែលបានផ្ទុះឡើងនៅអ៊ីស្រាអែលនាពេលនេះ គឺប្រាកដណាស់នឹងប៉ះពាល់ទៅដល់សេដ្ឋកិច្ចជារួម ក៏ប៉ុន្តែបើនិយាយពីវិស័យកសិកម្មកម្ពុជាវិញ នៅពេលមានអស្ថិរភាពសកល ឬបញ្ហាប្រឈមអាកាសធាតុណាមួយកើតឡើង គឺវិស័យកសិកម្ម កសិផលិតកម្ម និងការនាំចេញគឺនៅតែមានសក្កានុពលជានិច្ច។ ទោះយ៉ាងណា ចំពោះបញ្ហាសង្គ្រាមនៅអ៊ីស្រាអែលនាពេលនេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អះអាងថា វាបានប៉ះពាល់ទៅដល់សិស្សនិស្សិតរបស់កម្ពុជា ដែលបាននឹងកំពុងសិក្សានៅទីនោះ ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ និងនិស្សិតខ្មែរចំនួន ៤៥៤នាក់កំពុងសិក្សា និងរស់នៅប្រទេសអ៊ីស្រាអែល។ ហើយថ្មីៗនេះ ក៏មាននិស្សិតខ្មែរម្នាក់ បានស្លាប់បាត់បង់ជីវិតដោយសារហេតុការណ៍សង្គ្រាមនេះផងដែរ៕