ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយរបស់ចិនគឺ WM Motor បានប្រកាសដាក់ពាក្យសុំក្ស័យធនជាសាធារណៈកាលពីថ្ងៃអង្គារ៍ម្សិលមិញនេះ ក្រោយពីបានឈរជើងនៅលើទីផ្សាររយៈពេលជាង ៨ឆ្នាំកន្លងទៅ។
បើតាមប្រភព Asia Nikkei បានឱ្យដឹងថា ក្រុមហ៊ុន WM Motor បានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដោយលោក Freeman Shen ជាអតីតសមាជិកក្រុមប្រឹក្សាភិបាលនៅក្រុមហ៊ុនផលិតរថយន្តមួយនៅប្រទេសចិន មិនតែប៉ុណ្ណោះចំពោះក្រុមហ៊ុន WM Motor នេះដែរ ក៏ធ្លាប់ត្រូវបានគេសរសើរថាជាអ្នកប្រកួតប្រជែងជាមួយ Tesla ផងដែរ។
សម្រាប់មូលហេតុដែលធ្វើឱ្យ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី WM Motor បានប្រកាសដាក់ពាក្យសុំក្ស័យធននេះ គឺមកពីការដាក់លក់រថយន្តអគ្គិសនីថ្មីៗបានធ្លាក់ចុះជារៀងរាល់ឆ្នាំ និងជួបបញ្ហាកង្វះខាតធនធានក្នុងការផលិតហើយបញ្ហាទាំងអស់នេះក៏បណ្តាលពីហេតុផលទីផ្សារផងដែរ ដោយសារតែពេលនេះការផលិតផលរថយន្តអគ្គិសនីមានការប្រកួតប្រជែងខ្លាំងនៅលើទីផ្សារពិភពលោក។
លើសពីនេះទៅទៀត ក្រុមហ៊ុន WM Motor ក៏មានបញ្ហាផ្នែកហិរញ្ញវត្ថុដោយសារតែជំងឺរាតត្បាតកូវីដ១៩ ដែលជាទីផ្សារមូលធនធ្លាក់ចុះ និងការកើនឡើងតម្លៃវត្ថុធាតុដើមដែលនាំឱ្យមានការលំបាកក្នុងប្រតិបត្តិការបែបនេះទើបក្រុមហ៊ុនសម្រេចដាក់ពាក្យសុំក្ស័យធនជាសាធារណៈ៕