ក្រោយផ្ទុះសង្គ្រាមរវាងកងកម្លាំងរដ្ឋាភិបាលអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស ប៉ាឡេស្ទីន កាលពីចុងសប្តាហ៍មុន បានជំរុញឱ្យតម្លៃទំនិញសំខាន់ៗមួយចំនួន ពិសេសប្រេងឥន្ធនៈ បានហក់ឡើងថ្លៃមួយរំពេច។ បើទោះបីតម្លៃប្រេងលក់រាយនៅកម្ពុជា បានធ្លាក់ចុះបន្តិចវិញក្តី តែមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មវាយតម្លៃថា តម្លៃប្រេងសកលរួមទាំងកម្ពុជា អាចនឹងបន្តកើនឡើង ប្រសិនបញ្ហាសង្គ្រាមនៅអ៊ីស្រាអែល ដែលជាក្តីបារម្ភថ្មីសម្រាប់សេដ្ឋកិច្ចពិភពលោកបន្តអូសបន្លាយពេលយូរបន្ថែមទៀត។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានវាយតម្លៃថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជាអាចនឹងកើនឡើង ប្រសិនបើស្ថានភាពទីផ្សារប្រេងឆៅលើទីផ្សារអន្តរជាតិ នៅតែបន្តកើនឡើង។ ការកើនឡើងតម្លៃប្រេងឥន្ធនៈ នៅទីផ្សារសកលរួមទាំងកម្ពុជានេះ គឺបន្ទាប់ពីក្រុមប្រទេសផលិតប្រេងធំៗនៅលើពិភពលោកបាននាំគ្នាកាត់បន្ថយការផលិតប្រេង ដែលធ្វើឱ្យប្រទេសមួយចំនួននាំគ្នាប្រមូលទិញប្រេងឆៅទុក គួបផ្សំមានការរាំងខ្ទប់ការនាំចេញប្រេងរបស់រុស្ស៊ី ដែលកំពុងវាយចូលឈ្លានពានអ៊ុយក្រែន។
បើទោះបីតម្លៃប្រេងលក់រាយនៅលើទីផ្សារកម្ពុជាបច្ចុប្បន្នមានការធ្លាក់ចុះវិញបន្តិចក្តី តែសម្រាប់មន្ត្រីជាន់ខ្ពស់រូបនេះជឿជាក់ថា បញ្ហាសង្គ្រាមនៅអ៊ីស្រាអែល វានឹងធ្វើឱ្យតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិនឹងបន្តកើនឡើង ដែលនាំឱ្យតម្លៃប្រេងនៅកម្ពុជា ក៏អាចមានការកើនឡើងដូចគ្នាដែរ។ ព្រោះកម្ពុជា ជាប្រទេសនាំចូលប្រេង១០០% ដូច្នេះកាលណាការនាំចូលពីទីផ្សារអន្តរជាតិ មានតម្លៃខ្ពស់ នោះទីផ្សារលក់ប្រេងនៅកម្ពុជា ក៏មានការកើនខ្ពស់តាមហ្នឹងដែរ។
យ៉ាងណាមិញបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ទនៈដែលត្រូវលក់រាយនៅតាមស្ថានីយ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ហាក់មានការចុះថ្លៃមកវិញបន្តិច ដោយប្រេងសាំងធម្មតាត្រូវលក់ចេញក្នុងតម្លៃ៤.៣០០រៀល ក្នុងមួយលីត្រ ចុះថ្លៃ២៥០រៀល ក្នុងមួយលីត្រ រីឯប្រេងម៉ាស៊ូត ត្រូវលក់ចេញក្នុងតម្លៃ៤,៦៥០រៀល ក្នុងមួយលីត្រ ចុះថ្លៃ២០០រៀល ក្នុងមួយលីត្រ។
គួរជម្រាបថា ក្រោយសង្គ្រាមផ្ទុះឡើងរវាងកងទ័ពនៃប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ាឡេស្ទីន តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងគួរឱ្យកត់សម្គាល់ ដោយតម្លៃប្រេងឆៅនៅទីផ្សារអង់គ្លេសកាលពីថ្ងៃចន្ទ បានកើនឡើងជាង៣ដុល្លារបន្ថែមទៀត នាំឲ្យតម្លៃប្រេងមួយធុងបារ៉ែល ឡើងដល់ជាង៨៨ដុល្លារ ខណៈនៅទីផ្សារអាមេរិកវិញ ប្រេងឆៅក៏បានកើនឡើងជាង៣ដុល្លារបន្ថែមទៀតដែរ នាំឲ្យតម្លៃប្រេងមួយធុងបារ៉ែល កើនដល់ជាង៨៦ដុល្លារ៕