(កោះកុង)៖ «ឆាយកី» ជារមណីយដ្ឋានធម្មជាតិមួយដែលមានភ្ញៀវទេសចរតិចតួចណាស់បានស្គាល់ពីទីកន្លែងនេះ មិនថាភ្ញៀវជាតិ ឬភ្ញៀវអន្តរជាតិនោះទេ ក៏មិនសូវស្គាល់ពីទីកន្លែងធម្មជាតិមួយនេះឡើយ។ នេះបើយោងតាមក្រសួងទេសចរណ៍។
នៅតាមផ្លូវទៅកាន់រមណីយដ្ឋានទឹកធ្លាក់ ឆាយកី ភ្ញៀវទេសចរ អាចទស្សនាបាននូវព្រៃឈើដ៏ខៀវស្រងាត់នារដូវវស្សា និងអាចទស្សនាចម្ការដំណាំ ហូបផ្លែ វាលស្រែចម្ការ នៅតាមដងផ្លូវ ហើយពេលទៅដល់ទីនោះនឹងឃើញទឹកធ្លាក់ដ៏ស្រស់ស្អាត កំពុងលាក់ខ្លួននៅក្នុងជ្រលងភ្នំនៃជួរភ្នំក្រវាញខាងត្បូង ដែលស្ថិតនៅក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
ទឹកត្រជាក់ដូចទឹកកក ព្រមទាំងមានដើមឈើជុំវិញដ៏ខៀវស្រងាត់ សំឡេងសត្វបក្សាបក្សីយំឮអឺងកងពេញព្រៃ ខ្យល់អាកាសត្រជាក់ជាប់ចិត្តដិតអារម្មណ៍ ធ្វើឱ្យអ្នកដែលបានទៅដល់ទីនោះហើយគឺច្បាស់ជាមិនចង់ត្រឡប់មកផ្ទះវិញឡើយ។
ក្រសួងទេសចរណ៍បានប្រាប់ថា៖ «យើងអាចធ្វើដំណើរពីភ្នំពេញ ឆ្ពោះទៅកាន់ស្រុកស្រែអំបិល ខេត្តកោះកុង ហួសស្ពានស្រែអំបិល បន្តិច ប្រហែលជាង៥០ម៉ែត្រ មានផ្លូវក្រាលគ្រួសក្រហម បត់ស្ដាំ ពីស្ពានស្រែអំបិលទៅកាន់ ឆាយកី មានចម្ងាយប្រមាណ ២១៤ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ចម្ងាយប្រមាណ ៧២គីឡូម៉ែត្រ ពីស្ពានស្រែអំបិលខេត្តកោះកុង និងចម្ងាយប្រមាណ ជាង ២២គីឡូម៉ែត្រ ពីសហគមន៍អេកូទេសចរណ៍ ឆាយរាប»។
គួរបញ្ជាក់ផងដែរថា ឆាយរាប មិនមែនជាឈ្មោះភូមិ ឃុំ ឬស្រុកឡើយ តែជាឈ្មោះ សម្ងាត់ ដែលត្រូវបានហៅតៗគ្នា តាំងពីក្នុងអំឡុងពេលសង្គ្រាមនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហមមកម្ល៉េះ។
ចំពោះស្ថានភាពផ្លូវធ្វើដំណើរ ភ្ញៀវទេសចរអាចធ្វើដំណើរដោយជិះម៉ូតូ កង់ គោយន្ដ ឬរថយន្ដបែប Off-road៕