
នៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ អាកាសយានដ្ឋានអន្តរជាតិថ្មី ខេត្តសៀមរាបបានបើកឱ្យប្រើប្រាស់ជាលើកដំបូង ហើយនឹងទទួលជើងហោះហើរពាណិជ្ជកម្មដំបូងគេបង្អស់ហោះចុះចត នាំភ្ញៀវទេសចរណ៍ចិន ប្រមាណជាង ៣០០នាក់ មកទស្សនាអង្គរវត្តខ្មែរ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។
បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ត្រូវបានបិទទ្វារនៅថ្ងៃទី១៥ ខែតុលាឆ្នាំ ២០២៣ វេលាម៉ោង ១២:00យប់ ខេត្តសៀមរាបនឹងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិថ្មីវិញដែលមានចម្ងាយពីប្រាសាទអង្គរវត្តប្រមាណ ៤០ គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាបវិញ។
អាកាសយានដ្ឋានអន្តរជាតិថ្មីនេះមានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម វិនិយោគដោយវិនិយោគគិនចិនលើផ្ទៃដី ៧០០ហិកតា ដែលចំណាយទឹកប្រាក់វិនិយោគប្រមាណជាង ១០០០ លានដុល្លារ ដែលជាការវិនិយោគBOT ក្នុងរយៈពេល៥៥ ឆ្នាំ។
សម្រាប់សមិទ្ធិផលប្រវត្តិសាស្រ្តថ្មីគឺក្រោមគំនិតផ្តួចផ្តើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់ រវាងកម្ពុជានិងចិន។
គួរជម្រាបផងដែរថាអាកាសយន្តហោះអន្តរជាតិចាស់បានបើកដំណើរការដំបូងក្នុងឆ្នាំ ១៩៣២ ក្នុងសម័យអាណានិគមបារាំងមកម្ល៉េះ ហើយបើកដំណើរការទ្បើងវិញម្តងទៀតក្នុងឆ្នាំ ២០០៦៕