Alynana Media Cambodia
Icon Collap
clinic narit

លោកស៊ី ជិនភីង៖ នៅពេលសេដ្ឋកិច្ចចិនល្អ សេដ្ឋកិច្ចពិភពលោក នឹងកាន់តែប្រសើរឡើង

Media LNN | Oct 18, 2023
លោកស៊ី ជិនភីង៖ នៅពេលសេដ្ឋកិច្ចចិនល្អ សេដ្ឋកិច្ចពិភពលោក នឹងកាន់តែប្រសើរឡើង
Clinic narith

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃទី១៨ ខែតុលា បានលើកឡើងថា សេដ្ឋកិច្ចចិន អាចល្អប្រសើរឡើង គឺអាស្រ័យលើសេដ្ឋកិច្ចពិភពលោក។ បើតាមមេដឹកនាំចិន នៅពេលសេដ្ឋកិច្ចចិនល្អប្រសើរ សេដ្ឋកិច្ចពិភពលោក នឹងល្អតាមនោះដែរ។

ក្នុងសុន្ទរកថាក្នុងពិធីបើកវេទិកាផ្លូវ និងខ្សែក្រវាក់លើកទីបី (BRF) ស្របពេលខួប១០ឆ្នាំនៃគំនិតផ្ដួចផ្ដើមនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានលើកឡើងជាច្រើនពីចំណុចវិជ្ជមានរបស់វេទិកាមួយនេះ ដែលបានចូលរួមបង្កើនកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក។ 

«សេដ្ឋកិច្ចចិនអាចប្រព្រឹត្តទៅល្អបាន នៅពេលសេដ្ឋកិច្ចសកលល្អ។ នៅពេលសេដ្ឋកិច្ចចិន ធ្វើបានកាន់តែល្អ សេដ្ឋកិច្ចសកលនឹងកាន់តែល្អប្រសើរឡើង»។ ប្រធានាធិបតីចិន លោកស៊ី ជិនភីង បានសង្កត់ធ្ងន់បែបនេះនៅចំពោះមុខថ្នាក់ដឹកនាំ និងមន្រ្តីមកពីបណ្តាប្រទេសជាច្រើន នៅថ្ងៃទី១៨ ខែតុលា។ 

មេដឹកនាំចិន បានបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការផ្លូវ និងខ្សែក្រវាត់ ចិន កាន់តែបើកចំហទីផ្សារកាន់តែធំជាងមុនទៅកាន់ពិភពលោក។ លោកស៊ី បានអះអាងថា ចិន បានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំជាមួយបណ្តាប្រទេស និងដែនដីលើសពី១៤០ ឯណោះ រួមទាំងជាប្រភពវិនិយោគនៅក្នុងបណ្តាប្រទេសជាច្រើនផង។ 

បើតាមប្រមុខរដ្ឋចិនរូបនេះ មានតែកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះប៉ុណ្ណោះ ជាមាគ៌ាដ៏សំខាន់ ក្នុងការទទួលបានជោគជ័យលើការដាក់ចេញគំនិតផ្តួតផ្តើមសំខាន់ៗ ដែលអាចផ្តល់ប្រយោជន៍ដល់ភាគីទាំងអស់។ លោកស៊ី ក៏បានអំពាវនាវឱ្យប្រទេសមានសេដ្ឋកិច្ចនាំមុខផ្តល់ឱកាសដល់បណ្តាប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត ក្នុងការទទួលបានឱកាសអភិវឌ្ឍបន្ថែមផង ក៏ដូចជាអាចគាំទ្រ និងគោរពគ្នាទៅវិញទៅមក។ 

ត្រង់ចំណុចនេះ ប្រធានាធិបតីចិន បានចាត់ទុកវេទិកាផ្លូវ និងខ្សែក្រវាត់ មានលក្ខណៈបរិយាបន្ន និងបើកចំហ។ 

ស្របគ្នានេះ លោកស៊ី បានច្រានចោលការប្រឈមមុខដាក់គ្នារវាងបណ្តាប្រទេសធំៗ ការប្រកួតប្រជែងនៅក្នុងតំបន់ ប្លុកនយោបាយ ការដាក់ទណ្ឌកម្មបែបឯកតោភាគី ការគំរាមសម្លុតផ្នែកសេដ្ឋកិច្ច រួមទាំងជម្លោះពាណិជ្ជកម្មជាដើម។

គំនិតផ្ដួចផ្ដើមផ្លូវ និងខ្សែក្រវាត់ ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ២០១៣ ដោយយកគំរូតាមផ្លូវសូត្រសម័យបុរាណរបស់ចិន។ ប្រទេសសរុបចំនួន ១៥២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ ហើយចិនបានដាក់ចេញគម្រោងច្រើនជាង៣០០០ឯណោះ ដោយគិតជាទឹកប្រាក់ក្បែរ១ទ្រីលានដុល្លារ៕