Alynana Media Cambodia
Icon Collap
clinic narit

សេដ្ឋកិច្ចចិនកើនលើសការរំពឹងទុកដល់ ៤,៩ ភាគរយនៅត្រីមាសទី៣ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន

Admin Alynana | Oct 19, 2023
សេដ្ឋកិច្ចចិនកើនលើសការរំពឹងទុកដល់ ៤,៩ ភាគរយនៅត្រីមាសទី៣ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន
Clinic narith

ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិននៅត្រីមាសទី៣ បានកើនឡើង ៤,៩ភាគរយធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ដែលខ្ពស់ជាងការព្យាករ ៤,៤ភាគរយ។

សេដ្ឋកិច្ចចិនក្នុងត្រីមាសទី៣ បានកើនឡើងលឿនជាងការរំពឹងទុក ដែលបង្ហាញថាការងើបឡើងវិញនាពេលថ្មីៗនេះអាចបង្កើតសន្ទុះគ្រប់គ្រាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសដើម្បីសម្រេចបាននូវគោលដៅកំណើនប្រចាំឆ្នាំដែលកំណត់ដោយរដ្ឋាភិបាល។
 
ទិន្នន័យពីនាយកដ្ឋានស្ថិតិជាតិចិន (NBS) បង្ហាញថា GDP របស់ចិននៅត្រីមាសទី៣ ឆ្នាំនេះបានកើនឡើង ៤,៩ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលខ្ពស់ជាងការព្យាករចំនួន ៤,៤ភាគរយរបស់អ្នកវិភាគនៅ Reuters ។ បើប្រៀបធៀបទៅនឹងត្រីមាសមុន ផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី៣ បានកើនឡើង ១,៣ភាគរយ។​
 
កំណើនផលិតផលក្នុងស្រុកសរុបរបស់ចិនត្រូវបានគេព្យាករថានឹងឈានដល់ ៤,៩ភាគរយនៅក្នុងត្រីមាសទី៤ ហើយរដ្ឋាភិបាលចិនបានកំណត់ទិសដៅកំណើនប្រចាំឆ្នាំនេះឲ្យបាន ៥ភាគរយ។
 
កាលពីមុន សេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកបានធ្លាក់ចុះក្នុងត្រីមាសទី២ ដោយសារការងើបឡើងវិញពីជំងឺកូវីដ-១៩ បានបាត់បង់សន្ទុះស្របពេលអស្ថិរភាពក្នុងវិស័យអចលនទ្រព្យ និងគំនរបំណុលធំៗ បន្ទាប់ពីការវិនិយោគយ៉ាងគឃ្លើនជាច្រើនឆ្នាំ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ។
 
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋាភិបាលចិនបានប្រកាសនូវវិធានការជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច រួមទាំងការកើនឡើងនៃការចំណាយសាធារណៈ ការទម្លាក់អត្រាការប្រាក់ ការបន្ធូរបន្ថយបទប្បញ្ញត្តិក្នុងវិស័យអចលនទ្រព្យ និងគោលនយោបាយផ្សេងៗទៀត ដើម្បីលើកកម្ពស់វិស័យឯកជន។
 
ទោះបីជាតួលេខថ្មីៗបង្ហាញថាសេដ្ឋកិច្ចរបស់ចិនកាន់តែមានស្ថិរភាពបន្ទាប់ពីមានវិធានការគាំទ្រជាបន្តបន្ទាប់ក៏ដោយ អ្នកជំនាញជឿថារដ្ឋាភិបាលត្រូវតែធ្វើបន្ថែមទៀតដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច។
 
វិបត្តិក្នុងវិស័យអចលនទ្រព្យ ភាពមិនប្រាកដប្រជាក្នុងទីផ្សារការងារ ប្រាក់ចំណូលគ្រួសារទន់ខ្សោយ និងទំនុកចិត្តទាបនៃវិស័យឯកជនអាចជះឥទ្ធិពលដល់ការងើបឡើងវិញប្រកបដោយនិរន្តរភាពនៃសេដ្ឋកិច្ចចិន។
 
សេដ្ឋកិច្ចរបស់ចិនបានកើនឡើងត្រឹមតែ៣ភាគរយប៉ុណ្ណោះកាលពីឆ្នាំមុន ដោយសារបទប្បញ្ញត្តិរឹតបន្តឹងដើម្បីការពារការរាលដាលនៃជំងឺកូវីដ-១៩។
 
រដ្ឋាភិបាលចិនអាចនឹងបង្កើនវិធានការជំរុញសារពើពន្ធ ទោះបីជាអ្នកវិភាគជឿថាវានឹងចាយពេលរហូតដល់ឆ្នាំ ២០២៤ សម្រាប់វិធានការទាំងនេះឲ្យមានប្រសិទ្ធភាពក៏ដោយ។
 
នៅក្នុងការស្ទង់មតិមួយដោយទីភ្នាក់ងារសារព័ត៌មាន Reuters អ្នកជំនាញសេដ្ឋកិច្ចបានព្យាករថា ធនាគារប្រជាជនចិន (PBoC) នឹងរក្សាសមាមាត្រទុនបម្រុងដែលត្រូវការ (RRR) និងអត្រាការប្រាក់កម្ចីស្តង់ដារមិនផ្លាស់ប្តូរនៅក្នុងរយៈពេលដែលនៅសល់នៃឆ្នាំនេះ។ កាលពីខែកញ្ញាឆ្នាំមុន PBoC បានកាត់បន្ថយ RRR ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួល និងគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច។ នេះជាការកាត់បន្ថយ RRR លើកទីពីរក្នុងឆ្នាំនេះ៕