(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានជំរុញឱ្យ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រុមការងារទាំងអស់ ត្រូវគិតគូររៀបចំអភិវឌ្ឍន៍ និងកំណត់សក្តានុពលតំបន់ឆ្នេរ ទៅតាមតំបន់ឱ្យបានច្បាស់លាស់ បង្ករលក្ខណៈងាយស្រួលដល់ការវិនិយោគ ទេសចរណ៍ លំនៅឋាន និងតំបន់លម្ហែរ ដើម្បីកំណើនសេដ្ឋកិច្ចទាំងមូល។
ការលើកឡើងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់ ធ្វើឡើង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំ ជីវភាពការងាររៀបចំផែនការឆ្នេរកែប និងកោះរ៉ុង។ កិច្ចប្រជុំនេះមានការចូលរួមពី គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងផ្នែកពាក់ព័ន្ធជាច្រើនរូប ។
គួរបញ្ជាក់ផងដែរថា បើយោងតាមប្រភព ក្រសួងទេសចរណ៍ គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជាមានឆ្នេរសមុទ្រលាតសន្ធឹងប្រវែង ៤៤០ គីឡូម៉ែត្រ ដោយរាប់បញ្ចូលខេត្តចំនួន ៤ រួមមាន ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប។ ឆ្នេរសមុទ្រ គឺជាស្នូលនៃតំបន់សមុទ្រកម្ពុជា ក្នុងចំណោមឆ្នេរខ្សាច់សរុប ៤៨ កន្លែង មានឆ្នេរខ្សាច់ចំនួន ១៦ កន្លែង បានចូលរួមប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតកន្លងទៅ ក្នុងនោះមានឆ្នេរខ្សាច់ខេត្តកោះកុងចំនួន ២ និងខេត្តព្រះសីហនុចំនួន ៨ ខេត្តកែបចំនួន ៦ ហើយឆ្នេរខ្សាច់ទទួលជ័យលាភីមានចំនួន ១០ ឆ្នេរ ។ ធនធានសមុទ្រយ៉ាងច្រើនអនេក ដែលមាននៅតាមតំបន់មាត់សមុទ្រ និងកោះនានា ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ដែលគេឃើញមានឆ្នេរសមុទ្រស្អាតៗ ទឹកសមុទ្រខៀវស្រងាត់ ទេសភាពស្រស់បំព្រង ត្រីសមុទ្រតូចធំ និងផ្កាថ្ម រួមជាមួយនឹងហេដ្ឋារចនាសម្ពន្ធទ្រទ្រង់ថ្មីៗជាច្រើន។
ការស្រាវជ្រាវបានបង្ហាញថា ខេត្តព្រះសីហនុមានធនធានបាតសមុទ្រជាច្រើន ដូចជា ផ្កាថ្មរឹង និងផ្កាថ្មទន់ ប្រភេទត្រីសមុទ្រចម្រុះពណ៌ច្រើនប្រភេទ ថ្មតូចធំ ខ្សាច់បាតសមុទ្រ និងសត្វផ្សេងៗទៀតដែលមានជីវិតក្នុងបាតសមុទ្រ (Bochove, Ioanou, Mcvee & Raines, 2011)។ ធនធានសមុទ្រទាំងនេះភាគច្រើនស្ថិតក្នុងប្រជុំកោះរ៉ុង និងកោះរ៉ុងសន្លឹម ៕