ជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ជាបន្តបន្ទាប់ បានសម្លាប់មនុស្សជាង ៤.៩០០នាក់ នៅភាគីទាំងសងខាង ខណៈសង្រ្គាមឈានចូលដល់ថ្ងៃទី១៤ នៅថ្ងៃព្រហស្បតិ៍ (១៩ តុលា) នេះ។
ក្រុមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៩ តុលា) នេះថា គិតត្រឹមម៉ោង ១៤:០០ (ម៉ោងក្នុងស្រុក) ប្រជាជនប៉ាឡេស្ទីនសរុបចំនួន ៣.៥៤០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះនេះ ហើយមនុស្សជាង ១៣.៣០០នាក់ ផ្សេងទៀតបានរងរបួស។
ជម្លោះដ៏បង្ហូរឈាមនេះ ក៏បានសម្លាប់មនុស្សជាង ១.៤០០នាក់ និងធ្វើឲ្យមនុស្សជាង ៤.៤៧៥នាក់ របួសនៅខាងអ៊ីស្រាអែល នេះបើយោងតាមក្រសួងសុខាភិបាលអ៊ីស្រាអែល ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន The Jerusalem Post នៅថ្ងៃដដែលនេះ។
យោធាអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើតំបន់ហ្កាហ្សា ស្ទ្រីប កាលពីយប់ថ្ងៃពុធ (១៨ តុលា) ដោយទម្លាក់គ្រាប់បែកលើអគារលំនៅដ្ឋានជាច្រើនខ្នង នៅក្នុងសង្កាត់ តែល អាល់ហាវ៉ា (Tel Al-Hawa) ហើយរហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ពីអ្នកស្លាប់ និងរបួសនៅឡើយទេ។
នៅខាងប៉ាឡេស្ទីនវិញក៏មានការរាយការណ៍ដែរថា កងពលតូច អាល់កាសាម (Al-Qassam) ដែលជាស្លាបយោធានៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (Hamas) បាននិយាយថា ខ្លួនបានបាញ់រ៉ុក្កែតឆ្ពោះទៅកាន់ទីក្រុង Tel Aviv របស់អ៊ីស្រាអែល កាលពីយប់ថ្ងៃពុធ ផងដែរ៕