អាជីវកម្មខ្នាតតូច ឬអាជីវកម្មក្រៅប្រព័ន្ធ ជាប្រភេទអាជីវកម្មដែលប្រើប្រាស់ដើមទុនតិច ហើយភាគច្រើនមិនបានចុះក្នុង បញ្ជីអាជីវកម្មនោះទេ។ សម្រាប់អាជីវកម្មប្រភេទនេះរួមមានការលក់ម្ហូបអាហារតាមរទេះ លក់អីវ៉ាន់ចាប់ហួយ របរម៉ូតូឌុប ជាងជួសជុលម៉ូតូ និងអ្នករត់កង់បីជាដើម។
អ្នកប្រកបមុខរបរខាងលើនេះភាគច្រើនតែងតែជួបប្រទះនូវបញ្ហាក្នុងការរកប្រាក់ចំណេញ ឬក៏ធ្លាក់ចុះអតិថិជន នារយៈ ពេលចុងក្រោយនេះ ជាពិសេសក្នុងស្ថានភាពប្រទេសប្រឈមបញ្ហាសេដ្ឋកិច្ច។
លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើឡើងថា អតិថិជនរបស់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬអាជីវកម្មខ្នាតតូចនេះ ភាគជាច្រើនជាកម្មករនៅក្នុងវិស័យកាត់ដេរ, កម្មករនៅក្នុងវិស័យសំណង់, បុគ្គលិកសេវាកម្ម, ឬអ្នកប្រកបរបរនៅក្នុងសេដ្ឋកិច្ចប្រព័ន្ធដូចគ្នា ស្របពេលស្ថានភាពបច្ចុប្បន្នពិបាករកចំណូល ឬខ្លះទៀតបាត់បង់ការងារ ជាកត្ដានាំឱ្យអាជីករក្រៅប្រព័ន្ធ មានការធ្លាក់ចំណូលទៅតាមនឹងដែរ។
លោក ង៉ែត ជូ បានបន្តថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ ស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងឱ្យចរន្តសេដ្ឋកិច្ចមានដំណើរការ ល្អប្រសើរឡើងវិញ ពិសេសជំរុញកំណើនម៉ាក្រូសេដ្ឋកិច្ច ដើម្បីគាំទ្រអ្នកអាជីវកម្មខ្នាតតូចឱ្យរក្សាបាននៅស្ថិរភាព។ លោកថា ជាយន្តការត្រូវទាក់ទាញភ្ញៀវទេសចរ, ពង្រឹកសេវាកម្ម និងទាក់ទាញអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅ ប្រទេសជាដើម។
សម្រាប់យន្តការ រដ្ឋគួរបន្ធូរបន្ថយពន្ធ ឬមិនបាច់ឱ្យចុះបញ្ជីសម្រាប់អាជីវកម្មខ្នាតតូច ដែលជាការរួមចំណែកជួយមួយផ្នែក សម្រាប់អ្នករកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
អ្នកស្រី ជា ផេចគីម អ្នកសម្លៀកបំពាក់ បានលើកឡើងថា សព្វថ្ងៃនេះ ចំណូលដែលទទួលបានពីការលក់មិនទៀងទាត់ នោះទេ ពោលគឺមានការធ្លាក់ចុះច្រើន បើធៀបនឹងប៉ុន្មានឆ្នាំកន្លងទៅ។ អ្នកស្រី បានបន្តថា មួយថ្ងៃអាចលក់បាន ៥ម៉ឺន ទៅ ១០ម៉ឺនរៀលប៉ុណ្ណោះដោយមិនទាន់គិតប្រាក់ចំណេញ ខណៈកាលពីមិនទាន់មានវិបត្តិសេដ្ឋកិច្ច ទទួលបានចន្លោះពី ៣០ម៉ឺន ទៅ ៥០ម៉ឺនរៀល។
ទោះយ៉ាងណា នាពេលថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានជំរុញឱ្យអ្នកប្រកបមុខរបរខ្នាតតូច ធ្វើការចុះបញ្ជីក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីឱ្យរាជរដ្ឋាភិបាលទទួលបានទិន្នន័យច្បាស់លាស់ ងាយស្រួលក្នុងការដាក់ ចេញនូវគោលនយោបាយជួយគាំពារឱ្យបានទាន់ពេលវេលា និងចំគោលដៅ ពិសេសក្នុងគ្រាលំបាក ព្រោះប្រជាពលរដ្ឋ កម្ពុជា បានជួបការលំបាកដូចនៅពេលកូវីដ១៩ រួចមកហើយ ហើយតទៅមុខទៀតក៏អាចមានអតិផរណាសេដ្ឋកិច្ច និង បញ្ហាផ្សេងៗ។
បើតាមសម្ដេច ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានដាក់ចេញ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨» គឺដើម្បីរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ នឹងវិបត្តិ។ នៅប្រទេសកម្ពុជា សេដ្ឋកិច្ចក្រៅប្រព័ន្ធបានបង្កើតការងារប្រមាណ៧០ភាគរយនៃទំហំការងារសរុប និងរួម ចំណែក៣២ភាគរយនៃផលិតផលសរុបក្នុងស្រុក៕