Alynana Media Cambodia
Icon Collap
clinic narit

កាណាដា​ ដក​មន្ត្រីការទូត​របស់​ខ្លួន ៤១ នាក់​ ចេញពី​ប្រទេស​ឥណ្ឌា ក្រោយកម្តៅ​ការទូត​មិនថមថយ

Admin Alynana | Oct 20, 2023
កាណាដា​ ដក​មន្ត្រីការទូត​របស់​ខ្លួន ៤១ នាក់​ ចេញពី​ប្រទេស​ឥណ្ឌា ក្រោយកម្តៅ​ការទូត​មិនថមថយ
Clinic narith

រដ្ឋមន្ត្រី​ការបរទេស​កាណាដា​លោកស្រី Melanie Joly នៅថ្ងៃ​ទី ២០ ខែតុលា ឆ្នាំ២០២៣ បាននិយាយ​ថា ប្រទេស​កាណាដា បានដក​មន្ត្រីការទូត​របស់​ខ្លួន​ចំនួន ៤១ នាក់​ចេញពី​ប្រទេស​ឥណ្ឌា ក្រោយកម្តៅ​ការទូត​នៃប្រទេស​ទាំង២ មិនថមថយ ​ជុំវិញ​បញ្ហា​នៃការសម្លាប់​មេដឹកនាំ​ផ្តាច់ខ្លួន​ជនជាតិ​ស៊ីក (Sikh)។

ម្តងហើយម្តងទៀត ប្រទេស​ឥណ្ឌា​បានច្រានចោល​ការសង្ស័យ​របស់​នាយក​រដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau និងនិយាយ​ថា វាមិនទំនង​ទាល់តែសោះ​ដែល​ថា​ភ្នាក់ងារ​របស់​ខ្លួន​មានទំនាក់ទំនង​ទៅនឹង​ឃាតកម្ម​លើ​លោក Hardeep Singh Nijjar។

ញូវដែលី កាលពី​ខែមុន​បានស្នើ​ឱ្យ​ទីក្រុង​អូតាវ៉ា កាត់បន្ថយ​វត្តមាន​មន្ត្រីការ​ទូត​របស់​ខ្លួន​ភ្លាមៗ បន្ទាប់ពី លោក Trudeau បានលើកឡើង​ថា មន្ត្រី​របស់ខ្លួន​មានភ័ស្តុតាង​ដែលអាច​ជឿទុកចិត្តបាន ដែលថា​ភ្នាក់ងារ​របស់​ប្រទេស​ឥណ្ឌា នៅពីក្រោយ​អំពើឃាតកម្ម​កាលពី​ខែមិថុនា ទៅលើ​លោក Nijjar អាយុ ៤៥ ឆ្នាំ នៅខាងក្រៅ​ប្រាសាទ​ស៊ីក ក្នុងរដ្ឋ British Columbia។

លោកស្រី Joly និយាយ​ថា ប្រទេស​ឥណ្ឌា​បានគំរាមកំហែង និងលែងទទួល​ស្គាល់ អ្នកការទូត​កាណាដា លុះត្រាតែ​ពួកគេ​ចាកចេញ​ពី​ប្រទេស​ខ្លួន។ លោកស្រី Joly បន្ថែម​ថា​ទង្វើនេះ​មិនសម​ហេតុផល និងមិនធ្លាប់​មានពី​មុនមក ហើយ​ឥណ្ឌា​បានបំពាន​លើ​អនុសញ្ញា​ទីក្រុង​វីយែន​ស្តីពី​ទំនាក់ទំនង​ការទូត។ ក្រោយការចាកចេញ​របស់​មន្ត្រីការ​ទូត ៤១ នាក់ បច្ចុប្បន្ននេះ​ស្ថានទូត​កាណាដា​ប្រចាំប្រទេស​ឥណ្ឌា​នៅមន្រ្តីការទូត​ចំនួន ២១ នាក់។

គួរជម្រាប​ថា កន្លងមក​សម្រាប់​រដ្ឋាភិបាល​ឥណ្ឌា តែងចាត់ទុក​ថា​រាល់សកម្មភាព របស់​អង្គការ​អ្នកកាន់​សាសនា​ស៊ីក​ពិភពលោក​នៅ​កាណាដា គឺជាការបះបោរបំបែក​ទឹកដី ឱ្យ​ក្រុមរបស់​ខ្លួន​នៅរដ្ឋ​ពុនចាប​របស់​ឥណ្ឌា ផ្តាច់ខ្លួន​បង្កើត​រដ្ឋ​ឯករាជ្យ​ឈ្មោះ Khalistan។

កាណាដា និងឥណ្ឌា ចាប់ផ្តើម​មានទំនាស់​នឹងគ្នា​ប៉ុន្មាន​ខែមក ហើយការចាកចេញ​របស់​មន្ត្រីស្ថានទូត​កាណាដា​នៅ​ឥណ្ឌា ក៏ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​កាណាដា​លោក Marc Miller បញ្ជាក់ដែរ​ថា ជាការកាត់បន្ថយ​ចំនួន​បុគ្គលិក​ផ្នែក​អន្តោប្រវេសន៍៕