Alynana Media Cambodia
Icon Collap
clinic narit

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម៖ ទឹកជំនន់បង្កការខូចខាតស្រូវជាង ២ម៉ឺនហិកតា នៅទូទាំងប្រទេស

Admin Alynana | Oct 20, 2023
ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម៖ ទឹកជំនន់បង្កការខូចខាតស្រូវជាង ២ម៉ឺនហិកតា នៅទូទាំងប្រទេស
Clinic narith

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា នាអំឡុងពេលគ្រោះទឹកជំនន់រហូតមកដល់ពេលនេះបានបង្កការខូចខាតស្រូវជាង ២ ម៉ឺនហិកតានៅទូទាំងប្រទេស។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់បែបនេះ​ ក្នុងឱកាស អញ្ជើញជាអធិបតីភាពក្នុងទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគមន៍នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ។ ទិវានេះមានការចូលរួមពីតំណាងក្រសួង ថ្នាក់ដឹកនាំរាជធានី-ខេត្ត នគរបាលជាតិ កងរាជអាវុធហត្ថ កងទ័ព និងស្ថាប័នអង្គការដៃគូជាច្រើនទៀត។

ឯកឧត្តមមានប្រសាសន៍ថា គ្រោះមហន្តរាយនៅកម្ពុជា ទោះបីមិនមានភាពធ្ងន់ធ្ងរដូចប្រទេសមួយ​ចំនួនក្នុងទ្វីបអាស៊ី និងពិភពលោក ដូចជាគ្រោះ រញ្ជួយដី រលកយក្សស៊ូណាមិ ព្យុះសង្ឃរា ភ្លើងឆេះព្រៃជាដើម។ប៉ុន្ដែជារៀងរាល់ឆ្នាំកម្ពុជាតែងតែកើតមានជំនន់ទឹកភ្លៀង ​ខ្យល់កន្ត្រាក់ រន្ទះបាញ់ ជំងឺរាតត្បាត ​ការកើនឡើងកម្ដៅរាំងស្ងួតលើវិស័យកសិកម្ម ​បាក់ច្រាំងទន្លេ និងការផ្ទះឡើងនូវព្រឹត្តិការណ៍មិនធម្មតានៃជំងឺកូវីដ-១៩ អគ្គិភ័យគ្រោះថ្នាក់ ផ្លូវគោក ផ្លូវទឹក វិស័យសំណង់បានធ្វើឱ្យប៉ះពាល់ដល់​សុខុមាលភាព​ និងសុវត្ថិភាព របស់ប្រជាជន សហគមន៍ និងប្រទេសផងដែរ។

ជាក់ស្តែង ​ទាក់ទងនឹងបញ្ហាទឹកជំនន់ឆ្នាំនេះ ​ឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់ថា គិតត្រឹម​រយៈពេលប៉ុន្មាន​ថ្ងៃក្នុងតុលា ឆ្នាំ២០២៣នេះ​ ទឹកជំនន់បានប៉ះពាល់តាមបណ្តាខេត្ត និងធ្វើឱ្យ​ខូចខាត​ដំណាំស្រូវជាង២ម៉ឺនហិកតាក្នុងនោះខេត្តបាត់ដំបង ត្រូវធ្វើការស្តារឡើងវិញច្រើនជាងគេ។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ដើម្បីកាត់​បន្ថយការ​បាត់បង់​អាយុជីវិត និងការខូចខាត ទ្រព្យសម្បត្តិ​ រាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះ​មហន្តរាយ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានខិតខំប្រឹងប្រែងប្រយុទ្ធទប់ទល់​នឹងគ្រោះមហន្តរាយ ​តាមរយៈសកម្មភាពត្រៀមបង្ការ ​ការកាត់បន្ថយគ្រោះថ្នាក់ ​ការត្រៀមរៀបចំ ការឆ្លើយតប ​សង្គ្រោះបន្ទាន់ ​និងការស្តារឡើងវិញ​ប្រកបដោយឆន្ទៈនយោបាយ និង​ការប្ដេជ្ញាចិត្តខ្ពស់ដោយពុំទុកប្រជាជនណាម្នាក់ចោលឡើយ៕