Alynana Media Cambodia
Icon Collap
clinic narit

អាល្លឺម៉ង់ចង់បង្កើតការិយាល័យពាណិជ្ជកម្មនៅកម្ពុជា ដើម្បីពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅ

Media LNN | Oct 21, 2023
អាល្លឺម៉ង់ចង់បង្កើតការិយាល័យពាណិជ្ជកម្មនៅកម្ពុជា ដើម្បីពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅ
Clinic narith

(ភ្នំពេញ)៖ សភាពាណិជ្ជកម្មអាល្លឺម៉ង់ ចង់បង្កើតការិយាល័យពាណិជ្ជកម្មនៅកម្ពុជា ខណៈទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាល្លឺម៉ង់ក្នុងឆ្នាំ២០២២ សម្រេចបានប្រមាណ ១,២៤៦.៩០ លានដុល្លារ។

នេះបើតាមជំនួបរវាងលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត JAN CERNICKY ប្រធាននាយកដ្ឋានសេដ្ឋកិច្ចនិងនវានុវត្តន៍នៃ ការិយាល័យ Konrad Adenauer Stiftung (KAS) ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

ក្នុងជំនួបនេះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាអំពីប្រធានបទសំខាន់ៗមួយចំនួនទៀតផងដែរ រួមមាន៖ ការត្រៀមខ្លួនរបស់កម្ពុជាក្នុងដំណើរចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ផែនការអភិវឌ្ឍន៍ភស្ដុភារកម្មនៅកម្ពុជា និងវឌ្ឍនភាពនៃការអនុវត្តសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។

ទន្ទឹមនឹងនេះ លោកបណ្ឌិត Jan Cernicky បានបង្ហាញពីចំណាប់អារម្មណ៍របស់សភាពាណិជ្ជកម្មអាល្លឺម៉ង់ ដែលមានបំណងចង់បង្កើតការិយាល័យពាណិជ្ជកម្មនៅកម្ពុជា និងស្វែងយល់បន្ថែមអំពីកាលានុវត្តភាពនៃការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅ។

ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បង្ហាញការស្វាគមន៍ គាំទ្រ និងការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយភាគីដៃគូពាណិជ្ជកម្មពីបណ្ដាប្រទេសនានា ជាពិសេសប្រទេសអាល្លឺម៉ង់ និងលើកទឹកចិត្តឱ្យសហគមធុរកិច្ចអាល្លឺម៉ង់ ពិនិត្យលទ្ធភាពពង្រីកការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។

គួរបញ្ជាក់ផងដែរ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាល្លឺម៉ង់ក្នុងឆ្នាំ២០២២ សម្រេចបានប្រមាណ ១.២៤៦,៩០ លានដុល្លារ បានកើនឡើងប្រមាណ ១៩,២៥% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

កម្ពុជានាំចេញមុខទំនិញសំខាន់ៗទៅអាល្លឺម៉ង់មានដូចជា សម្លៀកបំពាក់ ទោចក្រយានយន្ត ស្បែកជើង ធញ្ញជាតិ កាហ្វេ មួក ឆ័ត្រ និងគ្រឿងម៉ាស៊ីនអគ្គិសនីជាដើម រីឯកម្ពុជានាំចូលមុខទំនិញសំខាន់ៗពីអាល្លឺម៉ង់ដូចជា គ្រឿងបន្លាស់ម៉ាស៊ីន ផលិតផលធ្វើពីម្សៅ ឱសថ កាកសំណល់ចំណីកែច្នៃសម្រាប់ផលិតចំណីសត្វ និងទំនិញដទៃទៀត៕