Alynana Media Cambodia
Icon Collap
clinic narit

វៀតណាមបន្តកាត់បន្ថយពន្ធលើតម្លៃបន្ថែម២% ដើម្បីជំរុញការចាយវាយរបស់ប្រជាពលរដ្ឋ

Media LNN | Oct 23, 2023
វៀតណាមបន្តកាត់បន្ថយពន្ធលើតម្លៃបន្ថែម២% ដើម្បីជំរុញការចាយវាយរបស់ប្រជាពលរដ្ឋ
Clinic narith

រដ្ឋាភិបាលវៀតណាម បានផ្តល់ភ្លើងខៀវដល់សំណើរបស់ក្រសួងហិរញ្ញវត្ថុ ដើម្បីបន្តការអនុវត្តការកាត់បន្ថយពន្ធលើតម្លៃបន្ថែមចំនួន២ភាគរយ រហូតដល់ពាក់កណ្តាលនៃឆមាសទីមួយនៃឆ្នាំ២០២៤ ខាងមុខ។ ការប្រកាសនេះត្រូវបានសម្រេចចិត្តនៅពេលដែលកម្លាំង និងស្ថានភាពនៃការលក់រាយទំនិញផ្សេងៗនៅក្នុងប្រទេសនេះកើនឡើង២,៤ភាគរយ កាលពីខែកញ្ញាកន្លងទៅ។

សារព័ត៌មាន Vietnam News បានរាយការណ៍ថា នៅពេលដែលទំហំនៃការលក់ទំនិញរាយ និងសេវាកម្មប្រើប្រាស់ទូទៅសរុបបានកើនឡើងដល់តម្លៃប្រមាណជាង២១ពាន់លានដុល្លារ កាលពីខែកញ្ញា ពោលគឺកើនឡើង២,៤ភាគរយ វៀតណាម បានប្រកាសបន្តការអនុវត្តការកាត់បន្ថយពន្ធលើតម្លៃបន្ថែមចំនួន២ភាគរយរហូតដល់ពាក់កណ្តាលឆមាសទីមួយនៃឆ្នាំ ២០២៤ ខាងមុខ។

ការអនុវត្តការកាត់បន្ថយពន្ធលើតម្លៃបន្ថែមត្រូវបានដាក់ឱ្យអនុវត្តនៅចន្លោះថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ប៉ុន្តែការងើបឡើងវិញយឺតនៃតម្រូវការបាននាំឱ្យមានការវាយតម្លៃសារឡើងវិញនៃសារពើពន្ធ។ ប្រភពដដែលបានបន្តថា ការសម្រេចពន្យារការអនុវត្តបែបនេះ គឺដោយសាររដ្ឋាភិបាលវៀតណាម មានគោលបំណងជំរុញការចំណាយរបស់អ្នកប្រើប្រាស់ចូលទៅក្នុងយន្តការចំណាយកម្រិតខ្ពស់ ដើម្បីស្តាសេដ្ឋកិច្ចឡើងវិញ។

នេះគឺជាយន្តការនិងការសម្រេចចិត្តរបស់រដ្ឋាភិបាលវៀតណាម ប៉ុន្តែសាធារណជនមួយចំនួន ហាក់មិនសូវចាប់អារម្មណ៍នឹងបញ្ហានេះទេ។

លោក ឃ្វៀន ជង់ ថាញ់ (Nguyễn Trung Thanh) បានអះអាងថា រាល់ពេលដែលលោកចំណាយ គឺលោកបង់​ជាសាច់ប្រាក់ ដូច្នេះហើយលោកមិនប្រាកដថា លោកបានទទួលចំណែកផលប្រយោជន៍ពីការកាត់ពន្ធលើតម្លៃបន្ថែម២ភាគរយនេះឫក៏អត់នោះទេ។

ដោយឡែក លោកស្រី ឌៀប ថាញ់ ធឹយេន ( Diệp Thanh Tuyền )អ្នកគ្រប់គ្រងភោជនីយដ្ឋានមួយបានលើកឡើងថា អតិថិជនភោជនីយដ្ឋានរបស់លោកស្រីភាគច្រើន មិនខ្វល់អំពីប្រាក់ដែលពួកគេអាចសន្សំបានក្រោមការកាត់ពន្ធលើតម្លៃបន្ថែមដ៏តិចតួចនេះនោះទេ។ លោកស្រីបានបន្ថែមថា ប្រជាជនវៀត​ណាមភាគច្រើនគិតថា អត្ថប្រយោជន៍ដ៏តិចតួចនេះមិនអាចមានតម្លៃគ្រប់គ្រាន់ដើម្បីលើកទឹកចិត្តពលរដ្ឋឱ្យចំណាយ ឫដើរចាយបានឡើយ ។

ដោយឡែកសម្រាប់អ្នកសេដ្ឋកិច្ចវិទូវៀតណាមមួយចំនួនបានអំពាវនាវឱ្យរដ្ឋាភិបាលពន្លឿនការផ្តល់ប្រាក់បង្វិលសងពន្ធលើតម្លៃបន្ថែម ដើម្បីជួយដល់ក្រុមហ៊ុនចេញពីការលំបាកផ្នែកហិរញ្ញវត្ថុរបស់ពួកគេ និងរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព៕