(កែប)៖ គម្រោងសាងសង់កំពង់ផែទេសចរណ៍នៅកោះទន្សាយ មានចម្ងាយប្រមាណជាង ៤គីឡូម៉ែត្រ ពីខេត្តកែប សម្រេចបានប្រមាណជិត៥០% គិតត្រឹមខែតុលា បន្ទាប់ពីបើការដ្ឋានសាងសង់នៅចុងឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ៅ សុខា អភិបាលរងខេត្តកែប។
ឯកឧត្តម វ៉ៅ សុខា បានឱ្យដឹងថា ប្រតិភូតំណាងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែប បានចូលរួមចុះត្រួតពិនិត្យការដ្ឋាន គម្រោងសាងសង់ផ្លូវអមតាមឆ្នេរ និង គម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ កាលពីដើមសប្តាហ៍កន្លងទៅ។
ឯកឧត្តមបន្ត៖ “កំពង់ផែទេសចរណ៍កោះទន្សាយ នឹងបញ្ចប់ការសាងសង់ នៅត្រឹមខែមករា ឆ្នាំ២០២៤ ខាងមុខនេះ”។
កំពង់ផែ នៅកោះទន្សាយនេះ ត្រូវបានកសាងឡើងគ្រោងចំណាយថវិកាប្រមាណជាង១,៦លានដុល្លារ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ដោយឡែក គម្រោងមួយទៀតគឺផ្លូវប្របមាត់សមុទ្រនៅលើកោះទន្សាយ ដែលស្ថិតក្រោមកម្ចីឥណទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី សម្រេចលទ្ធផលចំនួន៨០%៕