Alynana Media Cambodia
Icon Collap
clinic narit

អាមេរិក និងប្រទេសលោកខាងលិច ៥ ទៀតអ៊ីស្រាអែល គោរពច្បាប់​មនុស្សធម៌អន្តរជាតិ និងការពារជនស៊ីវិល

Admin Alynana | Oct 24, 2023
អាមេរិក និងប្រទេសលោកខាងលិច ៥ ទៀតអ៊ីស្រាអែល គោរពច្បាប់​មនុស្សធម៌អន្តរជាតិ និងការពារជនស៊ីវិល
Clinic narith

មេដឹកនាំសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចចំនួន ៥ ផ្សេងទៀតបានអះអាងឡើងវិញនូវការគាំទ្ររបស់ពួកគេចំពោះអ៊ីស្រាអែល ចំពេលមានការប្រយុទ្ធគ្នាជាមួយក្រុមហាម៉ាស់ ប៉ុន្តែមេដឹកនាំទាំងនោះ​ក៏បាន​ជំរុញ​ឲ្យ​អ៊ីស្រាអែល​គោរព​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​ការពារ​ជនស៊ីវិលផងដែរ ។

សេតវិមានបានប្រកាសកាលពីថ្ងៃចន្ទថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជជែកតាមទូរស័ព្ទជាមួយមេដឹកនាំនៃចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងកាណាដា ហើយមេដឹកនាំទាំងនោះសុទ្ធតែរំឭកពីការគាំទ្ររបស់ពួកគេចំពោះអ៊ីស្រាអែល និងសិទ្ធិការពារខ្លួនប្រឆាំងអំពើភេរវកម្ម ។

ស្របពេលជាមួយគ្នានេះ មេដឹកនាំទាំងអស់ក៏បានអំពាវនាវឲ្យអ៊ីស្រាអែលកាត់បន្ថយផលប៉ះពាល់តិចបំផុតទៅដល់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីបផងដែរ ខណៈរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu កំពុងបង្កើនការវាយប្រហារតាមអាកាសសំដៅលើមូលដ្ឋានរឹងមាំរបស់ក្រុមហាម៉ាស់ ។

ទន្ទឹមនោះ បណ្ដាមេដឹកនាំទាំង ៦ ក៏បានស្វាគមន៍ចំពោះក្បួនរថយន្តសង្គ្រោះមនុស្សធម៌ចំនួន ២០ គ្រឿងដំបូងចូលទៅកាន់តំបន់ហ្គាហ្សា ហើយបានប្តេជ្ញាបន្តការសម្របសម្រួលជាមួយដៃគូក្នុងតំបន់ ដើម្បីធានាឲ្យបាននូវការផ្គត់ផ្គង់អាហារ ទឹក ការថែទាំវេជ្ជសាស្រ្ត និងជំនួយផ្សេងទៀតដើម្បីបំពេញតម្រូវការមនុស្សធម៌ប្រកបដោយស្ថិរភាព ។

ជាចុងក្រោយ មេដឹកនាំទាំងអស់ក៏បានអំពាវនាវឲ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងប្តេជ្ញាសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីគាំទ្រប្រជាជនរបស់ពួកគេ ជាពិសេសអ្នកដែលមានបំណងចាកចេញពីតំបន់ហ្គាហ្សា ៕

គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់សប្ដាហ៍ទី ២ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។

ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៤,៦០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្ស​ជាង ១៤,០០០ នាក់បាន​រង​របួស ៕