មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) រឹបអូសសាច់បង្កកចម្រុះខូចគុណភាព មានផ្ទុកសារធាតុគីមីហាមឃាត់ និងមេរោគចម្លង បានជិត២ពាន់តោន នៅ៩ខែឆ្នាំនេះ មានការកើនឡើង១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សាច់បង្កកខូចគុណភាពចម្រុះទាំងនេះ ត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប.យកទៅកម្ទេចចោល ព្រមទាំងពិន័យអន្តរការណ៍ចំពោះបុគ្គល ដែលប្រព្រឹត្តបទល្មើសតាមនីតិវិធីច្បាប់។
ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានគូសបញ្ជាក់ថា ក្នុងគោលបំណងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ និងជំរុញឱ្យបរិយាកាសនៃការប្រកួតប្រជែងក្នុងពាណិជ្ជកម្មប្រព្រឹត្តទៅប្រកបដោយសមធម៌ និងយុត្តិធម៌ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធបានចុះត្រួតពិនិត្យទីតាំងស្តុកសាច់ និងចែកចាយនៅតាមផ្សារនានា និងចេញប្រតិបត្តិការបង្ក្រាបការនាំចូលសាច់បង្កកខូចគុណភាពជាបន្តបន្ទាប់។ ជាក់ស្តែងនៅក្នុងរយៈពេល៩ខែកន្លងមកនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប រឹបអូសសាច់បង្កកខូចគុណភាព មានផ្ទុកសារធាតុគីមីហាមឃាត់ និងមេរោគបានជិត២ពាន់តោន កើនឡើង១៥% បើធៀបនឹងបរិមាណដែលរឹបអូសបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ផលិតផលផលសាច់ខូចគុណភាពទាំងនេះ ត្រូវបានមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. រឹបអូសយកទៅកម្ទេចចោល ព្រមទាំងបានពិន័យអន្តរការណ៍ចំពោះបុគ្គលប្រព្រឹត្តល្មើសស្របតាមនីតិវិធីច្បាប់ផងដែរ។ នេះបើតាមការអះអាងរបស់ឯកឧត្តម ផាន អូន ដែលបានបន្ថែមថា ផលិតផលសាច់បង្កកទាំងនេះមួយចំនួនធំ ត្រូវបានដឹកជញ្ជូនចូលពីបណ្តាប្រទេសជាប់ព្រំដែនជាមួយប្រទេសកម្ពុជាតាមរយៈរថយន្ត។
ថ្នាក់ដឹកនាំរូបនេះបានសង្កត់ធ្ងន់ថា ការបរិភោគសាច់បង្កកដែលខូចគុណភាព នឹងបណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ ពិសេសផលិតផលដែលមានផ្ទុកសារធាតុគីមីហាមឃាត់ ឬមានចម្លងនូវមេរោគ ដែលអាចបង្កឱ្យមានជំងឺជាច្រើនប្រភេទដល់មនុស្ស ឬសត្វ។ ជាមួយគ្នានេះ ដើម្បីទប់ស្កាត់ និងលុបបំបាត់ការនាំចូលសាច់បង្កកខូចគុណភាពពីប្រទេសជិតខាងចូលមកកម្ពុជា ថ្នាក់ដឹកនាំរូបនេះប្តេជ្ញាថា មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប នឹងបង្កើនការសហការជាមួយអាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យឃ្លាំងស្តុក និងចែកចាយសាច់បង្កកនៅតាមផ្សារនានាទូទាំងប្រទេស សំដៅធានាការពារសុខភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក៏ដូចរក្សាបរិយាការប្រកួតប្រជែងក្នុងការធ្វើពាណិជ្ជកម្ម។
រំហូរចូលសាច់បង្កកគ្មានប្រភពច្បាស់លាស់នេះ ក៏កំពុងធ្វើឱ្យប៉ះពាល់ដល់ការចិញ្ចឹមសត្វក្នុងស្រុកផងដែរ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា រំហូរចូលសាច់បង្កកយ៉ាងអនាធិបតេយ្យនេះបានធ្វើឱ្យអ្នកចិញ្ចឹមសត្វ ពិសេសអ្នកចិញ្ចឹមជ្រូកមួយចំនួនក្ស័យធន និងមួយចំនួនបង្ខំចិត្តឈប់ចិញ្ចឹម ដោយសារការហូរចូលសាច់បង្កកពីប្រទេសជិតខាង បានទាញទម្លាក់តម្លៃ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ដែលជាអ្នកចិញ្ចឹមសត្វ។ ហើយបញ្ហានេះ ក៏កំពុងធ្វើឱ្យថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធឈឺក្បាលវិលមុខផងដែរ៕