ខណៈបញ្ហានៅមជ្ឈិមបូព៌ាកាន់តែឡើងកម្តៅដែលអាចរាលដាលទៅជាសង្គ្រាមឆាបឆេះក្នុងតំបន់យ៉ាងងាយនោះ មហាអំណាចពិភពលោក លេខ ១ និងលេខ ២ ដែលតែងដើរបញ្ច្រាសគ្នា រកពេលវេលាដើម្បីជួបសន្ទនាគ្នា។
យោងតាមសេចក្តីរាយការណ៍នានា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ដែលគ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីនកែន (Antony Blinken) នៅទីក្រុងវ៉ាស៊ីនតោននៅចុងសប្តាហ៍នេះ ដែលជាការត្រួសត្រាយផ្លូវសម្រាប់ជំនួបដ៏កម្ររបស់ប្រមុខដឹកនាំមហាអំណាចទាំង ២ ខាងមុខនេះ។
ប្រទេសចិនមិនទាន់បានប្រកាសនោះ ទេថាតើប្រធានាធិបតី លោក ស៊ី ជីនពីង (Xi Jinping) នឹងទទួលយកការអញ្ជើញរបស់ប្រធានាធិបតី ចូ បៃដិន (Joe Biden) ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅខែក្រោយឬក៏យ៉ាងណានោះទេ ដែលអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC។
ប៉ុន្តែសេចក្តីរាយការណ៍នានា បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ជាការរៀបចំបើកផ្លូវសម្រាប់កិច្ចប្រជុំកំពូលរវាងលោក ស៊ី និងលោក បៃដិន។
គេសង្កេតឃើញថា ប្រទេសចិន បានបញ្ជូនគណៈប្រតិភូជាច្រើនទៅកាន់អាមេរិកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលនេះបានបង្ហាញឱ្យឃើញថា ទីក្រុងប៉េកាំង កំពុងចាប់អារម្មណ៍លើការកែលម្អទំនាក់ទំនងជាមួយអាមេរិក បើទោះជាប្រទេសទាំង ២ មានការខ្វែងគំនិតគ្នាខ្លាំងលើបញ្ហាជាច្រើនក៏ដោយ។
ក្រៅពីដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី គណៈប្រតិភូធុរកិច្ចចិន វប្បធម៌ និងកីឡា ក៏នឹងធ្វើទស្សនកិច្ចនៅទីក្រុងញូវយ៉កក្នុងសប្តាហ៍នេះផងដែរ ដែលគ្រប់ជំនួបកំពុងចាត់វិធានការកែលម្អទំនាក់ទំនង និងត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលរវាងមេដឹកនាំរបស់ពួកគេ។
កិច្ចចរចារវាងអាមេរិក និងចិនកាន់តែមានផលិតភាព ដោយភាគីទាំង ២ កំពុងងាកចេញពីការប្រឈមមុខដាក់គ្នាក្នុងប៉ុន្មានខែថ្មីៗនេះ និងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការកាន់តែប្រសើរ។ នេះជាការវិវឌ្ឍជាវិជ្ជមានមួយ ព្រោះជាការបង្ហាញថាប្រទេសទាំង ២ មានឆន្ទៈសហការគ្នាដើម្បីដោះស្រាយបញ្ហាចម្រូងចម្រាសដែលពួកគេធ្លាប់ប្រឈមកន្លងមក។
ថ្វីបើមានការជជែកគ្នាដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការកន្លងមកខ្លះធ្លាប់កើតមាន ក៏ប៉ុន្តែប្រធានាធិបតីចិន ហាក់ដូចជាមិនចាប់អារម្មណ៍លើការបង្កើតទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកនោះទេ។ ជាឧទាហរណ៍ កាលពីពេលថ្មីៗនេះ ប្រទេសចិន បានធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដែលជាទង្វើបង្ហាញឱ្យឃើញពីការចង់បន្តទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី។
គិតរហូតមកទល់ពេលនេះ ប្រធានាធិបតីចិនមិនបានទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកម្ដងណានៅឡើយទេរាប់ចាប់តាំងពីឆ្នាំ ២០១៧ មក ហើយលោកប្រធានាធិបតី បៃដិនក៏មិនបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន នោះដែរ រាប់ចាប់តាំងពីលោកបានក្លាយជាប្រធានាធិបតីអាមេរិក។ មេដឹកនាំទាំង ២ បានជួបគ្នាម្តងនៅប្រទេសឥណ្ឌូនេស៊ីកាលពីខែវិច្ឆិកាឆ្នាំមុនក្នុងកិច្ចប្រជុំ G20 ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំង ២ នៅតែបន្តធ្លាក់ចុះ។
ជំហររបស់ប្រទេសទាំង ២ ចំពោះសង្គ្រាមរវាងអ៊ីស្រាអែលប៉ាឡេស្ទីនក៏មានភាពខុសគ្នា ដោយសារអាមេរិកគាំទ្រអ៊ីស្រាអែលពេញទំហឹង ខណៈប្រទេសចិន បានគាំទ្ររដ្ឋអារ៉ាប់ប៉ាឡេស្ទីន ក៏ដូចជារដ្ឋអារ៉ាប់ជាច្រើនទៀត និងបរិហារគោលនយោបាយមជ្ឈិមបូព៌ារបស់អាមេរិក៕