Alynana Media Cambodia
Icon Collap
clinic narit

កម្ចីខូចក្នុងប្រព័ន្ធធនាគារវៀតណាមឡើងដល់ជាង១៧ពាន់លានដុល្លារ ខណៈអចលនទ្រព្យជាប់គាំង

Media LNN | Oct 25, 2023
កម្ចីខូចក្នុងប្រព័ន្ធធនាគារវៀតណាមឡើងដល់ជាង១៧ពាន់លានដុល្លារ ខណៈអចលនទ្រព្យជាប់គាំង
Clinic narith

ឆ្នាំ២០២៣ សេដ្ឋកិច្ចសកលកាន់តែដុនដាបដែលធ្វើឲ្យប៉ះពាល់ការរស់នៅរបស់មនុស្ស អាជីវកម្មនិងក្រុមហ៊ុនជាច្រើន ជាពិសេសការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលនេះធ្វើឲ្យមនុស្សរកលុយលែងបាន គ្មានលទ្ធភាពបង់សងទៅធនាគារ ដូច្នេះហើយកម្ចីខូចក្នុងប្រព័ន្ធធនាគារមានការកើនឡើង។ ជាក់ស្ដែងកម្ចីខូចក្នុងប្រព័ន្ធធនាគារវៀតណាមបានបន្តកើនឡើងយ៉ាងខ្លាំង។

បើយោងតាមការចុះផ្សាយរបស់ Viet Nam News បានឲ្យដឹងថាកម្ចីខូចនៅក្នុងប្រព័ន្ធធនាគារវៀតណាមបានកើនឡើងពី២%នៅដើមឆ្នាំ២០២៣ដល់៣.៥៦% គិតជាទឹកប្រាក់ជាង៤៤០ពាន់ពាន់លានដុង( ប្រមាណជាជាង១៧ពាន់លានដុល្លារ )។ នេះបើយោងតាមទិន្នន័យពីធនាគារកណ្ដាលរបស់វៀតណាមគិតត្រឹមខែកក្កដាឆ្នាំ២០២៣នេះ។

កម្ចីខូចទាំងនោះគឺរាប់បញ្ចូលទាំងកម្ចីនៃធនាគារធំៗចំនួន៥មានដូចជាធនាគារ SCB, Dong A bank, CBBank, OceanBank និងGPBank ដែលធនាគារទាំង៥នេះគឺស្ថិតនៅក្នុងការគ្រប់គ្រងពិសេសរបស់ធនាគារកណ្ដាលរបស់វៀតណាម ហើយក្រៅពីធនាគារទាំង៥នេះកម្ចីខូចសរុបមានត្រឹមតែ១.៩២%ប៉ុណ្ណោះ។

លោកស្រី Nguyễn Thị Hồng ទេសាភិបាលនៃធនាគារកណ្ដាលរបស់វៀតណាមបានឲ្យដឹងថាត្រឹមចុងខែកញ្ញាឆ្នាំ២០២៣នេះផលបត្រកម្ចីនៅក្នុងប្រព័ន្ធធនាគារវៀតណាមបានកើនឡើងជាង៥%។ ក្នុងនោះដែរកម្ចីខូចនៅក្នុងវិស័យអចលនទ្រព្យបានកើនឡើងពី១.៨%ដល់២.៥៨%នៅត្រឹមខែកក្កដាឆ្នាំ២០២៣។

គុណភាពនៃការផ្ដល់ឥណទានរបស់ធនាគារជាច្រើនបានបង្ហាញសញ្ញាកាន់តែដុនដាបទៅ។ ហើយធនាគារមួយចំនួនដែលចុះបញ្ជីលើផ្សារភាគហ៊ុនដូចជាធនាគារ  NCB, ABBank, BVBank, VPBank, VietBank, OCB, និងធនាគារ PGBank មានកម្ចីខូចលើសពី៣%។  អ្នកជំនាញមួយចំនួនបានព្យាករថាគុណភាពឥណទាននៃប្រព័ន្ធធនាគារនឹងប្រឈមនឹងសម្ពាធហើយមេដឹកនាំធនាគារធំៗថាកម្ចីដូចនឹងឡើងខ្ពស់នៅត្រីមាសទី៣ឆ្នាំនេះបន្ទាប់មកនឹងចាប់ផ្ដើមមានភាពល្អប្រសើរឡើងវិញនៅដើមឆ្នាំ២០២៤ខាងមុខនេះ។

នៅក្នុងស្ថានភាពបច្ចុប្បន្នការគ្រប់គ្រងកម្ចីខូចប្រឈមនឹងបញ្ហាជាច្រើន ជាពិសេសការកើនឡើងនៃកម្ចីដែលដល់ពេលកំណត់ត្រូវបង់តែគ្មានលទ្ធភាពបង់សងនិងការជាប់គាំងនៃទីផ្សារអចលនទ្រព្យធ្វើឲ្យមានផលពិបាកក្នុងការគ្រប់គ្រងទ្រព្យបញ្ចាំប្រឈមនឹងផលវិបាក៕