ក្រុមប្រទេសជាច្រើនកំពុងស្ថិតក្នុងភាពជាប់គាំង ជុំវិញនីតិវិធីរៀបចំថវិកាក្នុងការជួយប្រទេសមួយចំនួនដើម្បីងើបឡើងវិញនិងកសាងការខូចខាតដែលបណ្តាលមកពីបញ្ហាអាកាសធាតុ ដែលការណ៍នេះ គឺនៅសល់តែប្រមាណជាង៣០ថ្ងៃទៀតប៉ុណ្ណោះ មុនពេលកិច្ចប្រជុំចរចាស្តីពីបញ្ហាអាកាសធាតុរបស់អង្គការសហប្រជាជាតិដ៏សំខាន់មួយ នឹងត្រូវចាប់ផ្តើមធ្វើឡើងក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រទេសចំនួន២៤ដែលពាក់ព័ន្ធនឹងគណៈកម្មាធិការមួយ ដែលត្រូវបានផ្តល់ភារកិច្ចសម្រាប់ចាត់ចែងថវិកាស្តីពីការខូចខាតនិងបាត់បង់ (loss and damage) បានបញ្ចប់កិច្ចប្រជុំចុងក្រោយរបស់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍កន្លងទៅ ក្នុងទីក្រុងAswan ប្រទេសអេហ្ស៊ីប ដោយប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសអភិវឌ្ឍន៍នៅមិនទាន់ចុះសម្រុងគ្នានៅឡើយ ទៅលើបញ្ហាសំខាន់ៗមួយចំនួន ដូចជាថាតើស្ថាប័នណាជាអ្នកគ្រប់គ្រងថវិកានេះ ហើយអ្នកណាជាអ្នកបង់ប្រាក់ និងប្រទេសណាអាចទទួលបានប្រាក់នោះជាដើម។
គណៈកម្មាធិកានេះត្រូវបានរំពឹងថានឹងព្រាងបញ្ជីអនុសាសន៍មួយ ដើម្បីអនុវត្តលើថវិកា ដែលត្រូវបានយល់ព្រមនៅក្នុងការទម្លាយភាពទាល់ច្រកកាលពីឆ្នាំទៅ នៅក្នុងកិច្ចប្រជុំកំពូលស្តីពីបញ្ហាអាកាសធាតុរបស់អង្គកាសហប្រជាជាតិឬ COP27 នៅក្នុងទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប ហើយដែលជាថវិកាទី១របស់អង្គការសហប្រជាជាតិ ដែលត្រូវបានបង្កើតឡើងដើម្បីដោះសា្រយ ការខូចខាតបណ្តាលមកពីបញ្ហាអាកាសធាតុដែលមិនអាចជួសជុលបាន ដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ និងកម្ពស់ទឹកសមុទ្រឡើងខ្ពស់ជាដើម។
ផ្ទុយទៅវិញក្រុមនេះបានយល់ស្របឱ្យមានជំនួបប្រជុំមួយសារទៀត នៅក្នុងរដ្ឋធានីអាប៊ុយដាប៊ី ប្រទេសអេមេរ៉ាត់អារ៉ាប់រួម នៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ នៅមុនសន្និសីទកំពូលអាកាសធាតុអង្គការសហប្រជាជាតិឬ COP28 ដែលនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ ដើម្បីព្យាយាមផ្សះផ្សារលើការមិនចុះសម្រុងគ្នា ដែលជាការដាក់ចេញនូវការសម្របសម្រួលមួយ សម្រាប់ជំនួបចរចាស្តីបញ្ហាអាកាសធាតុ ដែលមានរយៈពេល២សប្តាហ៍។
លោកស្រី Preety Bhandari ទីប្រឹក្សាជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ នៃវិទ្យាស្ថានប្រភពធនធានពិភពលោក និយាយដូចនេះថា៖ «កិច្ចចរចាCOP28ទាំងមូល អាចមិនទទួលបានជោគជ័យ ប្រសិនបើអាទិភាពប្រទេសកំពុងអភិវឌ្ឍន៍ ស្តីពីការផ្តល់ថវិកាដល់ការបាត់បង់និងការខូចខាត មិនត្រូវបានគេលើកយកមកដោះស្រាយឱ្យបានត្រឹមត្រូវនោះទេ»។
ក្នុងចំណោមបញ្ហាខ្វែងគំនិតគ្នាខ្លាំងបំផុតកាលពីសប្តាហ៍កន្លងទៅនេះ គឺថាតើធនាគារពិភពលោក គួរតែជាអ្នកចាត់ចែងរៀបចំថវិកានោះ ដែលជាតួនាទីមួយដែលអាមេរិកនិងប្រទេសអភិវឌ្ឍន៍ដទៃទៀតបានជំរុញឱ្យកើតមាន ឬមួយក៏អង្គការសហប្រជាជាតិត្រូវបង្កើតស្ថាប័នមួយផ្សេងទៀត ដើម្បីចាត់ចែងដំណើរការថវិកានេះ ដូចដែលប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀតចង់បាន ឬយ៉ាងណានោះ។
ការទុកថវិកានៅក្នុងធនាគារពិភពលោក ដែលប្រធានរបស់ធនាគារនេះត្រូវតែងតាំងដោយសហរដ្ឋអាមេរិកនោះ នឹងផ្តល់ដល់ប្រទេសម្ចាស់ជំនួយមានឥទ្ធិពលដ៏ធំមួយ ក្នុងការចាត់ចែងថវិកា ទាំងនេះ ក៏ដូចជាធ្វើឱ្យមានកម្រៃខ្ពស់សម្រាប់ប្រទេសទទួលបានថវិកាទាំងនេះ។ នេះបើតាមការលើកឡើងផ្តល់ហេតុផលរបស់ក្រុមប្រទេសកំពុងអភិវឌ្ឍន៍។
ឯកអគ្គរដ្ឋទូតប្រទេសគុយបាប្រចាំអង្គការសហប្រជាជាតិ លោក Pedro Pedroso Cuesta ដែលជាប្រធាននៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ G77 ថ្លែងដូចនេះថា៖ «នៅក្នុងវប្បធម៌ប្រតិបត្តិការរបស់ខ្លួន វិធីដែលធនាគារពិភពលោកបាននិងកំពុងជួយដល់ប្រទេសជាច្រើន នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ប្រទេសទាំងនេះ ខ្ញុំគិតថាមិនសមទំនងទៅនឹងគោលបំណង ដែលពាក់ព័ន្ធទៅនឹងអ្វីដែលយើងកំពុងសំឡឹងទៅរកមើល លើការសម្រួលដល់ការងារអាកាសធាតុថ្មីនេះឡើយ»។
លោកថ្លែងបន្តដូចនេះទៀតថា ការបង្កើតឱ្យមានស្ថាប័នឯករាជ្យថ្មីមួយ ដើម្បីគ្រប់គ្រងថវិកានេះគឺជាចំនុចស្នូលដ៏សំខាន់មួយ។ ជាការឆ្លើយតបទៅលើការរិះគន់ទាំងនេះ អ្នកនាំពាក្យមួយរូបរបស់ធនាគារពិភពលោក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា៖ «យើងគាំទ្រដំណើរការនេះ និងតាំងចិត្តដើម្បីធ្វើការជាមួយប្រទេសនានា នៅពេលដែលពួកគេបានឯកភាពគ្នា ទៅលើថាតើ ត្រូវរៀបចំយ៉ាងដូចម្តេចលើថវិកានៃកម្មវិធីសម្រាប់ការខូចខាតនិងបាត់បង់នេះ»។
សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសដទៃមួយចំនួនទៀត ចង់ឱ្យមានថវិកាចំគោលដៅច្រើនជាងនេះបន្ថែមទៀត។ សហភាពអឺរ៉ុបចង់ឱ្យមានថវិកាមួយ ផ្តោតលើក្រុមប្រទេសដែលងាយរងគ្រោះខ្លាំងបំផុត ខណៈពេលដែលអាមេរិកនិយាយថា ថវិកានេះគួរផ្តោតទៅលើវិស័យមួយចំនួន ដូចជាផលប៉ះពាល់លើបញ្ហាអាកាសធាតុដែលមានលក្ខណៈញឹកញាប់ ដូចជាកំណើនកម្រិតទឹកសមុទ្រជាដើម។
ប្រទេសជាច្រើនក៏នៅមានការខ្វែងគំនិតគ្នាផងដែរ ជុំវិញថាប្រទេសណាជាអ្នកបង់លុយ។ លោក Brandon Wu នាយកគោលនយោបាយនិងយុទ្ធនាការនៃអង្គការក្រៅរដ្ឋាភិបាល ActionAid របស់អាមេរិក បានអំពាវនាវដល់សហរដ្ឋអាមេរិក ឱ្យដកការទាមទាររបស់ខ្លួនដែលចង់ឱ្យធនាគារពិភពលោកជាអ្នករក្សាទុកថវិកានេះ។
អ្នកចរចាសហរដ្ឋអាមេរិក អ្នកស្រី Christina Chan ទីប្រឹក្សាជាន់ខ្ពស់នៃបេសកជនពិសេសសម្រាប់កិច្ចការអាកាសធាតុអាមេរិក លោក John Kerry បានបដិសេធការរិះគន់ ដែលថាអាមេរិកបង្កើតឱ្យមានឧបសគ្គក្នុងការចម្រើនទៅមុខនៃថវិកាលើកម្មវិធីបាត់បង់និងខូចខាតនេះ។
អ្នកស្រីបាននិយាយដូចនេះថា៖ «យើងបានធ្វើការដោយសេចក្តីព្យាយាម នៅគ្រប់ចំណុចទាំងអស់ ដើម្បីដោះស្រាយការព្រួយបារម្ភ ដោះស្រាយបញ្ហានានា ក្នុងការស្វែងរកចំណុចដែលអាចសម្រេចបាន»៕