យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថៃបានសម្រេចបញ្ចុះតម្លៃទិដ្ឋាការការងារដល់កម្មករនិយោជិតកម្ពុជាពីចំនួន៥២ដុល្លារអាមេរិក មកត្រឹមប្រមាណ១៣ដុល្លារអាមេរិក ដោយអត្រាថ្មីនេះនឹងចាប់ផ្តើមអនុវត្តនៅក្នុងខែធ្នូ ឆ្នាំ២០២៣។
ការលើកឡើងរបស់ ឯកឧត្តម ហេង សួរ នេះបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយកម្មករនិយោជិតជាង១ម៉ឺននាក់ នៅខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
ក្នុងនោះ ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ថា “តាមរយៈលទ្ធផលនៃជំនួបទ្វេភាគីរបស់សម្តេចធិបតីជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីថៃដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីចុងខែកញ្ញា កន្លងទៅនេះ រាជរដ្ឋាភិបាលថៃបានឯកភាពតាមសំណើ និងការលើកឡើងរបស់សម្ដេចធិបតី ដែលស្នើសុំឲ្យភាគីថៃសម្របសម្រួល និងបន្ថយនូវបន្ទុកចំណាយផ្សេងៗ” ។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា “ឥឡូវនេះ រាជរដ្ឋាភិបាលថៃបានសម្រេចបញ្ចុះតម្លៃទិដ្ឋាការការងារដល់បងប្អូនកម្មករនិយោជិតដែលពីមុនមានចំនួន១៩០០បាត (ប្រមាណ៥២ដុល្លារអាមេរិក) ឥឡូវនេះមកត្រឹមតែ៥០០បាត (ប្រមាណ១៣ដុល្លារអាមេរិក) តែប៉ុណ្ណោះ ដែលអត្រាថ្មីនេះគឺនឹងចាប់ផ្តើមអនុវត្តនៅក្នុងខែ១២ ឆ្នាំ២០២៣ ខាងមុខនេះ”។
យ៉ាងណាមិញក្នុងជំនួបទ្វេភាគីជាមួយ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ និង សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត កាលពីខែកញ្ញាកន្លងទៅខណៈពេលដែលនាយករដ្ឋមន្រ្តីថៃបានអញ្ជើញបំពេញទស្សនៈកិច្ចផ្លូវការនៅកម្ពុជា ភាគីទាំងពីរបានបង្ហាញនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងប្រទេសទាំងពីរលើពហុវិស័យ។
ក្នុងនោះភាគីថៃក៏បានពិចារណាដោយយកចិត្តទុកបំផុតចំពោះសំណើដែលឱ្យមាននីតិវិធីអន្តោប្រវេសន៍ និងការសម្រួលនៅតាមព្រំដែនប្រសើរជាងមុន ព្រមទាំងពន្លឿននីតិវិធីបង្កើតអគ្គកុងស៊ុលកម្ពុជានៅក្នុងខេត្តសុងក្លា ដើម្បីពង្រីកសេវាកុងស៊ុលជូនប្រជាពលរដ្ឋកម្ពុជាដែលធ្វើការ និងស្នាក់នៅក្នុងភាគខាងត្បូងនៃប្រទេសថៃផងដែរ។
គួរបន្ថែមផងដែរថាបើតាមរបាយកាណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ ពលករកម្ពុជាចំនួន១,២លាននាក់ កំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ៕