ភ្នំពេញ ៖ មន្រ្តីអគ្គនាយករដ្ឋាពន្ធដារ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់យានយន្ត អញ្ជើញទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឲ្យបានរួសរាន់ និងការធ្វើបច្ចុប្បន្នភាពយានយន្តឲ្យបានទាន់ពេលវេលា ចៀងវាងការខកខានមិនបានបង់ពន្ធដោយប្រការណាមួយ ។
លោក ជួប ចាន់ដារ៉ា អនុប្រធានការិយាល័យនៃនាយកដ្ឋានពន្ធអចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនៅក្នុងកម្មវិធីពន្ធដារកម្ពុជា ស្តីពីពន្ធលើមធ្យោបាយដឹកជញ្ជូន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នេះថា ទាក់ទងការបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូននេះ អគ្គនាយកដ្ឋានពន្ធដារបានបង្កើត App មួយដែលមានឈ្មោះថា កម្មវិធីគណនាពន្ធមធ្យោបាយ សម្រាប់ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទ, ជុំវិញការបង់ពន្ធតាមរយៈ App នេះ គឺបានផ្តល់នូវភាពងាយស្រួលដល់ បងប្អូនប្រជាពលរដ្ឋ ក្នុងការបង់ពន្ធលើយានយន្តរបស់ខ្លួន ដោយមិនចំណាយពេលវេលាធ្វើដំណើរទៅទិញតាលកបត្រនោះឡើយ។
ជុំវិញបញ្ហានេះ លោក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់យានយន្ត សូមអញ្ជើញមកបង់ពន្ធលើមធ្យោ បាយដឹកជញ្ជូនឲ្យបានរួសរាន់ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានយានយន្តដូចជា ការធ្វើបច្ចុប្បន្នភាពម្ចាស់យានយន្ត, ការផ្លាស់ប្តូរផ្លាក លេខពីធម្មតាទៅលេខពិសេស, ការដំឡើងយីឌុប ឬហៅភ្លៅពីរទៅបី ឬការកែពីភ្លៅបីមកពីរជាដើម គឺត្រូវមកធ្វើបច្ចុប្បន្នភាពយានយន្ត ដើម្បីបង់ពន្ធឲ្យទាន់ពេលវេលា ដើម្បីចៀងវាងនូវការកក់ស្ទះ ឬការខកខានដោយប្រការណាមួយ ដែលការបង់ពន្ធនឹងត្រូវបញ្ចប់នៅចុង ខែ វិច្ឆិការ ខាងមុខ។
សូមបញ្ជាក់ថា ជុំវិញការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន នៅក្នុងឆ្នាំ ២០២២ កន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ អនុវត្តការប្រមូល ចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទ បានចំនួនជាង ៨៨ ម៉ឺនគ្រឿង សរុបជាថវិការមានចំនួនជាង ៤២២ ប៊ីលានរៀល ត្រូវប្រមាណជាង ១០៥ លានដុល្លារ ស្មើជាង ១៣០ ភាគរយនៃផែនការប្រចាំឆ្នាំ ៕