Alynana Media Cambodia
Icon Collap
clinic narit

ព្រលានយន្តហោះសៀមរាមថ្មីផ្តល់ការងារជាង៤០០កន្លែង និងទទួលបានអ្នកដំណើរជាង២ពាន់នាក់ក្នុង១ថ្ងៃ

Media LNN | Oct 27, 2023
ព្រលានយន្តហោះសៀមរាមថ្មីផ្តល់ការងារជាង៤០០កន្លែង និងទទួលបានអ្នកដំណើរជាង២ពាន់នាក់ក្នុង១ថ្ងៃ
Clinic narith

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានផ្តល់ការងារជូនបុគ្គលិក និងកម្មករជាតិ និងអន្តរជាតិជាង៤រយកន្លែង ដែលភាគច្រើនជាពលរដ្ឋខ្មែរមានរហូតដល់ជាង៣៦០នាក់។ បុគ្គលិកកម្មករទាំងនេះភាគច្រើនលើសលប់ជាអ្នកបម្រើការងារនៅព្រលានយន្តហោះសៀមរាបចាស់។ ក្រោយបើកទទួលជើងហោះហើរជាផ្លូវការកាលពីកណ្តាលខែតុលា ព្រលានយន្តហោះសៀមរាបថ្មីនេះទទួលបានអ្នកដំណើរជាមធ្យមប្រមាណ២ពាន់៦រយនាក់ក្នុងមួយថ្ងៃ មានការកើនឡើងជាង១ពាន់នាក់។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលទើបទទួលជើងហោះហើរកាលពីពេលថ្មីៗ បានផ្តល់ការងារជូនបុគ្គលិក និងកម្មករចំនួន៤៤៧នាក់ ក្នុងនោះមានបុគ្គលិកគ្រប់គ្រង និងបច្ចេកទេសជនជាតិចិន ចំនួន៨២នាក់ និងបុគ្គលិកគ្រប់គ្រង និងនិយោជិកខ្មែរចំនួន៣៦៥នាក់។ ក្នុងចំណោមបុគ្គលិកទាំងនេះ ភាគច្រើនលើសលប់ត្រូវបានពីផ្ទេរពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ដែលបានបិទដំណើរការកាលពីពេលថ្មីៗ។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះក្រោយបើកទទួលជើងហោះហើរជាផ្លូវការកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ព្រលានយន្តហោះសៀមរាបថ្មីទទួលបានអ្នកដំណើរជាមធ្យម២ពាន់៦រយនាក់ក្នុងមួយថ្ងៃ មានកើនឡើងជាង១ពាន់នាក់ បើធៀបនឹងចំនួនអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ដែលមានជាង១ពាន់នាក់ក្នុងមួយថ្ងៃ។ ការកើនឡើងចំនួនអ្នកដំណើរនៅព្រលានយន្តហោះសៀមរាបថ្មីនាពេលនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់រូបនេះវាយតម្លៃថា អាចមកពីខែតុលា គឺជារដូវភ្ញៀវច្រើន ដោយចំនួនអ្នកដែលធ្វើដំណើរមានប្រមាណ៨០%នៃចំនួនកៅអីយន្តហោះនីមួយៗ។

បើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បច្ចុប្បន្ននេះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានហ៊ុនអាកាសចរណ៍ហោះហើរចេញ-ចូលចំនួន៧ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនបរទេសចំនួន៦ និងក្រុមហ៊ុនក្នុងស្រុកចំនួន១។ បច្ចុប្បន្នក្រុមហ៊ុនទាំងនេះមានជើងហោះហើរទៅមកចំនួន៣៤ជើងក្នុងមួយថ្ងៃ។

គួរបញ្ចាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានចម្ងាយ៤០គីទ្បូម៉ែត្រ ពីប្រាសាទអង្គរវត្ត និង៥១គីទ្បូម៉ែត្រ ពីក្រុងសៀមរាប ត្រូវបានសាងសងក្រោមទុនវិនិយោគ១ពាន់១រយលានដុល្លារអាម៉េរិក ក្រោមលក្ខខណ្ឌវិនិយោគ ប្រតិបត្តិការ ផ្ទេរ (BOT)។

អាកាសយាន្តដ្ឋានអន្តរជាតិ ដែលអាចឱ្យយន្តហោះអន្តរទ្វីបធុនធំអាចចុះចតបាននេះ មានចំណតសម្រាប់ចតអាកាសយានចំនួន៣៨ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន៧លាននាក់ក្នុងមួយឆ្នាំសម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន១២លាននាក់ ក្នុងមួយឆ្នាំចាប់ពី២០៤០។ ជាមួយគ្នានេះ អាកាសយាន្តដ្ឋាននេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន១ម៉ឺនតោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៣ និង២ម៉ឺន៦ពាន់តោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពីជាង៦ម៉ឺន៥ពាន់ជើងក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៣ ទៅជាង១១ម៉ឹន២ពាន់ជើងក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៤០៕