ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) របស់វៀតណាម VinFast កំពុងត្រៀមលក្ខណៈសម្រាប់ការពង្រីកទីផ្សារដ៏ធំ ដោយមានផែនការបង្កើតរោងចក្រផលិតនៅក្នុងប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី។ ការផ្លាស់ប្តូរដ៏មានមហិច្ឆតានេះ ត្រូវបានគាំទ្រដោយការបញ្ចូលដើមទុនដែលបានគ្រោងទុកចំនួន ១,២ពាន់លានដុល្លារ ពីស្ថាបនិករបស់ខ្លួន និងអ្នកវិនិយោគផ្សេងទៀត។ ដោយទើបតែនឹងបានចុះបញ្ជីថ្មីៗនៅ Nasdaq ក្រុមហ៊ុន VinFast ស្រមៃថានឹងចូលទីផ្សារចំនួន៥០ នៅទូទាំងពិភពលោកត្រឹមចុងឆ្នាំ ២០២៤ នេះបើយោងតាមសារព័ត៌មាន Asia Nikkei បានចេញផ្សាយ។
ការចុះបញ្ជីមូលបត្រចុងក្រោយបំផុតរបស់ក្រុមហ៊ុន ទទួលបានផលចំណេញច្រើន ដែលបណ្តាលឱ្យមានការសន្សំទុនបានចំនួន ៤០០លានដុល្លារ។ មូលនិធិដ៏ច្រើននេះ បានគ្រប់ល្មមនឹងត្រូវយកមកទ្រទ្រង់ដល់ការសាងសង់រោងចក្រផលិតថ្មីចំនួនពីរនៅឥណ្ឌានិងឥណ្ឌូនេស៊ីនេះ។
សេចក្តីថ្លែងការណ៍របស់ VinFast ពន្យល់ថា “ការសន្សំទុនបានទាំងនេះ នឹងប្រើប្រាស់ក្នុងការសាងសង់រោងចក្រ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ និងប្រទេសឥណ្ឌា ដែលជាទីផ្សាររថយន្តធំជាងគេទីបីនៅលើពិភពលោក” ។ គម្រោងរោងចក្រទាំងនេះ បង្ហាញពីចេតនារបស់ VinFast ក្នុងការដឹកជញ្ជូនគ្រឿងបង្គុំ ពីទីក្រុង Hai Phong ប្រទេសវៀតណាម សម្រាប់ដំឡើងទាំងនៅក្នុងប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី។ ក្រុមហ៊ុនមានគោលបំណងសម្រេចបាននូវសមត្ថភាពផលិត EV ប្រចាំឆ្នាំចំនួន ៥0.000 គ្រឿងក្នុងមួយកន្លែង ដោយការផលិតគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៦។
នៅក្នុងត្រីមាសទី ៣ ក្រុមហ៊ុន VinFast បានរាយការណ៍ពីការលក់រថយន្តប្រភេទ EV បានចំនួន ១០.០២៧ គ្រឿង ដែលជាការកើនឡើងតិចតួចពីចំនួន ៩.៥៣៥ គ្រឿងដែលបានលក់នៅក្នុងត្រីមាសទីពីរ។ គួរកត់សម្គាល់ថាផ្នែកសំខាន់នៃការលក់ទាំងនេះត្រូវបានផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនតាក់ស៊ីរបស់ស្ថាបនិក Pham Nhat Vuong។
នៅក្នុងខែឧសភា VinFast បានធ្វើសេចក្តីប្រកាសដ៏សំខាន់មួយថា ខ្លួននឹងណែនាំរថយន្ត EV ថ្មី ចូលទៅក្នុងទីផ្សារ នៅទូទាំងអាស៊ីអាគ្នេយ៍ អឺរ៉ុប និងកាណាដា។ នៅឆ្នាំនេះ ក្រុមហ៊ុនបានបញ្ចូលឈ្មោះរបស់ខ្លួនក្នុងប្រវត្តិសាស្ត្រ ថាជាក្រុមហ៊ុនវៀតណាមដំបូងគេដែលនាំចេញយានជំនិះទៅកាន់សហរដ្ឋអាមេរិក ទោះជាយ៉ាងណាក៏ដោយ រថយន្តទាំងនេះបានជួបប្រទះការរិះគន់នៅក្នុងឧស្សាហកម្មនេះ ជាពិសេសទាក់ទងអំពីការព្រួយបារម្ភអំពីសុវត្ថិភាព។ ទន្ទឹមនឹងរថយន្ត EV របស់ខ្លួន VinFast ក៏ផលិតម៉ូតូអគ្គិសនី និងរថយន្តក្រុងផងដែរ នៅក្នុងប្រទេសវៀតណាម៕