(ប៉េកាំង)៖ នាព្រឹកថ្ងៃសុក្រនេះ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសចិន បានរាយការណ៍ថា លោក លី ខឺឈាង (Li Keqiang) ដែលជាអតីតនាយករដ្ឋមន្រ្តីចិន ទើបតែបានទទួលមរណភាព ដោយសារជំងឺគាំងបេះដូងភ្លាមៗតែម្តងនៅទីក្រុងសៀងហៃ ក្នុងវ័យ៦៨ឆ្នាំ នាម៉ោង០០៖១០នាទីយប់ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្រោយវិធានការជួយសង្រ្គោះទាំងអស់បានបរាជ័យ។ ខាងក្រោមនេះ គឺជាប្រវត្តិរូបសង្ខេបរបស់លោក លី៖
១. ព័ត៌មានផ្ទាល់ខ្លួន និងប្រវត្តិការសិក្សា
* លោក លី កើតនៅខែកក្កដា ឆ្នាំ១៩៥៥ ក្នុងទីក្រុងហឺហ្វៃនៃខេត្តអានហួយរបស់ប្រទេសចិន និងមានភរិយាឈ្មោះ Cheng Hong។
* ឆ្នាំ១៩៧៨-១៩៨២ ជានិស្សិតផ្នែកច្បាប់ និងជាប្រធានសហភាពនិស្សិតប្រចាំសាកលវិទ្យាល័យប៉េកាំង។
* ឆ្នាំ១៩៨៨-១៩៩៤ ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតនិងបណ្ឌិតផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យប៉េកាំង។
* ខែកញ្ញា-វិច្ឆិកា ឆ្នាំ១៩៩១ សិក្សានៅសាលាមជ្ឈិមបក្សកុម្មុយនិស្តចិន
២. ប្រវត្តិការងារ
* ខែឧសភា ឆ្នាំ១៩៧៦ ចូលរួមក្នុងបក្សកុម្មុយនិស្តចិន
* ឆ្នាំ១៩៧៤-១៩៧៦ ធ្វើការនៅកងពលតូចតុងលីង សង្កាត់ដាមាវ ក្រុងហ្វឹងយ៉ាង ខេត្តអានហួយ
* ឆ្នាំ១៩៧៦-១៩៧៨ ជាលេខាធិការសាខាបក្សនៃកងពលតូចដាមាវ សង្កាត់ដាមាវ ក្រុងហ្វឹងយ៉ាង ខេត្តអានហួយ
* ឆ្នាំ១៩៨២-១៩៨៣ ជាលេខាធិការនៃគណៈកម្មាធិការសម្ព័ន្ធយុវជនកុម្មុយនិស្តចិន ប្រចាំសាកលវិទ្យាល័យប៉េកាំង និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តចិន
* ឆ្នាំ១៩៨៣-១៩៨៥ ជាប្រធាននាយកដ្ឋានគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តចិន និងជាអគ្គលេខាធិការសហព័ន្ធនិស្សិតទូទាំងប្រទេសចិន ហើយជាសមាជិកលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តចិន
* ឆ្នាំ១៩៨៥-១៩៩៣ ជាសមាជិកលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តចិន និងជាអនុប្រធានសហព័ន្ធយុវជនចិនទូទាំងប្រទេស
* ឆ្នាំ១៩៩៣-១៩៩៨ ជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តចិន និងជាព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្រ្តនយោបាយយុវជនចិន
* ឆ្នាំ១៩៩៨-១៩៩៩ ជាលេខាធិការរងនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តហឺណាន និងជាអភិបាលស្តីទីខេត្តហឺណាន
* ឆ្នាំ១៩៩៩-២០០២ ជាលេខាធិការរងនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តហឺណាន និងជាអភិបាលខេត្តហឺណាន ហើយជាប្រធានបញ្ជាការដ្ឋានគ្រប់គ្រងទឹកជំនន់ទន្លេលឿង
* ឆ្នាំ២០០២-២០០៣ ជាលេខាធិការរងនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តហឺណាន និងជាអភិបាលខេត្តហឺណាន
* ឆ្នាំ២០០៣-២០០៤ ជាលេខាធិការរងនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តហឺណាន និងជាប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជនចិនខេត្តហឺណាន
* ឆ្នាំ២០០៤-២០០៥ ជាលេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តលាវនីង
* ឆ្នាំ២០០៥-២០០៧ ជាលេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តលាវនីង និងជាប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជនខេត្តលាវនីង
* ឆ្នាំ២០០៧-២០០៨ ជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន
* ឆ្នាំ២០០៨-ឆ្នាំ២០១៣ ជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាឧបនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន
* ឆ្នាំ២០១៣-ឆ្នាំ២០១៨ ជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន
គួរបញ្ជាក់ថា លោក លី ខឺឈាង បានបន្តមានតួនាទីជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន រហូតដល់ខែតុលា ឆ្នាំ២០២២ ហើយអាណត្តិជានាយករដ្ឋមន្រ្តីរបស់លោក បានផុតកំណត់ជាផ្លូវការកាលពីខែមីនា ឆ្នាំ២០២៣៕