Alynana Media Cambodia
Icon Collap
clinic narit

គណៈរដ្ឋមន្រ្ដី អនុម័តទាំងស្រុងលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ

Media LNN | Oct 27, 2023
គណៈរដ្ឋមន្រ្ដី អនុម័តទាំងស្រុងលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ
Clinic narith

 

(ភ្នំពេញ)៖ បន្ទាប់ពីបានពិភាក្សាលម្អិត នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ កិច្ចប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្រ្តី ​បានអនុម័តទាំងស្រុងហើយ លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការបង្កើតការរៀបចំ និង​កិច្ច​ដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមាន​របៀប​វារៈ​ចំនួន​៤ ក្នុងនោះមានរបៀបវារៈទី១ គឺ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើត ការរៀបចំ និង​កិច្ច​ដំណើរ​ការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់​នៅព្រឹក​នេះថា «សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើតការរៀបចំ និងកិច្ចដំណើរ​ការ​របស់​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​ វិវាទក្រៅប្រព័ន្ធតុលាការ គណៈរដ្ឋមន្រ្តីអនុម័តហើយ នីតិវិធី​បន្ទាប់​បញ្ជូន​ទៅ​ព្រះ​មហាក្សត្រ ដើម្បីឡាយប្រកាសឱ្យប្រើ»។

អាជ្ញាធរជាតិ​ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី១រូប មានអនុប្រធាន ៤រូប ក្នុងនោះ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ជាអនុប្រធានប្រចាំការ និងមាន​សមាជិក ៧រូប​។

បើតាម ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាជ្ញាធរជាតិ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើង​ដើម្បី​ជា​យន្តការ​បំពេញ​បន្ថែម​ឱ្យ​ប្រព័ន្ធ​ដោះ​ស្រាយ​វិវាទ​នៅ​កម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃ​ការ​ដោះស្រា​យ​វិវាទ​ តាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោល​បំណង​ជួយ​កាត់​បន្ថយ​ការ​កកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតសេវាដោះ​ស្រាយ​វិវាទ​ឱ្យ​កាន់​តែ​ទៅ​កៀក​នឹង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និងធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ។

នៅក្នុង​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់​អនុសាសន៍​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ធ្វើ​យ៉ាងណាកុំឱ្យមានការអនុវត្តត្រួតស៊ីគ្នា ដោយយន្តការថ្មីនេះ។ សម្តេចបានបន្ថែមថា អ្វី​ដែលមាននៅក្នុងយន្តការដែលមានស្រាប់ គឺត្រូវពង្រឹង និងធ្វើការសហការជាមួយគ្នា។

សម្តេច​បានបញ្ជាក់បន្ថែមថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាការផ្តល់​ជម្រើស​បន្ថែម​ដល់​ប្រជាពលរដ្ឋ ក្នុងការដោះស្រាយបញ្ហា ហើយយន្តការថ្មីនេះ ក៏មិនមែន​ធ្វើ​ឡើង​ដើម្បី​បង្ខិត​បង្ខំ​ប្រជាពលរដ្ឋឱ្យត្រូវតែប្រើប្រាស់សេវានេះឡើយ ប៉ុន្តែជាជម្រើសបន្ថែមសម្រាប់ពួកគាត់។ សម្តេចជំរុញធ្វើយ៉ាងណាឱ្យការដោះស្រាយតាមយន្តការនេះមានការប្រថាប់ត្រាបន្ថែមឱ្យមានទម្ងន់​តាម​ផ្លូវច្បាប់។ សម្តេចសង្ឃឹមថា យន្តការថ្មីនេះនឹងអាចជួយដល់ប្រជាពលរដ្ឋ ហើយ​អំពាវ​នាវ​ឱ្យ​មាន​ការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋ៕