(កំពត)៖ ខេត្តកំពត បានរៀបចំអភិវឌ្ឍន៍គោលដៅទេសចរណ៍ចាស់ និងស្ថាបនាគោលដៅទេសចរណ៍ថ្មី ប្រមាណ៣៦កន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិឱ្យទៅទស្សនាកម្សាន្ត ហើយបណ្តាអ្នកផ្តល់ សេវា នៅតាមគោលដៅទេសចរណ៍ទាំងនោះ បានឯកភាពគ្នារក្សាតម្លៃសមរម្យ និងបញ្ចុះតម្លៃសេវាកម្មខ្លួន ថែមទៀត កំលុងខេត្តកំពតរៀបចំពិធីបុណ្យអុំទូក នៅខែក្រោយនេះ ។
ម្ចាស់អាជីវកម្មទេសចរណ៍នៅខេត្តកំពត បាននិយាយថា បច្ចុប្បន្ន បើទោះខេត្តកំពត ទទួលបាន ភ្ញៀវទេសចរជាតិ អន្តរជាតិ តិច ឬច្រើនកម្រិតណាក៏ដោយ ក៏មូលដ្ឋានអាជីវកម្មទេសចរណ៍ រមណីយដ្ឋាន ទេសចរណ៍នានា មិនធ្វើការដំឡើងថ្លៃសេវា និងបង្កើនការផ្តល់សេវាប្រកបដោយគុណភាព និងអភិវឌ្ឍន៍ មូលដ្ឋានទេសចរណ៍ឲ្យល្អថែមទៀត ដើម្បីបង្កើនភាពទាក់ទាញ ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា បច្ចុប្បន្ន ខេត្តកំពត មាន ប៉ូលទេសចរណ៍ចំនួនបីធំៗ រួមមាន៖ ទី១- ប៉ូលទេសចរណ៍តំបន់ម្លិច ទី២- បូកគោ និងទី៣- ប៉ូលទេស ចរណ៍តំបន់ទឹកឈូ ដែលគោលដៅទេសចរណ៍ចាស់ និងបង្កើតថ្មី ចំនួន៣៦កន្លែង ហើយគោលដៅទេសចរណ៍ទាំងនោះ ភាគច្រើនជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ កសិទេសចរណ៍ ដែលមានភាពទាក់ទាញ។
លោក សយ ស៊ីណុល បានបញ្ជាក់ថា បច្ចុប្បន្ន គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ នៅខេត្តកំពត បានបើកដំណើរការឡើងវិញអស់ហើយ ដែលក្នុងរយៈពេល៩ខែ ឆ្នាំនេះ ខេត្តកំពត បានទទួលភ្ញៀវ ទេសចរក្នុងស្រុកដូចសភាពដើមវិញហើយ ចំណែកទេសចរអន្តរជាតិ គឺទទួលបានប្រមាណ៨០% ហើយនឹងត្រឡប់ទៅរកភាពដើមវិញ នៅដំណាច់ឆ្នាំនេះ និងឆ្នាំក្រោយ ៕