ប្រទេសថៃនឹងលើកលែងលក្ខខណ្ឌតម្រូវទិដ្ឋាការសម្រាប់ប្រទេសធំៗ២ នៅលើពិភពលោកគឺប្រទេសឥណ្ឌា និងតៃវ៉ាន់ ចាប់ពីខែវិច្ឆិកានេះដល់ខែឧសភា ឆ្នាំ២០២៤ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
ប្រភពដដែលបានបនិតឱ្យដឹងទៀតថា ចាប់ពីខែមករា ដល់ថ្ងៃខែតុលា ឆ្នាំ២០២៣ នេះ ប្រទេសថៃអាចទាក់ទាញភ្ញៀវទេសចរណ៍បានជិត ២២លាននាក់ ដែលបង្កើតបានប្រាក់ចំណូលរហូតដល់ទៅ ២៥,៦៧ ពាន់លានដុល្លារឯណោះ។
អ្នកនាំពាក្យ Chai Wacharonke បាននិយាយថា ការមកដល់ភ្ញៀវទេសចរណមកពីប្រទេសឥណ្ឌា និងតៃវ៉ាន់អាចចូលទៅក្នុងប្រទេសថៃបានរយៈពេល ៣០ ថ្ងៃ ហើយឥណ្ឌាគឺជាទីផ្សារប្រភពទេសចរណ៍ធំជាងគេទី៤ របស់ប្រទេសថៃ រហូតមកដល់ពេលនេះ។
ជាមួយគ្នានោះដែរ កាលពីកន្លងទៅរដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ក៏ធ្លាប់បានប្រកាសលើកលែងទិដ្ឋាការបណ្ដោះអាសន្នដល់ អ្នកដំណើរចិន និង កាហ្សាក់ស្ថាន ដែលនឹងមកលេងប្រទេសរបស់ខ្លួន។ វិធានការនេះត្រូវបានធ្វើឡើងដើម្បីជួយស្ដារសេដ្ឋកិច្ចជាតិឱ្យស្ទំងើបឡើងវិញលឿន និងការពារប្រទេសពីការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។
វិធានការមួយនេះក៏ជាផ្នែកមួយនៃគោលដៅរបស់រដ្ឋាភិបាលថៃក្នុងការបង្កើនប្រាក់ចំណូលទេសចរណ៍ដល់កម្រិតមួយដែលមានគោលដៅចំនួន ៣.១ពាន់ពាន់លានបាត (ជាង ៨៤ពាន់លានដុល្លារ) នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ។ គិតមកទល់ពេលនេះប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ១៩.៥លាននាក់ ហើយនឹងត្រូវបានគេរំពឹងថាដល់ចុងឆ្នាំនឹងមានចំនួនភ្ញៀវអន្តរជាតិសរុប ២៨លាននាក់៕