សកម្មភាពផលិតកម្មនៅតំបន់អាស៊ី បានធ្លាក់ចុះម្តងទៀតកាលពីខែតុលា ដោយសារជម្លោះនៅមជ្ឈិមបូព៌ាបានជំរុញឱ្យតម្លៃប្រេងឡើងថ្លៃ ការចំណាយកើនឡើង ហើយតម្រូវការពិភពលោកនៅតែស្ថិតក្រោមសម្ពាធ។ ប្រទេសភាគច្រើននៅទូទាំងតំបន់បានរាយការណ៍ថា បានបន្តរងសម្ពាធពីអតិផរណាតម្លៃ ទិន្នផលធ្លាក់ចុះ និងការបញ្ជាទិញថ្មី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
បើយោងតាមសន្ទស្សន៍អ្នកគ្រប់គ្រងការទិញដែលបានចេញផ្សាយកាលពីថ្ងៃពុធ ដោយក្រុមហ៊ុន S&P Global និងធនាគារ AU Jibun បានឱ្យដឹងថា សកម្មភាពរោងចក្រ និងការចុះកិច្ចសន្យាវិនិយោគក្នុងប្រទេសចិន បានចុះធ្លាក់មិននឹកស្មានដល់ ដែលបានបង្ហាញពីភាពផុយស្រួយក្នុងប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ។
យ៉ាងណាក៏ដោយ ទិន្នន័យនេះ គឺបង្ហាញពីសញ្ញាដ៏គួរឱ្យព្រួយបារម្ភមួយសម្រាប់កំណើនពិភពលោក ដែលត្រូវបានគំរាមកំហែងដោយភាពមិនច្បាស់លាស់នៃសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស និងការរាលដាលកាន់តែធំ។ តំបន់អាស៊ីដែលផលិតទំនិញជាច្រើនរបស់ពិភពលោក បានតស៊ូក្នុងការបង្កើនផលិតកម្មនៅឆ្នាំនេះ ចំពេលមានតម្រូវការពីទីផ្សារធំៗ រួមទាំងសហរដ្ឋអាម៉េរិក និងអឺរ៉ុបកាន់តែរួមតូច។
តាមសន្ទស្សន៍អ្នកគ្រប់គ្រងការទិញដដែលបង្ហាញថា ប្រទេសជប៉ុន និងកូរ៉េខាងត្បូង នៅតែជាប់គាំងក្នុងការធ្លាក់ចុះការផលិតរបស់ខ្លួន ខណៈពេលដែលតម្លៃប្រេងចាប់ផ្តើមមានសភាពប្រសើរឡើងវិញក្រោយសង្រ្គាមនៅមជ្ឈិមបូព៌ា បាននាំឱ្យមានការប្រែប្រួលនៅក្នុងខែចុងក្រោយនេះ ហើយតម្លៃប្រេងឆៅអាចកើនឡើងបន្ថែមទៀតនៅត្រីមាសនេះ ប្រសិនបើជម្លោះរាលដាលកាន់តែធំដែរនោះ។ ប្រទេសឥណ្ឌាវិញរបាយការណ៍បង្ហាញថា ក៏បានធ្លាក់ចុះដល់កម្រិតទាបរយៈពេលប្រាំបីខែឆ្នាំនេះ លើការបញ្ជាទិញថ្មី ផលិតកម្ម និងការនាំចេញ។
ដោយឡែក ប្រទេសអាស៊ីអាគ្នេយ៍ ដែលជាធម្មតាអាចពឹងផ្អែកលើភាពខ្លាំងនៃទីផ្សារក្នុងស្រុករបស់ខ្លួនចំពោះកំណើនថាមពល ក៏ស្ថិតក្នុងការថមថយដូចគ្នា។ ប្រទេសវៀតណាម មីយ៉ាន់ម៉ា និងថៃកាន់តែយ៉ាប់យ៉ឺន ខណៈម៉ាឡេស៊ី មិនមានការផ្លាស់ប្តូរ។ មានតែប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះដែលអាចពង្រីកការផលិតរបស់ខ្លួនបានក្នុងខែតុលា ធៀបនឹងខែកញ្ញា បើទោះបីជាអត្រានៃកំណើនមានការយឺតបន្តិចក៏ដោយ។
យ៉ាងណាក៏ដោយ អ្វីដែលគេកត់សម្គាល់ខ្លាំងនោះ គឺប្រទេសចិន ដែលតាមការស្ទង់មតិដោយក្រុមហ៊ុនព្យាករ Caixin បង្ហាញពីសកម្មភាពផលិតកម្មបានធ្លាក់ចុះ។ ការព្យាករពីសន្ទស្សន៍នៅសប្តាហ៍នេះ ក៏បានបង្ហាញផងដែរ នូវសកម្មភាពរោងចក្រក្នុងប្រទេសចិន បានធ្លាក់ចុះដោយសារការអូសបន្លាយនៃថ្ងៃឈប់សម្រាកសាធារណៈក្នុងខែតុលា រួមជាមួយនឹងតម្រូវការទីផ្សារធ្លាក់ចុះ។
ដោយឡែក សន្ទស្សន៍អ្នកគ្រប់គ្រងការទិញដែលបានចេញផ្សាយកាលពីថ្ងៃពុធ ក៏បង្ហាញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងពាណិជ្ជកម្មរបស់កោះតៃវ៉ាន់ដែរ។ ក៏ប៉ុន្តែការធ្លាក់ចុះប្រាំពីរខែចុងក្រោយនៅឆ្នាំនេះ របាយការណ៍បង្ហាញថា នៅតែមិនសូវធ្ងន់ធ្ងរបើធៀបនឹងឆ្នាំមុន។
ទន្ទឹមនឹងនេះដែរ ប្រទេសកូរ៉េខាងត្បូង ទោះបីជាសន្ទស្សន៍ធ្លាក់ចុះចុងក្រោយនេះក្តី បានប្រកាសពីការកើនឡើងនៃការនាំចេញចំនួន៥,១% នៅក្នុងខែតុលា បើធៀបនឹងឆ្នាំមុន ដែលជាការកើនឡើងលើកដំបូងចាប់តាំងពីចុងឆ្នាំ២០២២ និងជាសញ្ញាបង្ហាញថា ប្រទេសនេះមានភាពធន់នឹងសេដ្ឋកិច្ចពិភពលោក៕