កូរ៉េខាងជើងបាននាំចេញគ្រាប់កាំភ្លើងជាង១លានគ្រាប់ទៅកាន់ប្រទេសរុស្ស៊ីចាប់តាំងពីដើមខែសីហាមក នេះបើយោងតាមសេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង (NIS)។ NIS ថា គ្រាប់កាំភ្លើងដែលត្រូវបានផ្តល់ឱ្យរុស្ស៊ីតាមការដឹកជញ្ជូនដោយនាវា ១០គ្រឿងផ្សេងគ្នា ដើម្បីគាំទ្រសង្គ្រាមនៅអ៊ុយក្រែន ។
លោក Yoo Sang-bum សមាជិកនៃគណបក្សកាន់អំណាច និងនៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់សភា បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា NIS បានពន្យល់សមាជិកសភាដោយនិយាយថា គ្រាប់កាំភ្លើងជាង ១ លានត្រូវបាននាំចេញ ដែលអាចប្រើប្រាស់បានជាងពីរខែនៅក្នុង សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន” ។ លោក Yoo Sang-bum បាននិយាយថា ប្រទេសកូរ៉េខាងជើងកំពុងដំណើរការរោងចក្រយោធារបស់ខ្លួន “ក្នុងសមត្ថភាពអតិបរមា ដើម្បីបំពេញតម្រូវការរបស់រុស្ស៊ីសម្រាប់ការផ្គត់ផ្គង់យោធា” ។
NIS ក៏ជឿថា កូរ៉េខាងជើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំសម្រាប់ការបាញ់បង្ហោះផ្កាយរណប ហើយបច្ចុប្បន្នកំពុងធ្វើការត្រួតពិនិត្យលើម៉ាស៊ីន និងឧបករណ៍បាញ់បង្ហោះ។ “វាហាក់បីដូចជាកូរ៉េខាងជើងបានទទួលការណែនាំបច្ចេកទេសពីរុស្ស៊ី ដោយបង្កើនឱកាសនៃការបាញ់បង្ហោះជោគជ័យ ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនៅតែប្រឈមមុខនឹងបញ្ហាទាក់ទងនឹងបច្ចេកវិទ្យា និងថវិកា ។