Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា​រកប្រាក់​បាន​ជិត ​$២៨​ លាន​ ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​កើន​ឡើងជាង ៣០០​ ភាគរយ​

Admin Alynana | Nov 02, 2023
កម្ពុជា​រកប្រាក់​បាន​ជិត ​$២៨​ លាន​ ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​កើន​ឡើងជាង ៣០០​ ភាគរយ​
Clinic narith

​ភ្នំពេញៈ ភ្ញៀវទេសចរ​បរទេស​ជាង ៦០ ​ម៉ឺន​នាក់​ បាន​ទិញ​សំ​​បុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​រយៈពេល​ ១០​ ខែ​ ដើមឆ្នាំ​២០២៤ ដែល​ជួយ​ឱ្យ​គ្រឹះ​ស្ថាន​អង្គរ​រក​ចំណូល​ពី​ការលក់​សំបុត្រ​បាន​ប្រមាណ​ជិត ២៨ ​លាន​ដុល្លារ កើន​ជាង ៣០០​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២​។ នេះ​បើ​យោងតាម​គ្រឹះស្ថាន​អង្គរ​។​

​គ្រឹះស្ថាន​អង្គរ គឺជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល​ដែល​បង្កើតឡើង​ កាលពី​ឆ្នាំ ២០១៦ ដោយ​ស្ថិតនៅក្រោម​អាណាព្យាបាល​បច្ចេកទេស​នៃ​ក្រសួង​ទេសចរ​ណ៍ និង​ស្ថិតក្រោម​អាណា​ព្យា​បាល​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​។ ការប្រមូល​ចំណូល​របស់​គ្រឹះស្ថាន​អង្គរ គឺ​រួមមាន នៅ​រមណីយដ្ឋាន​អង្គរ​, ប្រាសាទ​កោះ​កេរ​, និង​សំបុត្រ​ទូក​នៅក្នុង​កំពង់ផែ​ចុង​ឃ្នៀ​ស​។ សម្រាប់​តម្លៃ​សំបុត្រ​ចូល​ទស្ស​នា​រមណីយដ្ឋាន​អង្គរ ត្រូវបាន​ចែកចេញជា ៣ ​ប្រភេទ គឺ​សំបុ​ត្រ​ចូល​ទស្សនា ១ ​ថ្ងៃ​មានតម្លៃ ៣៧​ ដុល្លារ​, រយៈពេល ៣ ​ថ្ងៃ​តម្លៃ ៦២​ ដុល្លារ និង ៧​ ថ្ងៃ តម្លៃ ៧២​ ដុល្លារ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ កាលពី​ថ្ងៃទី​ ១ ខែវិច្ឆិកា ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ ​២០២៣ មាន​ភ្ញៀវ​បរទេស ៦០២ ៥៧០​ នាក់​ បាន​ទិញ​សំ​បុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយ​ចំណូល​បាន​ពី​ការ​​លក់​សំបុត្រ ២៧,៨៨​ លាន​ដុ​ល្លារ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន គឺ​ចំនួន​ភ្ញៀវ​ទិញ​សំបុត្រ កើនឡើង ២៥៥,៨២ ​ភាគរយ និង​ចំនួន​ប្រាក់​កើន​ឡើង ៣១២,៣៥ ​ភាគរយ​។​

​ក្រៅពី​ចំណូល​ខាងលើ​គ្រឹះ​​ស្ថាន​អង្គរ ក៏​ទទួលបាន​ចំណូល​ ៥៩០ ៩៤៨ ​ដុល្លារ​ផងដែរ ​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​ប្រាសាទ​កោះ​កេរ និង​សំបុត្រ​ទូក​នៅ​ចុង​ឃ្នៀ​ស​។​

​អនុប្រធាន​សមាគម​ម​គ្គុ​ទេ្ទ​ស​ក៍​ទេសចរណ៍​ភាសា​ចិន​កម្ពុជា​លោក គង់ សម្បត្តិ បាន​ប្រាប់សារព័ត៌មានក្នុងស្រុក​ថា បើទោះបី​ការរីក​រាលដាល​កូ​វីដ ​១៩ ពេលនេះ​លែង​ជា​ក្តីបារម្ភ​សម្រាប់​មនុស្ស​ទូទៅ ក៏​ចំនួន​ភ្ញៀវ​បរទេស​ដែល​ធ្វើដំណើរ​មក​ទស្សនា​ប្រាសាទ​នានា​ក្នុង​ខេត្តសៀមរាប​នៅមាន​ចំនួន​តិច​នៅឡើយ​បើ​ធៀប​នឹង​មុន​ឆ្នាំ​ ២០២០​។

 

​លោក​បន្តថា សម្រាប់​រយៈពេល​នៅសល់​ក្នុង​ឆ្នាំ​ ២០២៣ និង​ពេល​បន្ទាប់​គឺ​ចំនួន​ភ្ញៀវទេសចរ​បរទេស​មក​កម្ពុជា ពិសេស​ខេត្តសៀមរាប​រំពឹង​នឹង​កើនឡើង​កាន់តែច្រើន ខណៈ​ការបើក​ដំណើរការ​ព្រ​លាន​យន្តហោះ​សៀមរាប​អង្គរ​ថ្មី និង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទៅកាន់​ប្រទេស​ជាច្រើន រួមទាំង​ប្រទេស​ចិន នឹង​ជួយ​ទាក់ទាញ​ទេសចរ និង​វិនិយោគិន​ចម្រុះ​សាសន៍​ឱ្យមក​ទស្សនា​ប្រាសាទបុរាណ​ក្នុង​ខេត្តសៀមរាប​កាន់តែច្រើន​។​

​លោក​ប្រាប់ថា​៖ «​ក្នុងនាម​ជាម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​ខ្ញុំ​សង្ឃឹមថា ​ដំណើរ​ទស្សនកិច្ច និង​ជំនួប​រវាង​ថ្នាក់ដឹកនាំ​កម្ពុជា ពិសេស​ជាមួយនឹង​ប្រទេស​ចិន ​នឹង​ជួយ​ទាក់ទាញ​ឱ្យ​ភ្ញៀវទេសចរ​បរទេស​ធ្វើដំណើរ​មក​កម្ពុជា​កាន់​តែ​ច្រើន​ចាប់ពីពេលនេះ​តទៅ​»​។​

​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​និយាយថា ចំនួន​ភ្ញៀវទេសចរ​បរទេស​ធ្វើដំណើរ​មក​កម្សាន្ត​តាម​ប្រាសាទ​នានា​នៅក្នុង​ខេត្តសៀមរាប​បាន​កើនឡើង​ដោយ​សន្សឹមៗ​។ ការកើនឡើង​ក្នុង​អត្រា​យឺត​នេះ គឺ​ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​សកល​នាពេលនេះ​បានធ្វើឱ្យ​ប៉ះពាល់​ទៅដល់​កម្រិត​ចំណូល​របស់​គ្រួសារ​នីមួយៗ​។​

​ទោះបីយ៉ាងណា លោក​បាន​អះអាងថា អ្វីៗ​នឹង​ប្រែប្រួល​នៅក្នុង​ត្រីមាស​ខាងមុខ ​(​ត្រីមាស​ទី​៤) ព្រោះ​ជា​រដូវ​កាលដែល​តែងតែមាន​ភ្ញៀវ​ចូលមក​កម្សាន្ត​តាម​ប្រាសាទ​នានា​នៅក្នុង​ខេត្តសៀមរាប​ច្រើន​៕