តាមទិន្នន័យពីធនាគារកណ្តាលរបស់ពិភពលោកបានឲ្យដឹងថា ទុនបម្រុងមាសរបស់រុស្ស៊ីបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន បន្ទាប់ពីបានបំពេញបន្ថែមមាសចំនួន ៤៤ តោនទៀតនៅក្នុងខែកញ្ញា ។
យោងតាមការគណនារបស់ទីភ្នាក់ងារសារព័ត៌មាន RIA Novosti បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានបង្កើនទុនបម្រុងមាសរបស់ខ្លួនចំនួន ២ ភាគរយនៅក្នុងខែកញ្ញា ដែលនាំឲ្យបរិមាណសរុបនៃលោហៈដ៏មានតម្លៃរបស់របស់រុស្ស៊ីកើនដល់ទៅ ២,៣៦០ តោន ដែលជាចំនួនដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេស ។
តាមរយៈរបាយការណ៍នេះ ទុនបម្រុងមាសរបស់រុស្ស៊ី នៅតែមានចំនួនច្រើនជាងគេលំដាប់ទី ៥ នៅទូទាំងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ អ៊ីតាលី និងបារាំង ហើយនាំមុខប្រទេសចិនដែលមាន ២,២០០ តោន ។
បច្ចុច្បន្ន ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចរបស់ពិភពលោក នាំឲ្យប្រទេសជាច្រើនបន្ថែមមាសចូលទៅក្នុងទុនបម្រុងរបស់ខ្លួនក្នុងធនាគារកណ្តាលពិភពលោក ។ យោងតាមរបាយការណ៍ថ្មីៗនេះរបស់ក្រុមប្រឹក្សាមាសពិភពលោកបានឲ្យដឹងថា ប្រទេសចិនគឺជាអ្នកទិញមាសដ៏ធំបំផុតនៅទូទាំងពិភពលោក ក្នុងអំឡុងត្រីមាសទី ៣ នៃឆ្នាំនេះ ខណៈប្រទេសឥណ្ឌា តួកគី និងរុស្ស៊ី ស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនផ្សេងទៀត ដែលបង្កើនទុនបម្រុងរបស់ពួកគេ ៕