Alynana Media Cambodia
Icon Collap
clinic narit

អ៊ីស្រាអែលប្រកាសថា ប្រទេសណាមិនគាំទ្រខ្លួន ប្រទេសនោះគឺនៅខាងក្រុមហាម៉ាស

Admin Alynana | Nov 04, 2023
អ៊ីស្រាអែលប្រកាសថា ប្រទេសណាមិនគាំទ្រខ្លួន ប្រទេសនោះគឺនៅខាងក្រុមហាម៉ាស
Clinic narith

ក្រសួងការបរទេសអ៊ីស្រាអែលប្រកាសថា ប្រទេសណាដែលមិនគាំទ្រការឆ្លើយតបរបស់ខ្លួន ចំពោះអំពើឃោរឃៅដែលប្រព្រឹត្តដោយក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលា គឺជាអ្នកខាងក្រុមសកម្មប្រយុទ្ធនេះ។ អ្នក​នាំពាក្យ​ក្រសួងបញ្ជាក់ថា ​មិន​អាច​មាន​អព្យាក្រឹតភាព​ក្នុងជម្លោះ​នេះបាន​ទេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រទី៣ខែវិច្ឆិកា លោក Lior Hayat ចាត់ទុកចេតនារបស់អ៊ីស្រាអែល ក្នុងការលុបបំបាត់ក្រុមហាម៉ាស ថាជាគោលដៅអត្ថិភាព។ លោក​អះអាង​ថា ​ក្រុម​នេះ ​កំពុង​រៀបចំ​ផែនការ​សម្លាប់​រង្គាលដូច​ថ្ងៃ​ទី៧តុលា​ ម្តងហើយម្តងទៀត។

លោក Hayat និយាយថា “អ៊ីស្រាអែលបានទទួលការគាំទ្រពីអន្តរជាតិមិនធ្លាប់មានពីមុនមក ក្រោយការវាយប្រហារ ដោយសារតែគ្មាននរណាម្នាក់ អាចឃើញអំពើឃោរឃៅទាំងនេះ ហើយមិនយល់ពីអ្វីដែលយើងកំពុងដោះស្រាយនោះទេ។ ខ្ញុំចង់ផ្ញើសារយ៉ាងមួយទៅកាន់សហគមន៍អន្តរជាតិ៖ បើ​អ្នក​មិន​ថ្កោលទោស​ក្រុម​ហាម៉ាស​ទេ បើ​អ្នក​មិន​គាំទ្រ​សិទ្ធិ​ការពារ​ខ្លួន​របស់​អ៊ីស្រាអែល​ទេ នោះ​អ្នក​កំពុង​តែ​គាំទ្រ​ក្រុម​ហាម៉ាសហើយ”។

កាលពីថ្ងៃទី៧ខែតុលា យុទ្ធជនក្រុមហាម៉ាស បានសម្រុកចូលទឹកដីអ៊ីស្រាអែល ពីតំបន់ហ្គាហ្សា ហើយបើកការវាយឆ្មក់ទីក្រុងនិងមូលដ្ឋានយោធានៅក្បែរនោះ ដោយសម្លាប់ជនស៊ីវិលរាប់រយនាក់ ព្រមទាំងចាប់ចំណាប់ខ្មាំងជាង២០០នាក់ទៀតផង។

អ៊ីស្រាអែល​បាន​ឆ្លើយ​តបទៅវិញ ​ដោយ​ការ​ឡោមព័ទ្ធ​តំបន់​ប៉ាឡេស្ទីន ​និងទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់លើជ្រោយហ្គាហ្សា មុនពេលបើកការវាយលុកជើងគោក។

ថ្វីបើសហរដ្ឋអាមេរិកបានសន្យាគាំទ្រដោយឥតងាករេ ចំពោះសកម្មភាពរបស់អ៊ីស្រាអែលក៏ដោយ ប៉ុន្តែមានប្រទេសជាច្រើនបានរិះគន់ការឆ្លើយតបនេះថាមិនសមហេតុផល៕