មនុស្សរាប់ពាន់នាក់ដែលគាំទ្រជនជាតិប៉ាឡេស្ទីន កាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យ បានប្រមូលផ្តុំគ្នាដើរហែក្បួននៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ទីក្រុងប៉ារីស ប្រទេសបារាំង ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស រដ្ឋធានីអាតែន ប្រទេសក្រិក ទីក្រុង Adana ប្រទេសតួកគី រដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល និងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដើម្បីទាមទារឱ្យអ៊ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា។
នៅសហរដ្ឋអាមេរិក ពួកគេជាច្រើននាក់ ដែលភាគច្រើនជាប្រជាពលរដ្ឋវ័យក្មេងបានដើរតាមដងវិថីនានា ដោយមានកាន់ទង់ជាតិប៉ាឡេស្ទីន និងបដានានាដែលខ្លះបានសរសេរថា «យើងចងចាំខែវិច្ឆិកា» ដោយរិះគន់ប្រធានាធិបតីអាមេរិកលោក Joe Biden ហើយខ្លះទៀតថា សង្គ្រាមនេះនឹងក្លាយជាប្រធានបទដ៏សំខាន់សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤។ នៅទីក្រុងប៉ារីស ប្រទេសបារាំងឯណោះវិញ ក្រុមបាតុករបានជំរុញឱ្យមានកិច្ចឈប់បាញ់គ្នានៅតំបន់ហ្កាហ្សា។ ហើយនៅកណ្តាលក្រុងឡុងដ៍ ចក្រភពអង់គ្លេសវិញ ក្រុមបាតុកររាប់រយនាក់បានដើរហែក្បួនពាសពេញដងផ្លូវនានាក្នុងក្រុងផងដែរ៕