Alynana Media Cambodia
Icon Collap
clinic narit

មេដឹកនាំ​​អូស្ត្រាលី​​​សរសើរ​​​ជំនួប​​​​ជា​មួយ​​​​ប្រធានាធិបតី​​ចិន​នៅ​ក្រុង​ប៉េកាំង

Admin Alynana | Nov 08, 2023
មេដឹកនាំ​​អូស្ត្រាលី​​​សរសើរ​​​ជំនួប​​​​ជា​មួយ​​​​ប្រធានាធិបតី​​ចិន​នៅ​ក្រុង​ប៉េកាំង
Clinic narith

លោក Anthony Albanese ជា​នាយករដ្ឋមន្ត្រី​អូស្ត្រាលីដំបូង​គេ​ដែល​បានទៅ​បំពេញ​ទស្សនកិច្ចនៅ​ប្រទេសចិន​ដីគោកចាប់តាំង​ពី​ឆ្នាំ២០១៦​មក​ នៅ​ក្រោយ​រយៈពេលច្រើនឆ្នាំនៃ​ការខ្វែង​គំនិត​គ្នា។

នៅ​ពេល​មានការ​មិនចុះសម្រុងគ្នា​អំពី​បញ្ហាភូមិសាស្ត្រនយោបាយ​មួយ​ចំនួន ​មានរួម​សិទ្ធិ​មនុស្ស​និង​ប្រភព​ជំងឺ​កូវីដ​១៩ជា​ដើម​ រដ្ឋាភិបាល​ក្រុង​ប៉េកាំងបាន​ដាក់កំហិតការហាមប្រាមនិ​ងពន្ធគយលើ​ទំនិញអូស្ត្រាលីមួយ​ចំនួន​ដឹកជញ្ជូន​ចូល​ក្នុង​ប្រទេសចិន។

លោក Albanese បានស្វះស្វែង​រក​ដំណោះស្រាយមាន​ការ​ប្រឈម​ដាក់គ្នា​តិច​ជាង​មុន​នៅ​ក្នុង​ការទាក់ទង​ជាមួយ​ប្រទេស​ចិន​នៅ​ក្រោយលោកបាន​ឈ្នះឆ្នោត​នៅ​ខែ​ឧសភា​ឆ្នាំ២០២២ ​ដោយ​មាន​គោលដៅធ្វើឱ្យ​ទំនាក់ទំនងមាន​ស្ថិរភាព​ជាមួយដៃ​គូពាណិជ្ជកម្ម​ធំ​របស់​អូស្ត្រាលី ​នៅពេល​ទទួល​ស្គាល់​ថា​មានការ​ខ្វែង​គំនិត​គ្នា​ក្នុង​វិស័យ​ខ្លះ។

លោក Albanese បាននិយាយថា​ជំនួប​កាលពីថ្ងៃ​ចន្ទទី៦ ខែវិច្ឆិកា​ជាមួយប្រធានាធិបតី​ចិន​លោក Xi Jinping ​ជា​«ជំនួប​សុឆន្ទៈ​មួយ»។​ លោក​បានលើកករណី​អ្នក​និពន្ធ​និង​សកម្មជន​ប្រជាធិបតេយ្យលោក​ Yang Hengjun ​ដែលអាជ្ញាធរ​ចិន​បាន​ចាប់​ឃុំឃាំងជិត​ប្រាំ​ឆ្នាំ​មក​ហើយ។

ពួកមន្ត្រី​រដ្ឋាភិបាលអូស្ត្រាលីសង្ឃឹម​ថាការរឹតត្បិតចុង​ក្រោយ​បង្អស់របស់​ចិន​លើ​ទំនិញ​ដែលអូស្ត្រាលីដឹក​ជញ្ជូនទៅប្រទេស​ចិន​ មានរួម​ម្ហូប​សមុទ្រនិ​ង​សាច់គោ​នឹង​ត្រូវ​លុប​ចោលមិន​ហួសពីដំណាច់ឆ្នាំ​នេះ​ទេ។ ​ចិនក៏បាននិយាយដែរថាខ្លួន​នឹងពិនិត្យ​សើរើ​ពន្ធដារ​ក្នុង​រយៈពេល​ប្រាំ​ខែនូវពន្ធដារ​ដែលខ្លួន​បាន​ដាក់កំហិត​លើ​ស្រាទំពាំងបាយ​ជូរ​អូស្ត្រាលី។

លោក Albanese ​បាន​និយាយ​ប្រាប់​ពួក​អ្នកកាសែត​នៅក្រុង​ប៉េកាំងថាកិច្ច​ចរចារបស់​លោក​ជា​មួយមេដឹកនាំ​ចិនរូប​នេះ​ ទូលំទូលាយ។

«ខ្ញុំ​បាន​ពិភាក្សាបញ្ហាអន្តរជាតិ​ជាមួយ​ប្រធានាធិបតី​ Xi ​និងអំពីសារៈសំខាន់​នៃ​ស្ថិរភាព​ក្នុង​តំបន់និងការ​បើក​ចំហ​បណ្តាញគមនាគមន៍។ យើងក៏បានពិភាក្សា​គ្នា​ដែរអំពី​ទំនាក់​ទំនង​ទ្វេភាគី។ ខ្ញុំ​បាន​លើក​ឡើងអំពី​បញ្ហាកុងស៊ុល​និង​បញ្ហាសិទ្ធិមនុស្សនៅ​ក្នុង​ជំនួប​នេះ​ដែរ»។

ប៉ុន្តែ​ លោក Simon Birmingham សមាជិក​ព្រឹទ្ធសភា​គណបក្សសេរីនិយម​ជាគណបក្ស​ប្រឆាំង​បាននិយាយប្រាប់បណ្តាញ​វិទ្យុនិង​ទូទស្សន៍អូស្ត្រាលី Australian Broadcasting Corp. កាលពី​ថ្ងៃអង្គារ​ទី​៧ខែ​វិច្ឆិកាថារដ្ឋាភិបាល​ក្រុងកង់បេរ៉ា​ត្រូ​វ​តែប្រុង​ប្រយ័ត្ន​អំពី​មហិច្ឆតារបស់ចិន។

«យើងបានឃើញ​ប្រធានសន្តិសុខអន្តរជាតិនៃ​ប្រទេស​អូស្ត្រាលី​និងពួក​ប្រធានសន្តិសុខអន្តរជាតិឯទៀតៗបានធ្វើ​ការព្រមាន​ថ្មីៗ​អំពី​ចារកម្ម​តាម​អ៊ីនធឺណិត​ពី​ ចិន។ ​យើង​បានឃើញកងនាវាចម្បាំង​ចិន​ធ្វើ​សកម្មភាព​គឃ្លើន​ប្រឆាំងនឹង​ប្រទេស​ហ្វីលីពីនក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ទោះជាទស្សនកិច្ច​នេះមាន​ភាពវិជ្ជមានក៏​ដោយ​ ក៏​រដ្ឋាភិបាល​លោក Albanese​ មិនត្រូវ​មើល​ឃើញតែចំណុច​ល្អៗ​ទេ​ គួរពិនិត្យមើលឧបសគ្គ​ដែលមាននៅ​ទីនោះ​ដែរ»។

ប្រទេស​ចិន​មានប្រមាណមួយ​ភាគបីនៃពាណិជ្ជកម្មសាកល​របស់​អូស្ត្រាលី។ ពួក​អ្នក​វិភាគនិយាយ​ថា​ចិនពឹងពាក់​ខ្លាំង​លើវត្ថុធាតុ​ដើម​អូស្ត្រាលី​មានរួម​រ៉ែដែក​និង​ឧស្ម័ន​ធម្មជាតិ​រាវដើម្បីកសាង​សេដ្ឋកិច្ចខ្លួន។

លោក Albanese បានអញ្ជើញលោក Xi ឱ្យ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អូស្ត្រាលី​ក្នុង​អនាគត​ឆាប់ៗ​នេះ​ ចំណែក​ឯប្រធានាធិបតី​ចិន​វិញក៏បាន​សុំឱ្យនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​វិល​មក​ប្រទេស​ចិន​វិញ​និង​ទៅ​ទស្សនា​ផ្នែក​ឯ​ទៀតៗរបស់​ប្រទេស​នេះ​ផង​ដែរ៕