ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសមិនឱ្យមានគោលការណ៍ចំពោះការ តវ៉ាលើលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះនោះទេ។ នេះបើតាមការបញ្ជាក់ជាថ្មីរបស់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក្រោយពេលដែលការប្រឡងត្រូវបានបិទបញ្ចប់។
លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ ថ្លែងប្រាប់នាថ្ងៃទី៨ ខែវិច្ឆិកានេះថា ការមិនមានគោលការណ៍ឱ្យតវ៉ានេះ ក៏ដោយសារតែ ការធ្វើកំណែក៏ដូចជាការបូកស្រង់ពិន្ទុ គឺរៀបចំដោយភាពត្រឹមត្រូវ និងប្រុងប្រយ័ត្នគ្រប់ជំហានទាំងអស់។
លោកជំទាវ បានឱ្យដឹងថា នៅថ្ងៃទី ៨ខែវិច្ឆិកានេះ ក្រសួងអប់រំបានចាប់ផ្ដើមដឹកសន្លឹក កិច្ចការប្រឡងបាក់ឌុបទូទាំងប្រទេសមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ សន្លឹកកិច្ចការទាំងនោះ ក៏ត្រូវបែកចែកទៅតាមមណ្ឌលកំណែផ្សេងទៀតទៅតាមមុខវិជ្ជានីមួយៗ ដោយមណ្ឌលកំណែសរុបមានចំនួន ១០មណ្ឌល។ ចំណែកលទ្ធផលប្រឡងនឹងប្រកាសជូនបេក្ខជននៅថ្ងៃទី ២៧ ខែវិច្ឆិកា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល រីឯកបណ្ដាខេត្តផ្សេងទៀត ត្រូវប្រកាសថ្ងៃទី ២៨ ខែវិច្ឆិកា។
លោកជំទាវបញ្ជាក់ថា ក្នុងដំណាក់កាលបូកស្រង់ពិន្ទុ ក៏ត្រូវបានរៀបចំដោយយកចិត្តទុកដាក់បំផុត និងរក្សាភាពសម្ងាត់ផងដែរ។ មន្រ្តីជំនាញបានពិនិត្យរួចរាល់ នូវប្រព័ន្ធបញ្ចូលពិន្ទុ និងមានការបណ្ដុះបណ្ដាលត្រឹមត្រូវ ដល់មន្ត្រីជំនាញធ្វើការលើការងារនេះ។
សូមជម្រាបថា ក្រោយបញ្ចប់ការប្រឡងកាលពីម្សិលម៉ិញ ក្រសួងអប់រំ បានវាយតម្លៃថា តាមមណ្ឌលប្រឡងនីមួយៗមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ព្រមទាំងបានអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួង។ ខណៈមានបេក្ខជន អវត្តមានចំនួន ២.៣២៨ នាក់ ស្មើនឹង ១,៦៩ ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប។ ក្នុងនោះមានបេក្ខជនមានបញ្ហាសុខភាព ៨៥ករណី ក្នុងនោះបេក្ខជនមានបញ្ហាសុខភាពមិនអាចបន្តការប្រឡងបានចំនួន៥ករណី៕