Alynana Media Cambodia
Icon Collap
clinic narit

ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរខួប​អនុស្សាវរីយ៍​លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស

Media LNN | Nov 10, 2023
ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរខួប​អនុស្សាវរីយ៍​លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស
Clinic narith

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជា​អធិបតីក្នុងពិធីអបអរ​សាទរ​ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស។

យោងតាមឯកសារនានា បានឱ្យដឹងថា បញ្ជាការដ្ឋានទ័ពពិសេស មានឈ្មោះ​ដើម​ថា «កងអនុសេនាធំទ័ពឆត្រយោងកម្ពុជា» បង្កើតឡើងដោយ​ព្រះរាជ​ក្រម​​​លេខ ៤២៦ នស ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៤៨។ ប៉ុន្តែអង្គភាពទ័ព​មួយ​នេះត្រូវបានរលំ​រលាយបាត់ឈ្មោះពីលើទឹកដីកម្ពុជា ក្នុងរបប​ប្រល័យពូជ​សាសន៍​ប៉ុលពត ចន្លោះពីខែមេសាឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩។ លុះដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ក្នុងសម័យព្រះរាជាណាចក្រកម្ពុជា​ទី២​នេះ ទើបអង្គភាពទ័ពមួយនេះត្រូវបានបង្កើតឡើងវិញ ដោយមានឈ្មោះ​ថា «កងវរសេនាធំទ័ពពិសេសឆត្រយោង៩១១» ហើយសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបង្កើតអង្គភាពនេះដោយផ្ទាល់។ លុះក្រោយមក​នៅ​ឆ្នាំ​១៩៩៩ ​អង្គ​ភាពទ័​ពមួ​យនេះ​ ​បាន​ប្រែក្លាយ​ជា​ «កង​ពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង​៩១១» ​វិញ។​

លុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជា​នាយក​រដ្ឋ​មន្ត្រីនៅពេលនោះ បានសម្រេចកែសម្រួលឈ្មោះអង្គភាពទ័ព​មួយ​នេះ ពី «កង​ពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង​៩១១» ទៅជា «បញ្ជាការដ្ឋាន​ទ័ព​ពិសេស» ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក។

បញ្ជាកា​រដ្ឋាន​​ទ័ពពិសេស ជាអង្គភាពទ័ពមួយ ដែលបានចូលរួមធ្វើ​សកម្ម​ភាព​ដ៏អង់អាចក្លាហានក្នុងបុព្វហេតុជាតិ និងប្រជាជន។ ក្នុងរយៈពេល២៨ឆ្នាំ​កន្លង​មកនេះ វីរយុទ្ធជន វីរយុទ្ធនារី ទាំងអស់ នៃបញ្ជាកា​រដ្ឋាន​​ទ័ពពិសេស បានធ្វើពលីកម្មបូជាអាយុជីវិត សាច់ស្រស់ ឈាមស្រស់ ឆន្ទៈស្មារតី កម្លាំងកាយ​ពល និងពេលវេលា ដោយគ្មានខ្លាចការលំបាកនឿយហត់ ចូលរួមភារកិច្ចប្រយុទ្ធ ប្រឆាំងការវិលត្រឡប់មកសារជាថ្មីរបស់របប ប៉ុល ពត ប្រល័យពូជសាសន៍។

វីរយុទ្ធជន វីរយុទ្ធនារី ទាំងអស់ នៃបញ្ជាកា​រដ្ឋាន​​ទ័ពពិសេស បានចូលរួម​គោ​រព និងអនុវត្តនូវយុទ្ធសាស្ត្រ​នយោ​បាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរស្វែង​រក​សន្តិភាព បង្រួបបង្រួមជាតិ ឯកភាពទឹកដី រហូត​ទទួល​បានការបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាមិនធ្លាប់ទទួលបានសន្តិភាព និងការឯកភាពទឹកដីក្នុងរយៈពេលជាង៥០០ឆ្នាំ។

ក្រៅពីភារកិច្ចស្នូល អង្គភាពបានចាត់តាំងកម្លាំង ចូលរួមនូវរាល់កិច្ចការ​សង្គម​រក្សាបានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពង្រឹងមូលដ្ឋាន ដោយអនុវត្ត​តាម​គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់ រាជរដ្ឋាភិបាល ធ្វើឱ្យ​ភូមិ​ឃុំទទួលបានភាពសុខដុមរមនា ប្រជាជនរស់នៅប្រកបរបរចិញ្ចឹមជីវិត ប្រកបដោយភាពសុខសាន្ត និងសុភមង្គល។ បន្ថែមពីលើនោះ បញ្ជាការដ្ឋាន​ទ័ព​ពិសេស ត្រៀមកម្លាំងមធ្យោបាយ, សម្ភារៈ, ស្បៀងអាហារជាប់ជានិច្ច ក្នុង​ជួយ​សង្គ្រោះ​ប្រជាជន នៅពេលមានគ្រោះ ភ័យដូចជា៖ អគ្គិភ័យ, ទឹកជំនន់, គ្រោះធម្មជាតិ បង្កឡើងដោយកត្តាមនុស្សដោយកត្តាធម្មជាតិ និងគ្រោះ​មហន្ត​​រាយផ្សេងៗ ដែលកើតឡើងជាយថាហេតុ៕