ចាប់ពីដើមឆ្នាំ២០២៥ ដីមិនប្រើប្រាស់ក្រោម៥ហិចតា នឹងត្រូវទទួលបានការលើកលែងពន្ធ។ នេះជាការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ដោយសម្រេចក៏បានលើកឡើងផងដែរពីលក្ខខណ្ឌមួយចំនួនសម្រាប់ដីមិនប្រើប្រាស់លើសពី៥ហិចតា។
បើតាមសម្តេច ហ៊ុន ម៉ាណែត ទីមួយ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនប្រើប្រាស់សំដៅដល់ដីដែលនៅក្រៅតំបន់ដែលជាប់ពន្ធអចលនទ្រព្យ។ ទីពីរ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានអនុញ្ញាតឱ្យកាត់ចេញ៥ហិចតាក្នុងមួយកន្លែង។
សម្តេចគូសបញ្ជាក់ថា៖ «ពីដើមធ្លាប់កាត់១២០០ការ៉េ គិតថា ជាលំនៅដ្ឋាន ក្រោយមកលុប១២០០ការ៉េ យើងគិតដូច១០០លាន តែឥលូវយើងគិតកុំឱ្យពិបាក។ ៥ហិចតាចុះ លែងគិតដីមិនប្រើប្រាស់ទៀតទេ»។ សម្តេចពន្យល់ថា
ការលើកលែង និងលក្ខខណ្ឌបន្ធបន្ថយពន្ធលើដីមិនប្រើប្រាស់ ជាការបញ្ច្រៀសការយកពន្ធត្រួតគ្នា និងមិនឱ្យប៉ះពាល់ដល់ប្រជាជនទូទៅ។
ប្រមុខរដ្ឋាភិបាល អះអាងថា គោលដៅនៃការដាក់ពន្ធ គឺធ្វើយ៉ាងម៉េចកុំឱ្យដីទុកចោលធំពេក ដោយសម្តេចណែនាំឱ្យម្ចាស់ដីយកដីទៅប្រើប្រាស់ដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ច ជាជាងការទុកចោលឱ្យនៅទំនេរ។
ចំពោះដីទំហំលើស៥ហិច អាចរួចពន្ធក្នុងលក្ខខណ្ឌមួយចំនួន រួមមាន ដីកសិកម្មកំពុងបង្កបង្កើនផល ដីបម្រើសកម្មភាពសេដ្ឋកិច្ច ដែលមានលិខិតស្នាមច្បាស់លាស់, ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល, ទីបួន, ដីដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាល ឬស្ថាប័នរបស់រដ្ឋាភិបាល, ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ ឬដីធ្លីរបស់សហគមន៍, ដីដែលរដ្ឋជួលសម្រាប់សកម្មភាពសេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យា ឬកិច្ចព្រម, ដីក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលប្រើប្រាស់ផ្ទាល់ដល់សកម្មភាពកសិកម្ម, ឧស្សាហកម្ម និងសេវាកម្ម និងដីដែលចុះបញ្ជីទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្តេច ហ៊ុន ម៉ាណែត បានក្រើនរំលឹកថា ក្នុងករណីដីដែលបានសុំរួចពន្ធហើយ ប៉ុន្តែមិនមានសកម្មភាព ដូចជាសុំធ្វើសាលា ប៉ុន្តែជាមិនធ្វើ ហើយលក់ចេញដោយសារត្រូវប៉ាន់ ម្ចាស់ដីត្រូវតែបំពេញកាតព្វកិច្ចបង់ពន្ធជាធរមាន។
សម្តេចបានបញ្ជាក់ថា៖ «ពន្ធលើដីធ្លីមិនប្រើប្រាស់ស្របតាមគោលការណ៍ខាងលើនឹងចាប់ផ្តើមអនុវត្តពីដើមឆ្នាំ២០២៥ គឺទុក១៣ខែជាអន្តរកាលជាពិសេសសម្រាប់អ្នកដែលមានដីធំ លើសពី៥ហិចតាដើម្បីប្រែ»៕