ធនាគារកំពូលៗទាំង៤នៅសហរដ្ឋអាម៉េរិក ទទួលបានប្រាក់ចំណេញកើនឡើងស្ទើរតែពាក់កណ្តាលនៅក្នុងត្រីមាសទី៣ឆ្នាំនេះ ជាការបង្ហាញពីផលប្រយោជន៍ ដែលកំពុងតែកើនឡើងនៅក្នុងយុគសម័យថ្មីនៃអត្រាការប្រាក់កាន់តែខ្ពស់ និងកាន់តែយូរនេះ។ ជាមួយគ្នានេះ ការរួមបញ្ចូលគ្នារវាងធនាគារ UBS និងCredit Suisse កំពុងប្រឈមនឹងការត្រួតពិនិត្យមើលបទប្បញ្ញត្តិយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
យុគសម័យនៃអត្រាការប្រាក់ខ្ពស់នេះបានផ្តល់ផលប្រយោជន៍ដល់ស្ថាប័នហិរញ្ញវត្ថុធំៗនៅសហរដ្ឋអាម៉េរិកច្រើនជាងគូប្រជែងតូចៗដទៃទៀត។ ជាក់ស្ដែងប្រាក់ចំណូលរបស់ធនាគារធំៗចំនួន៤នៅសហរដ្ឋអាម៉េរិក រួមមានធនាគារ JPMorgan Chase ធនាគារ Bank of America ធនាគារ Wells Fargo និងធនាគារ Citigroup បានកើនឡើង២៣%។ នេះបើតាមទិន្នន័យរបស់ទីភ្នាក់ងារ BankRegData ដែលបានប្រមូលរបាយការណ៍ប្រចាំត្រីមាសពីអ្នកផ្ដល់កម្ចីទៅដល់សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ។
ក្នុងចំណោមធនាគារជិត៤ពាន់៤រយ នៅសហរដ្ឋអាម៉េរិក គឺមានធនាគារធំៗទាំង៤ខាងលើ បានក្តោបចំណែក៤៥%នៃប្រាក់ចំណេញសរុបរបស់ឧស្សាហកម្មនេះ នៅក្នុងត្រីមាសទី៣ឆ្នាំនេះ ពោលគឺបានកើនឡើងពីអត្រា៣៥% កាលពីឆ្នាំមុន និងកើនឡើងជាមធ្យមជិត៤០%ក្នុងរយៈពេល១០ឆ្នាំ។ ផ្ទុយទៅវិញ គឺថាប្រាក់ចំណេញនៅស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតទាំងអស់បានធ្លាក់ចុះជាមធ្យម១៩% នៅក្នុងត្រីមាសដដែលនេះ ដែលវាគឺជាការធ្លាក់ចុះដ៏ធំបំផុតរបស់ពួកគេចាប់តាំងពីប៉ុន្មានខែដំបូងនៃការរាតត្បាតជំងឺកូវីដ-១៩។
លោក អាឡិកសេនដឺ យ៉ូគុម (Alexander Yokum) ជាអ្នកតាមដានធនាគារក្នុងតំបន់សម្រាប់ទីភ្នាក់ងារស្រាវជ្រាវ CFRA បាននិយាយថា ធនាគារធំៗជាងគេមិនមានសម្ពាធប្រាក់បញ្ញើច្រើនទេ ហើយថា គេឃើញអត្រាការប្រាក់សុទ្ធរបស់ធនាគារតូចៗត្រូវបានប៉ះពាល់ខ្លាំងជាងធនាគារធំៗ។
ទោះយ៉ាងណា និយាយជារួមគឺថា ប្រាក់ចំណេញក្នុងវិស័យធនាគារបានធ្លាក់ចុះ៥% នៅក្នុងត្រីមាសទី៣ឆ្នាំនេះ ហើយមូលហេតុនៃការធ្លាក់ចុះនេះ គឺដោយសារតែការអូសបន្លាយពេលនៃការខាតបង់លើការផ្តល់ប្រាក់កម្ចី និងការវិនិយោគលើទីផ្សារមូលបត្របំណុល ក៏ដូចជាការកើនឡើង២៦០%នៃការចំណាយលើអត្រាការប្រាក់ ដែលធនាគារត្រូវបង់ទៅឱ្យអ្នកដាក់ប្រាក់បញ្ញើ ដើម្បីទាក់ទាញពួកគេកុំឱ្យទៅរកកន្លែងផ្សេងទៀត។ នេះបើតាមទិន្នន័យ BankReg Data។
ទន្ទឹមនឹងនេះដែរ អាជ្ញាធរត្រួតពិនិត្យទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសស្វីស ហៅកាត់ថា FINMA កំពុងតាមដានយ៉ាងដិតដល់លើដំណើរការសមាហរណកម្មរបស់ធនាគារសំខាន់ចំនួន២ គឺធនាគារ UBS និងធនាគារ Credit Suisse បន្ទាប់ពីធនាគារទាំង២នេះបានរួមបញ្ចូលគ្នាដ៏ប្រញាប់ប្រញាល់កាលពីដើមឆ្នាំនេះ។
និយ័តករធនាគារនេះមានការព្រួយបារម្ភពីហានិភ័យខ្ពស់នៃការវាយប្រហារតាមអ៊ីនធឺណិត ការរំខានផ្នែកព័ត៌មានវិទ្យា និងការក្លែងបន្លំដោយសារកង្វះនៃការពិនិត្យមើលហានិភ័យដ៏ទូលំទូលាយ។ នេះបើតាមរបាយការណ៍ស្ដីពីហានិភ័យប្រចាំឆ្នាំរបស់អាជ្ញាធរ FINMA ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា។
ការរួមបញ្ចូលគ្នានេះមានផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុសម្រាប់ធនាគារ UBS ផងដែរ។ ធនាគារនេះបានរាយការណ៍ពីការខាតបង់ប្រចាំត្រីមាសលើកដំបូងក្រោយពីការច្របាច់បញ្ចូលគ្នាដោយសារតែការចំណាយលើការទិញយកធនាគារ Credit Suisse ជាង២ពាន់លានដុល្លារ ជាហេតុធ្វើឱ្យម្ចាស់ភាគហ៊ុនខាតបង់ប្រាក់ចំនួន៧៨៥លានដុល្លារ៕